ប្រទះឃើញ «ផ្លេកបន្ទោរ» ជាលើកដំបូងនៅភពអង្គារ! តើនេះមានន័យដូចម្តេច? (មានវីដេអូ)

880

(បរទេស)៖ បន្ទាប់ពីការសិក្សា និងងឿងឆ្ងល់អស់ជាច្រើនទសវត្សរ៍ នៅទីបំផុតក្រុមអ្នកវិទ្យាសាស្ត្រតាមរយៈយានស្រាវជ្រាវភពអង្គារ (Mars) ឈ្មោះ Perseverance របស់អង្គការ NASA សហរដ្ឋអាមេរិក បានប្រទះឃើញជាលើកដំបូងនូវ «ផ្លេកបន្ទោរ (lightning)» នៅលើភពក្រហមហើយ។ ប៉ុន្តែឈប់សិន! តើការប្រទះឃើញបាតុភូតមួយនេះមានន័យដូចម្តេច?

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

សម្រាប់ផ្លេកបន្ទោរខាងលើនេះ គឺមានទម្រង់តែមួយឆ្វាចតូចប៉ុណ្ណោះ ដែលយាន Perseverance បានចាប់សញ្ញាបាននៅពីមុខព្យុះធូលីរបស់ (dust-storm ឬ dust devils) ដែលតែងតែកើតឡើងជារឿយៗលើភពក្រហមនោះ និងសូម្បីតែក្នុងរណ្តៅ Jezero ដែលយានកង់ របស់ NASA មួយនេះបានចុះទៅដល់តាំងតែពីខែកុម្ភៈ ឆ្នាំ២០២១។

ពិតណាស់! ផ្លេកបន្ទោរនេះគឺជាសញ្ញាយ៉ាងច្បាស់លាស់ដំបូងនៃការមាន «ថាមពលអគ្គិសនី» នោះឯង ហើយវាអាថ៌កំបាំងដែលក្រុមអ្នកវិទ្យាសាស្ត្រ ចង់ស្វែងរកជាយូរណាមកហើយ។ វាគឺជាការបកស្រាយចម្ងល់ចំពោះប្រភពដើមនៃពពួក អុកស៊ីដង់ (oxidants) ដូចជា អ៊ីដ្រូសែន ពែរអុកស៊ីដ (hydrogen peroxide) ដែលត្រូវបានរកឃើញលើភពក្រហមនោះ ដោយយានរបស់អង្គការ NASA កាលពីឆ្នាំ២០០៣

យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ NASA បានពន្យល់ថា ពពួកអុកស៊ីដង់ទាំងនោះអាចធ្វើប្រតិកម្មជាមួយពពួកម៉ូលេគុកអូកានិច (organic molecules) ហើយក៏អាចបំផ្លាញ ភស្តុតាងផ្នែកជីវសាស្ត្រ (biosignatures) ខណៈប្រតិកម្មគីមីផ្សេងៗទៀតដែលបង្កឡើងដោយផ្លេកបន្ទោរនោះ អាចបង្កើតចេញទៅជាម៉ូលេគុលអូកានិចថ្មីៗ។ ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវនៃទីក្រុង Toulouse ប្រទេសបារាំងបានប្រាប់ សារព័ត៌មាន SPACE ថា «វាពិតជារឿងដ៏គួរឲ្យរំភើប… វាជាការបើកទំព័រថ្មីមួយ នៃការស្រាវជ្រាវចំពោះភពអង្គារ…»។

ការរកឃើញផ្លេកបន្ទោរនោះ គឺមិនមែនតាមរយៈកាមេរ៉ា ឬប្រព័ន្ធសិនស័រអ្វីនោះទេ តែគឺតាមរយៈឧបករណ៍ស្រូបសំឡេង (microphone) របស់ Perseverance ទៅវិញ។ ការស្តាប់សំឡេងថតដោយមីក្រូហ្វូនរបស់ Perseverance ដែលមានរយៈពេល ២៩ម៉ោង នៅក្នុងបេសកកម្ម ២ឆ្នាំ នៃភពអង្គារផ្ទាល់នោះ បាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រខាងលើ ចាប់បានសំឡេងផ្ទុះមួយប្រភេទដែលគេហៅថា overshoot មានរយៈពេលមិនដល់ ៤០មីក្រូវិនាទីនោះទេ ហើយបន្ទាប់មកក៏មានសំឡេង overshoot មួយទៀតជាលក្ខណៈធ្លាក់ចុះនៃអ៊ិចស្ប៉ូណង់ស្យែលដែលមានរយៈពេល ៨មីល្លីវិនាទី។ ពិតណាស់ សំឡេងទាំងនេះគឺបង្កឡើងដោយបាតុភូតផ្លេកបន្ទោរដូចដែលត្រូវបានរៀបរាប់នៅខាងដើម។

(Image Credit: NASA/JPL-Caltech)

បន្ថែមពីនេះ ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Cardiff របស់អង់គ្លេស ក៏បានពន្យល់ផងដែរថា នៅលើភពផែនដីរបស់យើង ផ្លេកបន្ទោសគឺតែងតែត្រូវបានបង្កឡើងភាគច្រើន ដោយការកកិតគ្នារវាងភាគល្អិតនៃទឹកកកនៅក្នុងពពក ព្រោះតែក្នុងបរិយាកាសភពផែនដី ពោពេញដោយទឹក។ ដោយឡែកសម្រាប់ភពអង្គារវិញ ផ្លេកបន្ទោរអាចកកើតឡើងដោយសារតែការកកិតគ្នារវាងភាគល្អិតនៃធូលី ហើយយើងក៏អាចឃើញបាតុភូតស្រដៀងភពអង្គារលើផែនដីយើងដែរ នោះគឺនៅមាត់ភ្នំភ្លើងដែលមានផ្សែងផេះជះឡើង។

បើយើងធ្វើការប្រៀបធៀបថាមពលដែលភពអង្គារផលិត តាមរយៈផ្លេកបន្ទោរខាងលើនេះ គឺអាចបានតែ ១៥គីឡូវ៉ុល/ម៉ែត្រក្រលាប៉ុណ្ណោះ ខណៈលើភពផែនដីវិញ គឺអាចរហូតដល់ ៣ម៉េហ្គាវ៉ុល/ម៉ែត្រក្រលាឯណោះ។ ប្រការនេះ គឺព្រោះតែបរិយាកាសផែនដីក្រាស់ ហើយពោពេញដោយ អាសូត និងអុកស៊ីហ្សែន ខណៈភពអង្គារវិញស្តើងខ្លាំង ហើយពោពេញដោយកាបូនឌីអុកស៊ីត។ បើគិតពីកម្លាំងជាក់ស្តែងវិញ ថាមពលផ្លេកបន្ទោរដ៏ខ្សោយលើភពអង្គារ គឺមិនខុសអ្វីពីអ្នកយកប៉េងប៉ោង (ប៉ោងៗ) មកដាក់ជិតស្បែករបស់អ្នកហើយវាស្រូបទាញរោម ឬសក់របស់អ្នកទៅនោះឡើយ…។

ប្រទះឃើញ «ផ្លេកបន្ទោរ» ជាលើកដំបូងនៅភពអង្គារ! តើនេះមានន័យដូចម្តេច? (មានវីដេអូ)
រូបតំណាងនៃផ្លេកបន្ទោរកកើតឡើងនៅក្នុងព្យុះធូលីនៃភពអង្គារ (Image Source: SPACE via NASA)

តែយ៉ាងណា នេះជារបកគំហើញថ្មីដែលបានមកពីការសង្ស័យជាយូររបស់យើង ហើយវាមានប្រយោជន៍ដល់ការស្រាវជ្រាវទៅមុខទៀត ក្នុងនោះមានដូចជា ការឈ្វេងយល់ជាមុនពីតំបន់សុវត្ថិភាពលើភពអង្គារ, ការកសាងមូលដ្ឋាន ឬឈុតសម្លៀកបំពាក់ ដែលអាចការពារពីបាតុភូតធម្មជាតិនានា និងរបៀបនៃការផលិតថាមពលអគ្គិសនីនៅទីនោះជាដើម៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី០១ ខែធ្នូ ឆ្នាំ២០២៥)

480×240 Banner