អាចម៍ផ្កាយ Apophis នឹងហោះមកកៀកផែនដី ក្នុងគម្លាតជិតជាងព្រះចន្ទ ១០ដង, អ្នកវិទ្យាសាស្ត្រទើប ធ្វើតេស្តជាថ្មី (មានវីដេអូ)

643

(អាមេរិក)៖ នៅទីបំផុតការធ្វើតេស្តប្រព័ន្ធការពារភពផែនដី ពីអាចម៍ផ្កាយដែលអាចនឹងបង្កគ្រោះថ្នាក់នោះ បានសម្រេចជោគជ័យក្នុងការវែករកមើលវត្តមាន អាចម៍ផ្កាយ អាផូហ្វីស (99942 Apophis) នៅពេលវាហោះមកចំណុចកៀកផែនដីជាថ្មី ខណៈនៅឆ្នាំ ២០២៩ គឺត្រូវបានគេចាត់ទុកថា ជាពេលដែលអាចម៍ផ្កាយមានអង្កត់ផ្ចិត ៣៧០ម៉ែត្រមួយនេះ ហោះមកកៀកនឹងភពផែនដីយើងបំផុត ក្នុងគម្លាតជិតជាងព្រះចន្ទរហូតដល់ទៅ ១០ដង។

នៅក្នុងការធ្វើលំហាត់ ដើម្បីស្ទាក់ចាប់វត្តមានរបស់ Apophis នោះ ក្រុមអ្នកវិទ្យាសាស្ត្របានបង្កកទុកទិន្នន័យសិក្សាពីមុនៗ របស់អាចម៍ផ្កាយមួយនេះសិន ហើយចាប់ផ្តើមការអង្កេតឡើងវិញ ដោយចាត់ទុក Apophis ជាអាចម៍ផ្កាយថ្មីដែលគេទើបជួបប្រទះ និងគណនាអំពីគ្រោះមហន្តរាយ ដែលវាអាចបង្កឡើងចំពោះភពផែនដី ដោយចាប់ផ្តើមការអង្កេតពីខែធ្នូ ឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ ២០២១។ តើអាចម៍ផ្កាយ Apophis អាចជាប់សំណាញ់ ឬប្រព័ន្ធអង្កេតផ្ទៃមេឃរបស់យើង អាចរកឃើញវាទាន់ពេលដែរឬទេ?

កន្លងមកនេះ, កម្មវិធីស្ទាបស្ទង់ ដើម្បីឃ្លាំមើលអាចម៍ផ្កាយជាច្រើន តែងតែបានស្គែនមើលផ្ទៃមេឃជាប្រចាំ ដើម្បីស្វែងរកអាចម៍ផ្កាយ ដែលអាចបង្កការគំរាមកំហែងដល់ភពផែនដី ខណៈដែលកម្មវិធីទាំងអស់នេះ មានការចូលរួមពីអ្នកវិទ្យាសាស្ត្រជាង ១០០នាក់ មកពីប្រទេសចំនួន ១៨។

ចំពោះអាចម៍ផ្កាយ Apophis គឺត្រូវបានរកឃើញជាលើកដំបូង កាលពីឆ្នាំ ២០០៤ ហើយក្រោយមកត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រគណនាថា វាអាចនឹងបុកភពផែនដី នៅឆ្នាំ ២០២៩ ឬយ៉ាងហោចណាស់នៅឆ្នាំ ២០៣៦។ ជុំវិញបញ្ហានេះដែរ, មូលនីធិ B612 ដែលជាអង្គការមិនរកប្រាក់កម្រៃ មានតួនាទីសិក្សាស្រាវជ្រាវលើបច្ចេកវិទ្យា សម្រាប់គូសវាសផែនដី និងចង្អុលទិសដៅនៅក្នុងប្រព័ន្ធព្រះអាទិត្យ បានធ្វើការប្រកាសចេញជាសាធារណៈ អំពីក្តីអន្តរាយដែលអាចបង្កឡើងដោយ Apophis នៅក្នុងពេលឆាប់ៗខាងមុខនេះ។

ដោយយោងទៅលើភាពស្រពិចស្រពិល និងការភ័យខ្លាចនៅតែមាននៅឡើយនោះ ទើបពេលនេះក្រុមតារាវិទូ បានបង្កើតចេញនូវលំហាត់ហ្វឹនហ្វឺនដូចខាងលើនេះ ដើម្បីបង្ហាញអំពីសមត្ថភាពរបស់ពួកគេ ក្នុងការឃ្លាំមើល និងស្វែងរកយ៉ាងឆាប់រហ័ស នូវវត្តមានអាចម៍ផ្កាយនានា ដែលអាចបង្កគ្រោះធំដល់ភពផែនដីយើង, ជាពិសេសគឺ Apophis។

យោងតាមសេចក្តីប្រកាសរបស់អង្គការ NASA នៅក្នុងខែមិថុនា ឆ្នាំ ២០២២ នេះបានឲ្យដឹងថា «គម្រោងទាំងមូលបានធ្វើការសាកល្បង ប្រកបដោយភាពតឹងតែងជាទីបំផុត ទៅលើខ្សែសង្វាក់ប្រតិកម្ម ការពារភពផែនដីទាំងមូល រាប់ចាប់ពីការរកឃើញដំបូង ទៅដល់ការកំណត់គន្លងគោចរ បូករួមនឹងការវាស់ស្ទង់លក្ខណៈរូបវន្តរបស់អាចម៍ផ្កាយ ក៏ដូចជាការកំណត់ថា តើវាអាចបុកភពផែនដីដែរឬទេ? ហើយបើវាបុកនោះ, តើនឹងត្រូវចំចំណុចណានៃភពផែនដី?»។

បណ្តាញតេឡេស្កូបធំៗលើភពផែនដី ដែលបានចូលរួមក្នុងលំហាត់ហ្វឹកហ្វឺនថ្មីនេះ មានដូចជា តេឡេស្កូប Catalina Sky Survey នៅក្នុងរដ្ឋ អារីហ្សូណា (Arizona) សហរដ្ឋអាមេរិក, បណ្តាញតេឡេស្កូប Asteroid Terrestrial-impact Last Alert System (ATLAS) ដែលមានមូលដ្ឋាននៅប្រទេសឈីលី (Chile), រដ្ឋហាវ៉ៃ (Hawaii) សហរដ្ឋអាមេរិក និងប្រទេសអាហ្វ្រិកខាងត្បូង និងតេឡេស្កូប Panoramic Survey Telescope and Rapid Response System (Pan-STARRS) ស្ថិតក្នុងរដ្ឋ Hawaii។

បើតាមលោក Davide Farnocchia វិស្វករផ្នែកកំណត់ទិសដៅ មកពីមន្ទីរពិសោធន៍ JPL របស់អង្គការ NASA បានថ្លែងថា «ទោះបីជាយើងបានដឹងថា ការពិត Apophis មិនអាចបុកភពផែនដីនៅឆ្នាំ ២០២៩ នោះក្តី ក៏ភាពមិនច្បាស់លាស់ធំៗមួយចំនួន នៅក្នុងការគោចរនៃអាចម៍ផ្កាយនោះ អាចជំរុញឲ្យវាបុកភពផែនដីយើងនៅឆ្នាំ ២០២៩ នោះក៏ថាបាន…»។ ទោះជាយ៉ាងណា, យោងតាមលទ្ធផលជាក់ស្តែងនៃការគណនា ក្រុមអ្នកជំនាញអន្តរជាតិបានអះអាងថា ទោះនៅឆ្នាំ ២០២៩ ឬ ១០០ឆ្នាំបន្ទាប់ពីនោះទៀត ក៏អាចម៍ផ្កាយ Apophis មានភាគរយតិចតួចបំផុត ក្នុងការប៉ះទង្គិចជាមួយភពផែនដី។

អាចម៍ផ្កាយ Apophis នឹងហោះមកកៀកផែនដី ក្នុងគម្លាតជិតជាងព្រះចន្ទ ១០ដង, អ្នកវិទ្យាសាស្ត្រទើប ធ្វើតេស្តជាថ្មី ដើម្បីស្វែងយល់សមត្ថភាព…

គួរបញ្ជាក់ថា អង្គការ NASA និងដៃគូពាក់ព័ន្ធនានានៅជុំវិញពិភពលោក ដែលបានចូលរួមលំហាត់ហ្វឹកហ្វឺនខាងលើនេះ ពិតជាមានក្តីរំភើបរីករាយក្រៃលែង ដែលបានធ្វើតេស្តសមត្ថភាព ក្នុងការវែករកមើលវត្តមាន និងស្វែងយល់អំពីបុគ្គលិកលក្ខណៈរបស់ Apophis ឡើងវិញយ៉ាងទាន់ពេលវេលាបែបនេះ។ ដោយឡែកយានអវកាស OSIRIS-REx របស់អង្គការ NASA ក៏ត្រៀមនឹងចល័តទៅកៀកនឹង Apophis ផងដែរ ដើម្បីផ្តិតយកព័ត៌មានលម្អិតអំពីអាចម៍ផ្កាយនោះ នៅពេលវាហោះមកកៀកផែនដីបំផុត (អាចក្នុងរយៈចម្ងាយជាង ៣១,០០០គីឡូម៉ែត្រពីផែនដីប៉ុណ្ណោះ) នៅក្នុងឆ្នាំ ២០២៩។

* សំនួរចុងក្រោយ៖ តើ Apophis មានអានុភាពកម្រិតណា ហើយមនុស្សលោកយើងមានវិធីបំផ្លាញដែរឬទេ?

យោងតាមការគណនារបស់ក្រុមអ្នកវិទ្យាសាស្ត្រ ប្រសិនបើ Apophis បុកភពផែនដីនោះ វានឹងមានកម្លាំងផ្ទុះស្មើនឹងម្សៅ TNT ចំនួន ២០លានគីឡូតោន ឬស្មើនឹងកម្លាំងនៃអាចម៍ផ្កាយ Chelyabinsk ដែលបានផ្ទុះបែកលើផ្ទៃមេឃនៃប្រទេសរុស្ស៊ី កាលពីអំឡុងឆ្នាំ ២០១៣ នោះគុណនឹង ១០,០០០ដង។

ដោយឡែក ចំពោះការពារភពផែនដីពីអាចម៍ផ្កាយ Apophis បានឬមួយក៏អត់នោះ គឺយើងត្រូវរង់ចាំមើលលទ្ធផលនៃបេសកកម្ម DART របស់អង្គការ NASA ជាមុនសិន ដោយវានឹងចាប់ផ្តើមធ្វើតេស្តបង្វែរទិសដៅអាចម៍ផ្កាយមួយគូ នៅខែកញ្ញា ឆ្នាំ ២០២២ ឆាប់ៗខាងមុខនេះហើយ៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព៖ សារព័ត៌មាន Space (ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០២២)

480×240 Banner