NASA ទើបរកឃើញភពថ្មី១ទៀតចម្ងាយជាង ១៥០ឆ្នាំពន្លឺពីផែនដី និងអាចមាន «សមុទ្រ» (មានវីដេអូ)

685

(បរទេស)៖ កាលពីអំលុងខែមីនា ឆ្នាំ២០២៥ តេឡេស្កូបអវកាស TESS នៃអង្គការ NASA បានសង្កេតឃើញការប្រែប្រួលពន្លឺបន្តិច នៅជុំវិញផ្កាយមួយដួងឈ្មោះ TOI-1846 (ស្ថិតក្នុងតារានិករ Lyra បើមើលទៅលើផ្ទៃមេឃផែនដី) ដែលមានចម្ងាយខ្ទង់ ១៥៤ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm) ដែលសញ្ញាបែបនេះតែងតែជាការផ្តល់តំរុយថា អាចមានភព (Exoplanet) កំពុងគោចរជុំវិញផ្កាយនោះហើយ…។

(Video From YouTube: Cambo Space Edu)

មិនខុសទេ ឈានចូលមកដល់ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារ NASA បានប្រកាសថា នោះពិតជាភពមួយប្រាកដមែន ដែលមានឈ្មោះថា TOI-1846 b ហើយលក្ខណៈពិសេសរបស់វាវិញ ក៏កាន់តែធ្វើឲ្យយើងរំភើបថែមមួយកម្រិតទៀត។ ជាការពិតណាស់ ការរកឃើញប្រព័ន្ធផ្កាយនៅមិនសូវឆ្ងាយពីប្រព័ន្ធព្រះអាទិត្យយើង ហើយមានភពគោចរជុំវិញថែមទៀតនោះ គឺជាក្តីរំភើបមួយ។

តេឡេស្កូបអវកាស TESS (Image Credit: NASA)

ការប្រកាសរកឃើញខាងលើនេះ គឺបន្ទាប់ពីទិន្នន័យរបស់ TESS ត្រូវបានសិក្សាបន្ថែមដោយ ក្រុមអ្នកវិទ្យាសាស្ត្រនៅឯមន្ទីរសង្កេតតារា Oukaimeden Observatory ស្ថិតក្នុងប្រទេសម៉ូរ៉ូកូ ដោយសហការនឹងបណ្តាញតេឡេស្កូបសំខាន់ៗលើផែនដីសរុប ៤ទីតាំងទៀត ដើម្បីសង្កេតទៅតាមដំណាក់កាលទៅលើផ្កាយ TOI-1846 នោះ។

  • ប្រភេទនៃផ្កាយ TOI-1846

TOI-1846 ស្ថិតក្នុងជំពូក Red Dwarf ឬផ្កាយតូចក្រហម ដែលមានម៉ាសត្រឹមតែ ៤០% ប៉ុណ្ណោះ នៃម៉ាសរបស់ព្រះអាទិត្យយើង។ ដោយសារតែផ្កាយប្រភេទនេះមានទំហំតូច និងម៉ាសស្រាលជាងព្រះអាទិត្យ ដូច្នេះកម្តៅរបស់វាក៏ខ្សោយជាងព្រះអាទិត្យដែរ ហើយប្រការនេះក៏ធ្វើឲ្យតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ស្ថិតនៅកៀកផ្កាយខ្លាំងជាង Habitable Zone ដែលផែនដីកំពុងស្ថិតនៅ។

  • ប្រភេទនៃភព TOI-1846 b

យោងតាមក្រុមអ្នកវិទ្យាសាស្ត្រខាងលើនេះឲ្យដឹងថា ភព TOI-1846 b ស្ថិតក្នុងជំពូក super-Earth (ភពដែលមានទំហំធំជាងផែនី តែតូចជាងភពណិបទូន) មានទំហំធំជាងផែនដីជិត ២ដង (ផែនដីមានអង្កត់ផ្ចិត ១២,៧៥៦km) ខណៈម៉ាសរបស់វាវិញគឺធ្ងន់ជាងផែនដីជាង ៤ដងឯណោះ។ ពីដំបូងឡើយ ក្រុមអ្នកវិទ្យាសាស្ត្របានគណនាថា TOI-1846 b ស្ថិតនៅកៀកផ្កាយមេវាខ្លាំង ដែលមិនមែនជា Habitable Zone នោះទេ ហេតុដូច្នេះវាក៏ទំនងជាគ្មានវត្តមានទឹកនោះដែរ។

ប៉ុន្តែយោងតាមលទ្ធផលសង្កេតថ្មីដោយ TESS គេអាចសន្និដ្ឋានបានថា TOI-1846 b ជាភពស្ថិតនៅក្នុងចន្លោះរវាងភពថ្ម (rocky planet) និងភពយក្សឧស្ម័ន (gas giant) ដែលប្រការនេះវាលំបាកឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ឈ្វេងយល់ពីការពិតជាក់ស្តែង ព្រោះនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ គ្មានភពប្រភេទ super-Earth នោះឡើយ។ ទោះជាបែបនេះក្តី ឱកាសនៃការមានជីវិតមិនមែនអត់ទាំងស្រុងនោះទេ…។

  • ឱកាសនៃការមានជីវិតលើ TOI-1846 b

យោងតាមការគណនាបឋមរវាងគម្លាតផ្កាយ និងភព TOI-1846 b អាចឲ្យគេគណនាថា ភពនោះស្ថិតក្នុងគន្លងគោចរខ្ទាស់ (locked orbit) ដោយផ្នែកម្ខាងបែរមុខរកផ្កាយរហូត និងម្ខាងទៀតងងឹតរហូត។ សម្រាប់ផ្នែកដែលបែរកផ្កាយរហូតនោះ អាចមានកម្តៅដល់ទៅជិត ៣០០អង្សាសេឯណោះ ប៉ុន្តែតំបន់ដែលមិនត្រូវក្តៅគឺមានសីតុណ្ហភាពទាប និងអាចមានសមុទ្រទឹករាវផងដែរ…។

NASA ទើបរកឃើញភពថ្មី១ទៀតចម្ងាយជាង ១៥០ឆ្នាំពន្លឺពីផែនដី និងអាចមាន «សមុទ្រ» (មានវីដេអូ)
រូបតំណាងប្រព័ន្ធផ្កាយ TOI-1846 (Source: Stellar Catalog)

សម្រាប់សំនួរថា អាចមានជីវិតនៅទីនោះដែរ ឬមួយក៏អត់នោះ គឺមិនទាន់មាននរណាអាចឆ្លើយបានឡើយ។ ជុំវិញប្រព័ន្ធផ្កាយខាងលើនេះ អង្គការ NASA ក៏រំពឹងផងដែរថា នឹងអាចប្រើប្រាស់តេឡេស្កូបអវកាស James Webb ដើម្បីឆ្លុះចូលក្នុងបរិយាកាសភព TOI-1846 b នោះ ហើយយើងនឹងដឹងសមាសធាតុផ្សំសំខាន់ៗ រួចយកមកវិភាគវែកញែកជាក់ជាមិនខាន…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា), ប្រភព៖ Hindustan Times (ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥)

480×240 Banner