ជិតដល់ហើយ! James Webb ទើបឆ្លុះមើលភព TRAPPIST-1 d ចម្ងាយ ៤១ឆ្នាំពន្លឺពីផែនដី! (មានវីដេអូ)

247

(បរទេស)៖ ប្រិយមិត្តអាចផ្អាកអារម្មណ៍តានតឹងបន្តិចសិនក៏ល្អ ហើយងាកមករំសាយអារម្មណ៍ចំពោះព័ត៌មានដ៏គួរឲ្យរំភើបមួយនេះវិញ ដោយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb ទើបតែបានបញ្ចេញនូវលទ្ធផលសង្កេតភពនៅលេខរៀងទី ៣ ប្រចាំប្រព័ន្ធផ្កាយ TRAPPIST-1 នោះគឺភព TRAPPIST-1 d បន្ទាប់ការឆ្លុះមើល TRAPPIST-1 b និង c បានកើតឡើងរួចទៅហើយ ខណៈវេនរបស់ភព TRAPPIST-1 e ដែលពិសេសជាងគេបំផុតនោះ គឺកាន់តែជិតមកដល់។

(Video From YouTube: Cambo Space Edu)

យោងតាមទិន្នន័យពីកែវភ្នែកពិសេសរបស់ James Webb ក្រុមតារាវិទូបានបង្ហាញការភ្ញាក់ផ្អើលខ្លាំង ចំពោះបុគ្គលិកលក្ខណៈនៃភព TRAPPIST-1 d ហើយការភ្ញាក់ផ្អើលនេះមិនមែនជារឿងល្អទេ តែគឺជារឿងខកចិត្តទៅវិញ។ ពិតណាស់ ប្រព័ន្ធផ្កាយ TRAPPIST-1 ត្រូវបានក្រុមតារាវិទូរកឃើញភពដល់ទៅឯណោះ គោចរជុំវិញផ្កាយតូចក្រហម (Red Dwarf ឬ M Dwarf) នោះដូចជាភព Trappist-1 b, c, d, e, f, g និង h ហើយក្នុងនោះភពនៅកណ្តាលគេចំនួន គឺ Trappist-1 d, e និង f ត្រូវបានគេគណនាថា ស្ថិតនៅក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone)

ភព Trappist-1 d នៃប្រព័ន្ធ Trappist-1 (Credit: NASA)

ប៉ុន្តែលទ្ធផលសង្កេតរបស់ James Webb ទៅលើ TRAPPIST-1 d គឺមិនដូច្នោះទេ…។ ពុំមានសញ្ញាណាមួយដែល Webb រកឃើញថា TRAPPIST-1 d មានបរិយាកាសដូចផែនដី ដូចជាវត្តមាន ទឹក (water), មេតាន (methane), ឬសូម្បីតែកាបូនឌីអុកស៊ីត (carbon dioxide) នោះឡើយ។ ប្រការនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រសន្មតថា អាចបណ្តាលមកពីបរិយាកាស TRAPPIST-1 d ស្តើងជ្រុលពេកដែលពិបាកឲ្យសង្កេត ឬមួយក៏អាចមាន បរិយាកាសក្រាស់ជ្រុលពេកដូចជាភពសុក្រ (Venus) ដែលពោពេញដោយពពកក្រាស់ឃ្មឹក ហើយរារាំងកាណុងរបស់ James Webb មិនឲ្យឆ្លុះមើលឃើញម៉ូលេគុលសំខាន់ៗនៅក្នុងបរិយាកាសរបស់វាបាន…។ វាក៏អាចទៅរួចផងដែរថា TRAPPIST-1 d ជាភពថ្មត្រងោល ដែលគ្មានបរិយាកាសអ្វីសោះ (លក្ខណៈដូចភពពុធ)។

តំបន់បៃតងជា Habitable Zone រវាងប្រព័ន្ធព្រះអាទិត្យ ធៀបនឹងប្រព័ន្ធ Trappist-1 (Credit: NASA)

គួរបញ្ជាក់ថា ដោយសារតែផ្កាយ TRAPPIST-1 មានទំហំតូច ម៉ាសស្រាល និងកម្តៅខ្សោយជាងព្រះអាទិត្យ ដូច្នេះតំបន់ Habitable Zone របស់វាក៏ស្ថិតនៅកៀកផ្កាយនោះខ្លាំងដែរ។ បើតាមការសង្កេតដោយ Webb ភព TRAPPIST-1 d គោចរជុំវិញផ្កាយមេវាលឿនខ្លាំងណាស់ ដោយមួយឆ្នាំរបស់វាស្មើតែ ៤ថ្ងៃប៉ុណ្ណោះ នៃពេលវេលាលើផែនដី (រយៈពេល១ឆ្នាំនេះ គឺចង់សម្តៅលើការគោចររបស់ភព១ បាន១ជុំវិញផ្កាយមេរបស់វានោះឯង)។ TRAPPIST-1 d មានទំហំស្មើនឹង ៧៧% នៃផែនដី និងម៉ាសវិញស្មើតែ ៣០% នៃភពរបស់យើងនេះប៉ុណ្ណោះ ប៉ុន្តែកម្រិតពន្លឺដែលវាទទួលពីផ្កាយមេវា គឺស្មើនឹង ៤.៣% ច្រើនជាងអ្វីដែលផែនដីទទួលបានពីព្រះអាទិត្យ។

ជិតដល់ហើយ! James Webb ទើបឆ្លុះមើលភព TRAPPIST-1 d ចម្ងាយ ៤១ឆ្នាំពន្លឺពីផែនដី! (មានវីដេអូ)
ភព TRAPPIST-1 d យោងតាមទិន្នន័យថ្មីពី James Webb (Image Credit: NASA, ESA, CSA, Joseph Olmsted (STScI))

យ៉ាងណាក៏ដោយ ប្រសិនបើភព TRAPPIST-1 d គ្មានបរិយាកាសសោះ ឬមួយក៏បរិយាកាសស្តើងខ្លាំងនោះ កត្តាទាំងអស់នេះអាចបណ្តាលមកពីចលនាកញ្ជ្រោលរបស់ផ្កាយជំពូក M Dwarf ដូចជា TRAPPIST-1 នោះឯង។ Red DwarfM Dwarf ទោះបីជាមានខ្លួនតូចៗមែន តែផ្កាយប្រភេទនេះតែងតែផ្ទុះនូវអណ្តាតភ្លើង (flare) ក្នុងកម្រិតធំធេង ហើយប្រាកដណាស់ ភពដែលនៅជុំវិញផ្កាយនោះនឹងរងគ្រោះ ដូចជាត្រូវរលាត់បរិយាកាសពីខ្លួនអស់ និងរងគ្រោះពីរលកធាតុវិទ្យុសកម្មយ៉ាងកម្រោលជាដើម។ បរិស្ថានប្រភេទនេះ យើងពិបាកស្រមៃថា អាចមានជីវិតទៅរួចណាស់… តែយ៉ាងណា សូមរង់ចាំការសង្កេតភពបន្ទាប់គឺ TRAPPIST-1 e សិន ដែលអាចនឹងកើតឡើងឆាប់ៗ…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា), ប្រភព៖ NASA/ESA/CSA (ថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥)

480×240 Banner