ទីបំផុត NASA បង្កើតក្រុមការងារតាមដាន និងស្វែងយល់អំពី UFO / UAP ដោយប្រើពេលមិនដល់១ឆ្នាំ…

484

(អាមេរិក)៖ អង្គការ NASA នៃសហរដ្ឋអាមេរិកបានរៀបចំឱ្យ ក្រុមអ្នកវិទ្យាសាស្ត្រចំណាយពេល ៩ខែ ដើម្បីវាយតម្លៃបាតុភូតលើដែនអាកាស ដែលគេមិនស្គាល់អត្តសញ្ញាណហៅកាត់ថា UAPs ឬ UFO ខណៈពួកវាទាំងនេះនៅតែជាប្រធានបទ ដែលបង្កឲ្យមានការជជែកដេញដោល យ៉ាងក្តៅគគុកនៅឡើយ។

បើតាមលោក Thomas Zurbuchen អនុប្រធាន នៃការិយាល័យគ្រប់គ្រង បេសកកម្មវិទ្យាសាស្ត្ររបស់អង្គការ NASA បានឲ្យដឹងថា ការសិក្សាដែលនឹងចាប់ផ្តើមនៅដើមរដូវស្លឹកឈើជ្រុះ (ខែកញ្ញា ឆ្នាំ២០២២) ខាងមុននេះ នឹងដោះស្រាយសំណួរជាច្រើនទាក់ទងនឹង ការមើលឃើញវត្ថុនៅលើមេឃ ដែលមិនត្រូវបានគេកំណត់ថា ជាយន្តហោះ ឬបាតុភូតធម្មជាតិផ្សេងៗទៀតឲ្យប្រាកដនោះ។ សំណួរទាំងនោះរួមមាន ការវាយតម្លៃនូវទិន្នន័យដែលមានស្រាប់ ដែលសហគមន៍វិទ្យាសាស្ត្រគួរធ្វើការវិភាគ និងរបៀបអនុវត្តបច្ចេកវិទ្យាឆ្លាតវៃ (AI) និងម៉ាស៊ីនសិក្សាពាក់ព័ន្ធនឹងបញ្ហា UAP។

លោក Zurbuchen បានសង្កត់ធ្ងន់ថា អង្គការ NASA នៅទីបំផុតបានបង្ហាញភាពច្បាស់លាស់មួយហើយ ជុំវិញបេសកកម្មតាមដាន និងស្វែងយល់អំពី UAP ខាងលើនេះ។ យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការ NASA បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្មានភស្តុតាងណាមួយដែលបញ្ជាក់ថា UAP ទាំងនោះមានប្រភពដើម មកពីក្រៅភពផែនដី (Alien) នោះឡើយ»

ទីបំផុត NASA បង្កើតក្រុមការងារតាមដាន និងស្វែងយល់អំពី UFO / UAP ដោយប្រើពេលមិនដល់១ឆ្នាំ…

លោក Zurbuchen បានបង្ហាញការវាយតម្លៃថ្មី ក្នុងអំឡុងពេលពិភាក្សាលើការស្រាវជ្រាវ ដែលមានហានិភ័យ និងផលប៉ះពាល់កម្រិតខ្ពស់ ដូចអ្វីដែលអង្គការ NASA ធ្លាប់បានគូសបញ្ជាក់រួចទៅហើយ។ បន្ថែមពីនេះទៀត លោកបានកំណត់ការស្រាវជ្រាវនេះថា «ជាការងារដែលប្រឆាំងនឹងគោលបំណង ឬគំនិតនៃផ្នែកវិទ្យាសាស្ត្រនាពេលបច្ចុប្បន្ន ប៉ុន្តែវាក៏អាចផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ នូវរបៀបដែលយើងគ្រប់គ្នា គិតចំពោះពិភពលោកនេះផងដែរ»

ជាចុងក្រោយ លោក Zurbuchen បាននិយាយថា «អង្គការ NASA ជឿថាឧបករណ៍វិទ្យាសាស្រ្តមានថាមពលខ្លាំងទាំងឡាយ ក៏នឹងចូលរួមក្នុងបេសកកម្មនេះផងដែរ។ យើងមានលទ្ធភាព ដើម្បីសង្កេតយ៉ាងទូលំទូលាយមកលើភពផែនដី ពីទីលំហអវកាសទៅវិញ ហើយនោះគឺជាចរន្តឈាម នៃការស៊ើបអង្កេតតាមបែបវិទ្យាសាស្ត្រ។ យើងមានឧបករណ៍ចំរុះ និងក្រុមការងារដែលអាចជួយយើង កែលម្អការយល់ដឹងអំពីអ្វីដែលយើងមិនស្គាល់។ នោះគឺជានិយមន័យនៃវិទ្យាសាស្រ្ត និងជា​អ្វី​ដែល​យើង​កំពុងធ្វើ»

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space (ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២)

480×240 Banner