លឺគេល្បីថា Nokia 8 ទំនងជាសញ្ញានៃអធិរាជស្មាតហ្វូន វិលត្រឡប់មកទីផ្សារវិញ! តើវាមានចំណុចអ្វីពិសេសជាងគេ?

182

(បរទេស)៖ ពិតជាមិនមែនជារឿងងាយឡើយ សម្រាប់ការប្រជ្រៀតចូលទីផ្សារដ៏មហាចង្អៀត ខណៈយក្ស​ធំៗកំពុងរត់ប្រណាំងគ្នាដូចជា Samsung, Apple, Huawei, Xiaomi, និង Oppo ជាដើមនោះ ហើយ Nokia ពិតជាចាំបាច់មិនអាចខ្វះបាន នូវការប្រឹងប្រែងស្រាវជ្រាវឲ្យខ្លាំងមែនទែន ដើម្បីរកឲ្យបានបច្ចេកវិទ្យាថ្មីបំផុត ហើយត្រូវចិត្តអ្នកប្រើប្រាស់ភាគច្រើន។

សម្រាប់ស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុត គឺ Nokia 8 ដែលនឹងចេញនាពេលឆាប់ៗក្នុងខែកញ្ញា ឆ្នាំ២០១៧ នេះ​ត្រូវបានដាក់ទិសដៅថា នឹងក្រឡុកទីផ្សារស្មាតហ្វូន តាមរយៈបច្ចេកវិទ្យាថ្មីមួយចំនួន ដែលអាចថាប្លែកពីគេ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា តើវានឹងក្លាយជាភាពចាំបាច់សម្រាប់អ្នកប្រើប្រាស់ ដែលនឹងញ័រខ្លួនចង់បានដែរ ឬមួយក៏​យ៉ាងណានោះឡើយ។ បច្ចេកវិទ្យាថ្មីបំផុតនោះគឺ កាម៉េរាភ្លោះបំពាក់​បច្ចេកវិទ្យា Len របស់ Carl Zeiss ដែលអាចថតវីដេអូ 4K ជាមួយនឹងសំឡេងវិលជុំ ៣៦០ដឺក្រ និងអាចថតវីដេអូប្លង់ទាំងមុខ​ទាំងក្រោយរួមបញ្ចូលគ្នា ជាវីដេអូតែមួយដោយចែកអេក្រង់ម្ខាងម្នាក់។

 

សម្រាប់អេក្រង់ IPS LCD 5.3 អ៊ីញ កម្រិតបង្ហាញរូបភាព 2K មិនមែនជារឿងថ្មី ហើយក៏មិនលើសគេដែរ ព្រោះ Sony ឡើងដល់អេក្រង់ 4K ទៅហើយ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺក្រុមហ៊ុនអះអាងថា អេក្រង់នេះ​ច្បាស់ល្អ និងស្ទើរតែល្អជាងអេក្រង់ AMOLED មួយចំនួនទៀតផង ពេលមើលក្រោមពន្លឺថ្ងៃ។ សម្រាប់ឈីប Snapdragon 835 គឺវាកប់ទៅហើយដូចជា One Plus 5 និង Xiaomi Mi 6 ប្រើប្រាស់ដែរ ប៉ុន្តែបើសម្រាប់​ទៅឆ្នាំ២០១៨ វិញ ក្រុមហ៊ុនដទៃទៀត​នឹងលោតឡើងខ្ពស់លើសនេះ ដូចជាឈីប Kirin ផលិតដោយ ក្រុមហ៊ុនយក្ស Huawei ជាដើម។

ស្វែងយល់បន្ថែមសម្រាប់កាម៉េរា គឺ Nokia 8 មានកាម៉េរាភ្លោះ 13 MP, f/2.0, laser និង phase detection autofocus, Carl Zeiss optics, OIS ព្រមទាំង dual-LED Flash ផងដែរ បូកនឹងកាម៉េរាមុខ 13 MP ហើយថាមពលថ្មវិញគឺ 3,090mAh។ សម្រាប់ Spec ទាំងប៉ុន្មាននេះ វានឹងក្លាយជាស្មាតហ្វូនល្អកំពូលមួយ ហើយបើអ្នកទិញ Nokia ក៏ប្រហែលមិនមែន​​ដោយសារតែ​រឿងលក្ខណៈសម្បត្តិខ្លាំងប៉ុន្មាននោះដែរ តែវាអាចដោយ​សារ​អ្នកចង់បាន Brand Nokia ដែលគ្រប់គ្នា​ធ្លាប់គាំទ្រនេះ មកកាន់នៅ​ក្នុងដៃវិញប៉ុណ្ណោះ។

យោងតាមបច្ចេកវិទ្យាទាំងឡាយ ដែលបំពាក់​លើ Nokia 8 ខាងលើនេះ​ យើងអាចធ្វើការ​ប៉ាន់ស្មានតម្លៃ​បានហើយ គឺវានឹងមិន​ក្រោម ៥០០ដុល្លារ​អាមេរិក​នោះឡើយ៕

480×240 Banner