ហេតុអ្វីរូបថតដំបូងនៃ «ប្រហោងខ្មៅមហាយក្ស» នៅកណ្តាលកាឡាក់ស៊ីយើង ព្រាលៗអ៊ីចឹង? (មានវីដេអូ)

1,278

(អាមេរិក)៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារសិក្សាអន្តរជាតិ ដោយប្រើប្រាស់បណ្តាញតេឡេស្កូប Event Horizon Telescope (EHT) បានបង្ហាញចេញនូវរូបថតជាលើកដំបូង នៃប្រហោងខ្មៅមហាយក្ស (supermassive black hole) ឈ្មោះ សាហ្គីតារឹស អេអាស្តឺ (Sagittarius A*) ដែលស្ថិតនៅចំកណ្តាលកាឡាក់ស៊ី Milky Way របស់យើងនេះតែម្តង និងមានចម្ងាយ ២៧,០០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)

រូបដំបូងនៃប្រហោងខ្មៅមហាយក្ស Sagittarius A* (Image Credit: Event Horizon Telescope (EHT))

ក្រោយការបញ្ចេញបានតែមួយរយៈខ្លីប៉ុណ្ណោះ មានសំនួរបែបងឿងឆ្ងល់មួយចំនួន ត្រូវបានសាធារណជនទូទាំងពិភពលោកចោទសួរថា តើហេតុអ្វីបានជារូបរបស់ Sagittarius A* មើលទៅព្រាលៗបែបនេះ? ឆ្លើយតបចំពោះសំនួរចាក់ដោតបែបនេះ, ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងយ៉ាងខ្លីថា «ការថតរូបប្រហោងខ្មៅរបស់ Milky Way មួយសន្លឹកជាលើកដំបូងនេះ គឺមិនមែនជារឿងងាយស្រួលនោះទេ»។

សម្រាប់បណ្តាញតេឡេស្កូប EHT ដែលក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់នោះ គឺជាប្រភេទបណ្តាញតេឡេស្កូប ដែលត្រូវបានដាក់ពង្រាយពាសពេញផែនដីតែម្តង ដើម្បីឲ្យវិសាលភាព និងពេលវេលានៃការចាប់រូបភាពរបស់វា នៅតែបន្តមិនឲ្យដាច់ មិនថាយប់ឬមួយក៏ថ្ងៃនោះឡើយ។

ទីតាំងនៃបណ្តាញតេឡេស្កូប Event Horizon Telescope (EHT)

ដោយសារតែអ្នកតាមដានដែលគ្មានជំនាញមួយចំនួន នៅតែចោទសួរអំពីភាពព្រាលស្រអាប់ នៃរូបថតដំបូងរបស់ប្រហោងខ្មៅមហាយក្សនោះ អ្នកវិទ្យាសាស្ត្រអាចត្រឹមឆ្លើយតបទៅវិញថា វាបានកើតមានឡើងព្រោះតែបណ្តាញតេឡេស្កូប (EHT) នេះ បានប្រើប្រាស់សមត្ថភាពវាដល់កម្រិតទៅហើយ។ ប្រការនេះមានន័យថា EHT មិនអាចផ្តិតរូបភាព Sagittarius A* ឲ្យច្បាស់ជាងនេះបានទៀតបានឡើយ លុះត្រាណាតែមនុស្សលោក អាចបង្កើតឧបករណ៍ជំនាន់ថ្មី ដែលប្រកបដោយប្រសិទ្ធភាពជាងនេះ។

លោក Michael Johnson សមាជិកមួយរូបនៃក្រុមការងារគ្រប់គ្រង EHT ព្រមទាំងជាតារាវិទូនៃមន្ទីរអង្កេតតារា Harvard and Smithsonian សហរដ្ឋអាមេរិក បានថ្លែងថា «យើងបានជំរុញឧបករណ៍ទាំងអស់ (EHT) ទៅដល់កម្រិតរបស់វាហើយ…។ នេះជារូបភាពច្បាស់់បំផុតហើយ ដែលវា (EHT) អាចមើលឃើញ… ព្រោះដែនកំណត់នៃកម្រិតភាពច្បាស់ (Resolution) ដែលតេឡេស្កូប (EHT) អាចចាប់់បាននោះ គឺតែប៉ុណ្ណឹងឯង…»។

ហេតុអ្វីរូបថតដំបូងនៃ «ប្រហោងខ្មៅមហាយក្ស» នៅកណ្តាលកាឡាក់ស៊ីយើង ព្រាលៗអ៊ីចឹង?

យ៉ាងណាក៏ដោយ, ក្រុមអ្នកជំនាញនៅតែអះអាងថា នេះជារូបថតដ៏ច្បាស់បំផុតរួចទៅហើយ របស់ប្រហោងខ្មៅ Sagittarius A* ដែលមិនធ្លាប់មានពីមុនមក ហើយការមើលឃើញព្រាលៗនោះ គឺដោយសារតែរូបថតដែលត្រូវបានសារព័ត៌មាននានាចុះផ្សាយ គឺមិនស្ថិតក្នុងកម្រិត Resolution ដើម (Original) នោះឡើយ ដោយវាត្រឹមតែជារូបថតទំហំសមរម្យមួយប៉ុណ្ណោះ ដែលក្រុមអ្នកវិទ្យាសាស្ត្រអាចបង្ហាញចេញ ទៅកាន់សាធារណជន ទូទាំងពិភពលោកបានឃើញ។ សម្រាប់ទិន្នន័យរូបភាពដើម (Original) វិញនោះ គឺមានទំហំរហូតដល់ទៅ ៣.៥ ប៉េតាបៃ (petabytes) ឬស្មើនឹងទំហំវីដេអូក្នុង TikTok រហូតដល់ទៅ ១០០លានឃ្លីបឯណោះ៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space.com/EHT (ថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០២២)

480×240 Banner