អង្គការ NASA នឹងបាញ់រ៉ុក្កែតចូលក្នុងតំបន់ពន្លឺ Aurora ដើម្បីស្វែងយល់អាថ៌កំបាំង…

644

(អាមេរិក)៖ អង្គការអវកាសអាមេរិក NASA កំពុងរៀបចំត្រៀមបាញ់គ្រាប់រ៉ុក្កែតចំនួន ២គ្រឿង ចូលទៅកាន់បេះដូងនៃពន្លឺ Aurora (សំរាំងប៉ូល) ស្ថិតនៅប៉ូលខាងជើងនៃភពផែនដី ដើម្បីស្វែងយល់អំពីអាថ៌កំបាំង ដែលបង្កឲ្យមានបាតុភូតធម្មជាតិដ៏អស្ចារ្យនោះឡើង។ កម្មវិធីសិក្សានេះដឹកនាំដោយតារាវិទូ Stephen Kaeppler មកពីសាកលវិទ្យាល័យ Clemson។

យាន NASA ដែលនឹងត្រូវហោះទៅតាមគ្រាប់រ៉ុក្កែតខាងលើនេះមានឈ្មោះថា Ion-Neutral Coupling (INC) បាននិងកំពុងត្រៀមហោះឡើង តាមរយៈឱកាសចំនួន ២លើក នោះគឺលើកទី១៖ នៅចន្លោះថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ (កាលពីថ្ងៃទី២៣ ខែមីនា ការបាញ់បង្ហោះត្រូវបានពន្យារពេលវិញ ព្រោះតែអាកាសធាតុមិនល្អ) និងលើកទី២៖ ចាប់ពីថ្ងៃទី៣ ដល់ទី៧ ខែមេសា។

(Image Credit: ESA)

ក្រុមអ្នកវិទ្យាសាស្ត្រដែលចូលរួមក្នុងកម្មវិធីនេះ មានបំណងបញ្ជូនឧបករណ៍ស្ទាបស្ទង់សំខាន់ៗមួយចំនួន ដែលនឹងត្រូវដឹកនាំតាមរយៈគ្រាប់រ៉ុក្កែតទាំងពីរគ្រឿង ចូលទៅកាន់ចំណុចកណ្តាល (បេះដូង) នៃតំបន់កំពុងកើតមានបាតុភូតពន្លឺ Aurora។ ឧបករណ៍ស្ទាបស្ទង់ទាំងនេះ នឹងស្វែងយល់អំពី ខ្យល់, សីតុណ្ហភាព និងសម្ពាធនៃភាគល្អិត ផ្លាស្មា (plasma) ដែលមាននៅក្នុងបណ្តុំនៃពន្លឺ Aurora នៅពីលើតំបន់ប៉ូលខាងជើងភពផែនដីនោះ។

អង្គការ NASA នឹងបាញ់រ៉ុក្កែតចូលក្នុងតំបន់ពន្លឺ Aurora ដើម្បីស្វែងយល់អាថ៌កំបាំង…
(Image credit: Noppawat Tom Charoensinphon/Getty Images)

តារាវិទូ Stephen Kaeppler បានលើកជាឧទាហរណ៍យ៉ាងដូច្នេះថា «យើងទាំងអស់គ្នាសុទ្ធតែដឹងថា នៅពេលយើងសង្កៀតបាតដៃទាំងពីរ យូរៗទៅវានឹងឡើងកម្តៅ។ វាជាគោលគំនិតដូចគ្នា គ្រាន់តែពេលនេះយើងត្រូវដោះស្រាយ រវាងឧស្ម័ន និងឧស្ម័នវិញម្តង»។ ការលើកឡើងរបស់លោក Kaeppler គឺចង់សំដៅទៅលើការកកិតនៃភាគល្អិតមកពីព្រះអាទិត្យ ទៅនឹងម៉ូលេគុលនៃបរិយាកាសស្រទាប់លើរបស់ផែនដី នៅត្រង់តំបន់ប៉ូល ដែលនាំឲ្យកើតចេញជាពន្លឺ Aurora នោះឯង។

(Image credit: NASA’s Goddard Space Flight Center/CILab/Bailee DesRocher)

គួរបញ្ជាក់ថា ក្រុមរ៉ុក្កែតដំបូងនឹងទៅដល់បណ្តុំនៃចំហាយភាគល្អិតចំរុះពណ៌(ពន្លឺ Aurora) ដែលស្ថិតនៅរយៈកម្ពស់ ២៩៩គីឡូម៉ែត្រពីផ្ទៃផែនដី។ បើតាមក្រុមអ្នកវិទ្យាសាស្ត្រ ដំណើរនៃភាគល្អិតបញ្ចេញពន្លឺចំរុះពណ៌របស់បាតុភូត Aurora គឺមិនសូវខុសទៅនឹងកាំជ្រួច ដែលផ្ទុះចេញជាពន្លឺចំរុះពណ៌ នៅលើផ្ទៃមេឃពេលមានបុណ្យទាននោះឡើយ។ រ៉ុក្កែតទាំងនោះ នឹងធ្លាក់មកលើផែនដីវិញភ្លាមៗ ក្រោយពីបានបញ្ជូនឧបករណ៍ស្ទាបស្ទង់ ឡើងទៅដល់រយៈកម្ពស់ដែលបានកំណត់ហើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Live Science (ថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២)

480×240 Banner