ដំណឹងរីករាយ! NASA ប្រកាសថា James Webb ទើបបញ្ចេញ «ខែលការពារពន្លឺព្រះអាទិត្យ ៥ស្រទាប់» យ៉ាងពេញលេញ!

1,764

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសឲ្យដឹងថា តេឡេស្កូបអវកាស James Webb ដែលមានតម្លៃជិត ១០ពាន់លានដុល្លារ ទើបតែបានបញ្ចេញខែលការពារពន្លឺព្រះអាទិត្យ (sunshield) ចំនួន ៥ស្រទាប់ដ៏ស្មុគស្មាញរបស់វា ប្រកបដោយជោគជ័យកាលពីថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។

បើតាមសេចក្តីថ្លែងការណ៍ពីទីស្នាក់ការរបស់ ក្រុមការងារគ្រប់គ្រងបេសកកម្ម James Webb ស្ថិតនៅទីក្រុង Baltimore រដ្ឋ Maryland ភាគខាងកើតសហរដ្ឋអាមេរិក បានឲ្យដឹងថា «ខែលការពារពន្លឺព្រះអាទិត្យទាំង ៥ស្រទាប់ ត្រូវបានពន្លាត់់ចេញដោយពេញលេញហើយ»។

លោក Bill Ochs អ្នកចាត់ចែងប្រតិបត្តិការ James Webb បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅមុនការទទួលទទួលបានជោគជ័យនេះថា «នៅពេលដែលអ្នកបានសួរខ្ញុំថា តើអ្វីទៅដែលធ្វើឲ្យខ្ញុំគេងមិនលក់ស្ទើររាល់យប់នោះ… ចម្លើយគឺការបញ្ចេញខែលការពារពន្លឺព្រះអាទិត្យនេះឯង»។

ដំណឹងរីករាយ! NASA ប្រកាសថា James Webb ទើបបញ្ចេញ «ខែលការពារពន្លឺព្រះអាទិត្យ ៥ស្រទាប់» យ៉ាងពេញលេញ!

តេឡេស្កូបដែលមានទំហំខ្លួនប៉ុន តារាងវាយ tennis មួយនេះ ត្រូវបានការពារដោយខែលទប់ពន្លឺពីព្រះអាទិត្យ ដែលមានសណ្ឋានដូចជាខ្លែង នោះទើបអនុញ្ញាតឲ្យឧបករណ៍ពិសេសៗលើខ្លួនវា ដូចជាកញ្ចក់ស្រូបពន្លឺ និងឧបករណ៍ចាប់រលកពន្លឺ Infrared អាចដំណើរទៅបាន ក្នុងការចាប់យកពន្លឺស្រាលៗ នៅក្នុងចក្រវាលនេះ។

បើតាមក្រុមការងារ NASA ខាងលើនេះ ស្រទាប់ការពារពន្លឺព្រះអាទិត្យ ត្រូវបានបញ្ចេញម្តងបន្តិចៗ រហូតចប់រួចជាស្រេចទាំង ៥ស្រទាប់នៅក្នុងរយៈពេល ២ថ្ងៃ។ ដោយសារតែតួតេឡេស្កូបអវកាស James Webb ធំខ្លាំងពេក, ហេតុដូច្នេះទើបអង្គការ NASA, ESA (អឺរ៉ុប) និង CSA (កាណាដា) បានកែច្នៃវាទៅជាទម្រង់បត់ ដើម្បីឲ្យវាអាចត្រូវបានដាក់បញ្ចូលទៅក្នុងក្បាលគ្រាប់រ៉ុក្កែតបាន ហើយកិច្ចការនេះ ពិតជាស្មុគស្មាញបំផុត មិនធ្លាប់មានឡើយនៅក្នុងប្រវត្តិសាស្ត្រ នៃការបាញ់បង្ហោះតេឡេស្កូបអវកាស។

គួរបញ្ជាក់ថា តេឡេស្កូបអវកាស James Webb ត្រូវបានបញ្ជូនចេញពីភពផែនដី កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងនៅទីក្រុងវ៉ាស៊ីតោន) ហើយគិតត្រឹមថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វាបានចល័តទៅដល់ជាងពាក់កណ្តាល នៃផ្លូវធ្វើដំណើររបស់វាហើយ នោះគឺទៅកាន់គន្លងគោចរ L2 ដែលមានចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី។

James Webb នឹងអាចសម្លឹងឃើញពន្លឺកាលពីអតីតកាលប្រមាណ ១៣.៥ពាន់លានឆ្នាំ ឬស្មើនឹងកំលុងពេលដំបូងៗបំផុត នៃការកកើតចក្រវាល (universe) មួយនេះ ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រគណនាថា មានអាយុកាលជាង ១៣.៨ពាន់លានឆ្នាំ។ James Webb ក៏នឹងអាចសិក្សាអំពីភពអេលៀនផងដែរ តាមរយៈការឆ្លុះមើលធាតុគីមីផ្សំ នៅក្នុងបរិយាកាសនៃបណ្តាភព exoplanet ដ៏គួរឲ្យសង្ស័យនានា ដែលតេឡេស្កូបមុនៗបានរកឃើញរួចមកហើយ ប៉ុន្តែមិនទាន់អាចកំណត់ព័ត៌មានឲ្យបានជាក់លាក់ ព្រោះតែសមត្ថភាពពួកវានៅមានកម្រិត៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ AFP (ថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២)

480×240 Banner