ប្រទះឃើញហ្វូស៊ីលស៊ុតដាយណូស័រ ៣គ្រាប់ នៅខេត្តជាំងស៊ី ប្រទេសចិន

213

(បរទេស)៖ ហ្វូស៊ីលជាស៊ុតសត្វដាយណូស័រចំនួន ៣គ្រាប់ ត្រូវបានរកឃើញនៅក្នុងដុំថ្មមួយ នៅក្នុងតំបន់ Wuning នៃខេត្តជាំងស៊ី (Jiangxi) ភាគខាងកើតប្រទេសចិន។ ក្រោយការត្រួតពិនិត្យ ក្រុមអ្នកជំនាញចិនបានអះអាងថា វាមានអាយុកាលប្រមាណ ៨០លានឆ្នាំមកហើយ ដោយស្ថិតនៅចុងសម័យកាល Late Cretaceous ខណៈក្រុមអ្នកវិទ្យាសាស្ត្រចិនកំពុងតែត្រៀមរៀបចំ ដើម្បីដាក់តាំងបង្ហាញហ្វូស៊ីលស៊ុតទាំងនេះ នៅឯសារមន្ទីរស្រុក Wuning នោះតែម្តង។

បើតាមសារព័ត៌មាន Global Times បានឲ្យដឹងថា ក្រុមជំនាញវិស្វកម្មចិន បានជីកកកាយនៅតំបន់់ការដ្ឋានមួយក្នុងស្រុក Wuning កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ហើយក៏បានប្រទះឃើញ វត្ថុដ៏គួរឲ្យសង្ស័យដែលនៅកប់ជាប់ក្នុងថ្មមួយដុំ។ បន្ទាប់មកពួកគេក៏បានរាយការណ៍ ទៅកាន់ក្រុមជំនាញផ្នែកបុរាណវិទ្យា ឲ្យចុះមកត្រួតពិនិត្យ ហើយក៏បានចេញជាលទ្ធផលដូចខាងលើនេះតែម្តង។

គួរបញ្ជាក់តាមក្រុមអ្នកជំនាញចិនទៀតថា ក្រៅពីហ្វូស៊ីលស៊ុតដាយណូស័រចំនួន ៣គ្រាប់ ដែលនៅមានរូបរាងល្អៗនោះ យើងក៏អាចឃើញដាន នៃស៊ុតដាយណូស័រមួយចំនួនទៀតផងដែរ។ យ៉ាងណាក៏ដោយ នេះមិនមែនជាលើកទី ១ ឡើយដែលប្រទេសចិនរកឃើញស៊ុតដាយណូស័រនោះ ហើយការរកឃើញទាំងសំបុកបែបនេះ ក៏ធ្លាប់បានកើតមានរួចមកហើយដែរ៕

ប្រទះឃើញហ្វូស៊ីលស៊ុតដាយណូស័រ ៣គ្រាប់ នៅខេត្តជាំងស៊ី ប្រទេសចិន

ប្រែសម្រួល៖ Cambo Space, ប្រភព និងរូបភាព៖ Global Times (ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២)

480×240 Banner