ភពអេលៀនទាំង «១០» នេះ អ្នកវិទ្យាសាស្ត្រសង្ស័យថា អាចកំពុងលាក់ជីវិត, តើលោកអ្នកសង្ស័យ១ណា? (UPDATE)

2,750

(បរទេស)៖ គិតចាប់តាំងពីការរកឃើញភពមួយ គោចរជុវិញផ្កាយដទៃដំបូងបំផុត កាលពីឆ្នាំ ១៩៩៥ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ ភពនៅប្រព័ន្ធផ្កាយផ្សេងៗ ដែលយើងតែងហៅថា ភពអេលៀន (alien planets) ឬ Exoplanets សរុបជាង ៥,០០០ភពមកហើយ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២២ នេះ។

ជាងពាក់កណ្តាលនៃចំនួនភពខាងលើនេះ គឺត្រូវបានរកឃើញដោយ កែវយឺតអវកាស Kepler របស់អង្គការ NASA ដែលត្រូវបានបាញ់បង្ហោះ កាលពីឆ្នាំ ២០០៩ និងចូលនិវត្តន៍កាលពីឆ្នាំ ២០១៨។ យ៉ាងណាក៏ដោយ បេសកកម្មស្វែងរកភព ដែលអាចទ្រទ្រង់ជីវិតដូចភពផែនដីយើងនេះ គឺត្រូវបានផ្តោតសំខាន់តែនៅក្នុងកាឡាក់ស៊ី Milky Way ដែលយើងកំពុងជ្រកកោណប៉ុណ្ណោះ។

ជាការពិតណាស់ ការរកឃើញ «ភពអេលៀនដូចផែនដី» គឺជាក្តីសុបិនធំបំផុត នៃក្រុមតារាវិទូអន្តរជាតិ ដែលបាននិងកំពុងបំពេញកិច្ចការងារ ពាក់ព័ន្ធនឹងរឿងនេះ។ កន្លងមកនេះ បេក្ខភាពភពដែលស្រដៀងៗភពផែនដី មួយចំនួនតូច ត្រូវបានកំណត់មុខសញ្ញារួចទៅហើយ នៅក្នុងចំណោមភពជាង ៥,០០០ ភព ដែលត្រូវបានបញ្ជាក់វត្តមានជាផ្លូវការ។

សម្រាប់ភពដែលត្រូវបានចាត់ទុកថា «អាចទ្រទ្រង់ជីវិត» ដូចភពផែនដីយើងនោះ គឺត្រូវតែជាភពដែលស្ថិតនៅក្នុងតំបន់អំណោយផល ដល់ការកកើតជីវិត ឬ habitable zone, មានទំហំល្មមប្រហាក់ប្រហែលនឹងផែនដី, ស្ថិតនៅចម្ងាយសមរម្យពីផ្កាយមេរបស់វា ដែលនាំឲ្យវាអាចរក្សាបរិយាកាស និងទឹករាវលើផ្ទៃវាបាន ហើយប្រសិនបើផ្កាយរបស់ភពនោះ មានបុគ្គលិកលក្ខណៈ ស្រដៀងនឹងព្រះអាទិត្យយើងទៀតនោះ លទ្ធភាពកកើតជីវិតនឹងកាន់តែខ្ពស់។

ខាងក្រោមនេះ គឺជាជម្រើសភពពិសេសៗចំនួន «១០» ដែលត្រូវបានចាត់ទុកថា មានឱកាសខ្ពស់ជាងគេ ក្នុងការឲ្យជីវិតកើតមាន ឬអាចកំពុងលាក់ជីវិត ដូចនៅលើភពផែនដីយើងនេះ៖

១៖ ភព Gliese 667Cc

វាមានចម្ងាយ ២២ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) និងមានម៉ាសធំជាងម៉ាស់ផែនដីយើង ៤.៥ដង។ Gliese 667Cc គោចរជុំវិញផ្កាយរបស់វា ត្រឹមតែរយៈពេល ២៨ថ្ងៃប៉ុណ្ណោះ (នៃពេលវេលាលើផែនដី) ឬស្មើនឹង ១ឆ្នាំរបស់់វា។ វាត្រូវបានរកឃើញដោយ តេឡេស្កូប ESO របស់់អឺរ៉ុប ស្ថិតនៅលើទឹកដីប្រទេសឈីលី។

ផ្កាយ Gliese 667C របស់ភពខាងលើនេះ មិនសូវក្តៅដូចជាព្រះអាទិត្យយើងឡើយ ដូច្នេះគេអាចគណនាបានថា ភពនេះមានសីតុណ្ហភាពសមល្មម និងស្ថិតក្នុងតំបន់ habitable zone ដែលអាចឲ្យវារក្សាទឹកក្នុងទម្រង់រាវ និងបរិយាកាសស្រោបជុំវិញខ្លួនវាផងដែរ។

២៖ ភព Kepler-22b

វាមានចម្ងាយ ៦០០ឆ្នាំពន្លឺពីភពផែនដីយើង និងត្រូវបានកែវយឺតអវកាស Kepler រកឃើញដំបូងគេថា ជាភពស្ថិតក្នុងតំបន់ habitable Zone ពីផ្កាយរបស់វា។ ភពនេះមានទំហំ ២.៤ដង ធំជាងភពផែនដីយើង ឬយើងតែហៅថា super-earth (ផែនដីយក្ស)។

យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រនៅតែមិនទាន់ច្បាស់ទេថា Kepler-22b ជាភពថ្ម, ទឹក ឬជាឧស្ម័ន។ មួយឆ្នាំរបស់ Kepler-22b មានរយៈពេលតែ ២៩០ថ្ងៃប៉ុណ្ណោះ ដែលប្រហាក់ប្រហែលនឹងផែនដីយើងដែលមាន ៣៦៥ថ្ងៃដែរ ប៉ុន្តែផ្កាយមេរបស់វាគឺ Kepler-22 មានទំហំតូច និងពន្លឺខ្សោយព្រះអាទិត្យយើងបន្តិច។

៣៖ ភព Kepler-69c

វាមានចម្ងាយ ២,៧០០ឆ្នាំពន្លឺពីផែនដី និងមានទំហំស្មើនឹង ៧០% នៃទំហំផែនដីយើងនេះប៉ុណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្ត្រមិនបានដឹងថា តើក្នុងខ្លួនភពនេះផ្សំឡើងពីអ្វីខ្លះនោះឡើយ, តែយ៉ាងណា វាត្រូវបានចាត់ទុកថា ស្ថិតក្នុងតំបន់ habitable zone។

សម្រាប់ផ្កាយមេរបស់ភព Kepler-69c គឺ Kepler-69 មានកម្រិតពន្លឺស្មើនឹង ៨០% នៃពន្លឺព្រះអាទិត្យយើង ហើយភពមួយនេះគោលចរជុំវិញរបស់ផ្កាយវាមួយជុំ ដោយប្រើប្រាស់រយៈពេល ២៤២ថ្ងៃ នៃពេលវេលាលើភពផែនដីយើង ដែលស្មើនឹង ១ឆ្នាំរបស់វា។

៤៖ ភព Kepler-62f

វាមានចម្ងាយ ១,២០០ឆ្នាំពន្លឺពីភពផែនដីយើង និងគោចរជុំវិញផ្កាយរបស់វា ដោយប្រើប្រាស់រយៈពេល ២៦៧ថ្ងៃ។ ក្រុមអ្នកវិទ្យាសាស្ត្របានសន្មត់ថា Kepler-62f ស្ថិតនៅក្នុងតំបន់ habitable zone ផងដែរ។

Kepler-62f ត្រូវបានគេដឹងថា គោចរកៀកនឹងផ្កាយ Kepler-62 របស់វា ជាងផែនដី និងព្រះអាទិត្យ ប៉ុន្តែយ៉ាងណា ដោយសារផ្កាយ Kepler-62 មានកម្រិតពន្លឺខ្សោយជាងព្រះអាទិត្យ ដូច្នេះទើបក្រុមអ្នកវីទ្យាសាស្ត្រចាត់ទុកថា Kepler-62f ស្ថិតក្នុងតំបន់ habitale zone។

៥៖ ភព Kepler-186f

វាស្ថិតនៅចម្ងាយ ៥០០ឆ្នាំពន្លឺពីភពផែនដី និងមានទំហំខ្លួនធំជាងផែនដីយើង ១០%។ យើងអាចចាត់ទុកថា Kepler-186f ស្ថិតតំបន់ habitable zone របស់ប្រព័ន្ធផ្កាយ Kepler-186 បាន ព្រោះវាទទួលរងកម្តៅពីផ្កាយវាបានគួរសម បើធៀបនឹងស្ថានភាពផែនដីយើង។

យ៉ាងណាក៏ដោយ ផ្កាយ Kepler-186 ជាលំដាប់តារាក្រហមទំហំមធ្យម ដូច្នេះលទ្ធភាពដែលភព Kepler-186f អាចកកើតជីវិត ឬមានលក្ខណៈដូចភពផែនដីយើងខ្លាំងនោះ គឺតិចតួច។ ភពដែលមានទំហំប្រហាក់ប្រហែលផែនដី និងទទួលរងពន្លឺពីផ្កាយវាតិចទៀតនោះ គឺអាចជាភពស្រោបដោយឧស្ម័ន ឬពោពេញដោយទឹកកក ព្រោះតែអាកាសធាតុត្រជាក់ខ្លាំង។

៦៖ ភព Kepler-442b

វាស្ថិតនៅចម្ងាយជិត ១,២០០ឆ្នាំពន្លឺពីភពផែនដីយើង និងគោចរជុំវិញផ្កាយរបស់មួយជុំ ឬមួយឆ្នាំស្មើនឹង ១១២ថ្ងៃ។ ភពដែលមានទំហំធំជាងផែនដី ៣៣% នេះបានបង្កក្តីមន្ទិល ដល់ក្រុមអ្នកវិទ្យាសាស្ត្រអស់ជាច្រើនឆ្នាំមកហើយ គិតចាប់តាំងពីផ្កាយមេរបស់វា គឺ Kepler-442 ត្រូវបានរកឃើញកាលពីឆ្នាំ២០១៥។

រហូតដល់ឆ្នាំ ២០២១ ក្រុមតារាវិទូអន្តរជាតិ បានបញ្ចេញរបាយការណ៍ពីការសិក្សាបឋម លើភព Kepler-442b នោះថា វាអាចធ្វើរស្មីសំយោគនៅក្នុងបរិយាកាសវាបាន ព្រោះតែពន្លឺ និងធាតុវិទ្យុសកម្មជះចេញពីផ្កាយមេរបស់វា ស្ថិតនៅក្នុងកម្រិតសមស្រប ដែលមិនបង្កគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។

៧៖ ភព Kepler-452b

វាស្ថិតនៅចម្ងាយ ១,៤០០ឆ្នាំពន្លឺពីភពផែនដី និងជាភពដំបូងដែលត្រូវបានបញ្ជាក់ថា គោចរជុំវិញផ្កាយមួយ ដែលមានទំហំធំជាងព្រះអាទិត្យរបស់យើង តែបន្តិចប៉ុណ្ណោះ។ ផ្កាយ Kepler-452 មានទំហំធំជាងព្រះអាទិត្យប្រមាណ ១០% ហើយភព Kepler-452b ដែលគោចរជុំវិញវានោះ ក៏ស្ថិតនៅក្នុងតំបន់ habitable zone ថែមទៀត។

Kepler-452b មានទំហំធំជាងផែនដីយើង ១.៦ដង និងមានភាគរយខ្ពស់ថា វាអាចជាភពថ្ម (rocky planet) ដូចយើងដែរ។ យ៉ាងណាក៏ដោយ ភពនេះគោចរជុំវិញផ្កាយ Kepler-452 មួយជុំតែ ២០ថ្ងៃប៉ុណ្ណោះ ឬស្មើនឹង ១ឆ្នាំរបស់វា បើធៀបនឹង ៣៦៥ថ្ងៃរបស់ភពផែនដី។

៨៖ ភព Kepler-1649c

វាស្ថិតនៅចម្ងាយ ៣០០ឆ្នាំពន្លឺពីផែនដី និងទទួលបានពន្លឺពីផ្កាយរបស់វា កម្រិត ៧៥% បើធៀបនឹងភពផែនដី។ ជាមួយនឹងទំហំ ១.០៦ដងធំជាងផែនដី វាត្រូវបានចាត់ទុកថា វាទំហំដូចផែនដី និងស្ថិតនៅក្នុងតំបន់ habitable zone ថែមទៀត។

Kepler-1649c ត្រូវបានរកឃើញ ក្រោយការត្រួតពិនិត្យសំណុំទិន្ន័យរបស់ Kepker ឡើងវិញកាលពីឆ្នាំ ២០២០ ដែលពីដំបូងឡើយក្រុមតារាវិទូបានគិតថា ផ្កាយ Kepler-1649 មានភពតែមួយប៉ុណ្ណោះគោចរជុំវិញវា នោះគឺ Kepler-1649b។

៩៖ ភព Proxima Centauri b ឬហៅយ៉ាងខ្លីថា Proxima b

វាជាភពនៅក្នុងប្រព័ន្ធផ្កាយ Promixa Centauri ស្ថិតនៅចម្ងាយកៀកភពផែនដីបំផុតតែ ៤.២ឆ្នាំពន្លឺប៉ុណ្ណោះ។ Proxima b មានទំហំ ១.២៧ដង ធំជាងផែនដី និងត្រូវបានរកឃើញកាលពីឆ្នាំ ២០១៦ ហើយប៉ុន្មានឆ្នាំក្រោយមកទៀត ទើបភព Proxima c ត្រូវបានរកឃើញ។

មានការសង្ស័យច្រើនណាស់ អំពីលទ្ធភាពដែលភព Proxima b អាចទ្រទ្រង់ជីវិត ប៉ុន្តែកាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ទោះបីជាភពនេះស្ថិតនៅក្នុងតំបន់ habitable zone ក៏ដោយ ក៏ការជះចេញនូវអណ្តាតភ្លើង និងរលកវិទ្យុសកម្មដ៏កម្រោល ចេញពីផ្កាយរបស់វាជារឿយៗនោះ នឹងមិនអនុញ្ញាតឲ្យជីវិតណាមួយ អាចកកើតនៅលើភពនោះបានឡើយ។

១០៖ ភព Trappist-1e

ភពអេលៀនទាំង «១០» នេះ អ្នកវិទ្យាសាស្ត្រសង្ស័យថា អាចកំពុងលាក់ជីវិត, តើលោកអ្នកគិតថាភពណាខ្លះ?

វាស្ថិតនៅចម្ងាយ ៤០ឆ្នាំពន្លឺពីភពផែនដី និងស្ថិតនៅលេខរៀងទី ៤ ក្នុងចំណោមភពទាំង ៧ ដែលគោចរជុំវិញផ្កាយ Trappist-1។ តំបន់ដែលភពនេះស្ថិតនៅគឺ habitable zone ហើយយោងតាមការសិក្សាកាលពីឆ្នាំ ២០១៨ បានបង្ហាញថា Trappist-1e អាចមានទឹកលើផ្ទៃរបស់វា ច្រើនជាងទឹកក្នុងមហាសមុទ្រផែនដីយើងទៅទៀត។

ក្រុមអ្នកស្រាវជ្រាវថែមទាំងបានរកឃើញទៀតថា ទឹកលើភពនានាដែលមាន នៅក្នុងកាឡាក់ស៊ីយើងនេះ ទំនងជាបានកកើតឡើង ដំណាលៗគ្នានឹងការកកើត នៃភពទាំងនោះដំបូងៗផងដែរ។ Trappist-1e គឺទំនងជាភព ដែលអាចមានលទ្ធភាពច្រើនជាងគេបំផុត ក្នុងការឲ្យជីវិតកកើត ខណៈទំហំរបស់វាស្មើនឹង ៩១% នៃទំហំភពផែនដីយើង៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space.com (ថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២)

480×240 Banner