Hot News: តេឡេស្កូប James Webb ឆ្លុះមើលអាចម៍ផ្កាយចល័ត ជាលើកដំបូង និងត្រៀមថតរូបភព និងព្រះចន្ទនានា
(អាមេរិក)៖ តេឡេស្កូបអវកាស James Webb របស់អង្គការ NASA បានបង្វែរកាណុងរបស់វា ទៅតាមអាចម៍ផ្កាយចល័តមួយ ប្រកបដោយជោគជ័យ ខណៈបេសកកម្មរបស់វាដែលនឹងចាប់ផ្តើមជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២២ ឆាប់ៗខាងមុខនេះ នឹងក្លាយជាថ្ងៃដែលពិភពលោកទាំងមូល ទន្ទឹងរង់ចាំខ្លាំងបំផុត។

ការធ្វើតេស្តខាងលើនេះ ស្ថិតក្នុងគោលដៅស្វែងយល់ត្រួសៗ អំពីសមត្ថភាពចំរុះរបស់ James Webb មិនថាតែការចាប់រូបភាពកាឡាក់ស៊ីជិតឆ្ងាយ, ការឆ្លុះមើលតារាក្នុងកាឡាក់ស៊ីយើង, ភពក្នុងប្រព័ន្ធព្រះអាទិត្យ និងនៅប្រព័ន្ធផ្កាយផ្សេងៗ និងពេលនេះ គឺអាចម៍ផ្កាយកំពុងចល័ត ដែលត្រូវបានគេចាត់ទុកថា ជាវត្ថុអវកាសមានចលនាមិនប្រក្រតី និងពិបាកតាមដានបំផុត។

សេចក្តីប្រកាសរបស់អង្គការ NASA កាលពីថ្ងៃទី២០ ខែឧសភា បានឲ្យដឹងថា ការប្រើប្រាស់ James Webb តាមដានមើលអាចម៍ផ្កាយកំពុងចល័តនោះ គឺជាការធ្វើតេស្តសមត្ថភាពរបស់តេឡេស្កូបតម្លៃជិត ១០ពាន់លានដុល្លារអាមេរិកមួយនេះ ក្នុងការអង្កេត «វត្ថុអវកាសដែលចល័តក្នុងល្បឿនលឿន» នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង។
ក្នុងចំណោមអាចម៍ផ្កាយប្រមាណ ៤០ដុំ ដែលក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាសនៃអង្គការ NASA បានរៀបចំបម្រុងទុកឲ្យ James Webb តាមដាន, មានមួយត្រូវបានជ្រើសយក នោះគឺអាចម៍ផ្កាយ 6841 Tenzing ដែលមានប្រភពមកពីតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ (Asteroid Belt) នៅចន្លោះរវាងភពព្រហស្បតិ៍ និងភពអង្គារ។
គួរបញ្ជាក់ថា James Webb ក៏នឹងត្រូវបញ្ជាឲ្យថតរូប និងសង្កេតបរិយាកាសភព ព្រមទាំងព្រះចន្ទចម្បងៗនានា នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះផងដែរ ក្នុងនោះមានដូចជាភព អ៊ុយរ៉ានុស (Uranus), ខ្សែក្រវាត់ភពសៅរ៍ (Saturn), បរិយាកាសនៃព្រះចន្ទទីតាន (Titan) នៃភពសៅរ៍ និងសំបកទឹកកកនៃព្រះចន្ទ យូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍ (Jupiter) ជាដើម។

តេឡេស្កូបអវកាស James Webb ដែលកំពុងស្ថិតនៅចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី នឹងបើកដំណើរការជាផ្លូវការសម្រាប់រយៈពេល ៦ខែ (ជាការបំពេញបេសកកម្មស្នូល) ហើយសម្រាប់បេសកកម្មបន្តទៅមុខទៀត (ដូចអ្វីដែល Hubble និង Kepler បានធ្វើ) វានឹងបំពេញការងារតាមការបញ្ជា រហូតដល់ទៅរយៈពេល ២០ឆ្នាំ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២)
