ជប៉ុន៖ សមាសធាតុផ្សំនៃអាចម៍ផ្កាយ Ryugu ចាស់ជាងផែនដី និងភពដទៃទៀត (មានវីដេអូ)

900

(ជប៉ុន)៖ យោងតាមការពិសោធន៍នៅលើភពផែនដី បានបង្ហាញឲ្យឃើញថា គំរូតាងយកមកពីអាចម៍ផ្កាយ រីយូហ្គុ Ryugu មានអាយុកាលចាស់ជាងភពផែនដី និងភពនានា ក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះទៅទៀត ហើយសម្រាប់លទ្ធផលបានមកពីការវិភាគ គំរូតាងអាចម៍ផ្កាយជាប្រវត្តិសាស្ត្រនេះ គឺយើងត្រូវអរគុណដល់បេសកកម្មនៃយាន Hayabusa2 របស់អង្គការអវកាសជប៉ុន JAXA។

យាន Hayabusa2 និងអាចម៍ផ្កាយ Ryugu (JAXA)

បេសកកម្ម Hayabusa2 បានចាកចេញពីភពផែនដី កាលពីខែធ្នូ ឆ្នាំ២០១៤ និងទៅដល់គន្លងគោចរនៃអាចម៍ផ្កាយ Ryugu ដែលមានចម្ងាយជាង ២០០លានគីឡូម៉ែត្រពីភពផែនដីកាលពីឆ្នាំ ២០១៩។ ក្រោយពីការជីកយកគំរូតាង (កម្ទេចថ្ម) ពី Ryugu រួចរាល់ យានអវកាស Hayabusa2 បានបកត្រលប់មកកាន់ភពផែនដីវិញ និងទម្លាក់ប្រអប់ស្តុកកម្ទេចអាចម៍ផ្កាយ (មានគំរូតាងអាចម៍ផ្កាយក្នុងនោះទម្ងន់ ៥.៤ក្រាម) តាមរយៈឆ័ត្រយោងទៅលើប្រទេសអូស្ត្រាលី កាលពីខែធ្នូ ឆ្នាំ២០២០

គំរូងតាង (កម្ទេចថ្ម) ពីអាចម៍ផ្កាយ Ryugu (JAXA)

បន្ទាប់មកទៀត ក្រុមការងារស្រាវជ្រាវ និងវិភាគគំរូតាងរបស់ Ryugu ដឹកនាំដោយសាស្ត្រាចារ្យជប៉ុនលោក Tetsuya Yokoyama មកពីវិទ្យាសាស្ត្របច្ចេកវិទ្យាទីក្រុង Tokyo បានរកឃើញថា សមាសធាតុផ្សំរបស់ Ryugu នោះ ពិតជាមានអាយុកាលត្រូវគ្នា នឹងកម្ទេចធូលីនីបូឡាព្រះអាទិត្យ (solar nebula ជាកម្ទេចធូលី និងឧស្ម័នដែលប្រមូលផ្តុំដើម្បីបង្កើតចេញជាព្រះអាទិត្យ និងភពនានា) ដែលមិនធ្លាប់មាននោះឡើយពីមុនមក។ ប្រការនេះមានន័យថា Ryugu មានសមាធាតុផ្សំ ដូចគ្នាទៅនឹងសមាធាតុផ្សំនៃប្រព័ន្ធព្រះអាទិត្យយើងកាលពី ៤.៥ ពាន់លានឆ្នាំមុននោះដែរ។

សាស្ត្រាចារ្យជប៉ុនលោក Tetsuya Yokoyama

នេះជាលើកទី ១ ហើយ គិតចាប់តាំងពីឆ្នាំ ១៩៣៨ ដែលក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ កម្ទេចកម្ទីមកពីទីអវកាស ដែលមានសមាធាតុផ្សំ ដូចនឹងសមាសធាតុផ្សំនៃប្រព័ន្ធព្រះអាទិត្យ (ជាកម្ទេចថ្មដែលសំបូរទៅដោយធាតុកាបូន (caron-rich))។ កាលពីឆ្នាំ ១៩៣៨, កម្ទេចអាចម៍ផ្កាយមួយមានឈ្មោះថា អ៊ីវូណា (Ivuna) បានធ្លាក់ទៅលើទឹកដីនៃប្រទេសតង់ហ្សានី (Tanzania) ហើយត្រូវបានសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ខ្ចីយកទៅធ្វើការសិក្សាស្រាវជ្រាវ និងបានរកឃើញថា វាមានសមាសធាតុផ្សំ ដូចទៅនឹងសមាធាតុដែលបានបង្កើតប្រព័ន្ធព្រះអាទិត្យ នៅក្នុងដំណាក់កាលដំបូងៗផងដែរ។

ជប៉ុន៖ សមាសធាតុផ្សំនៃអាចម៍ផ្កាយ Ryugu ចាស់ជាងផែនដី និងភពដទៃទៀត…
ការប្រៀបធៀបទំហំ Ryugu (JAXA)

គួរបញ្ជាក់ថា នេះគ្រាន់តែជាការសិក្សាក្នុងដំណាក់កាលដំបូងៗប៉ុណ្ណោះ ដើម្បីស្វែងយល់អំពីអាយុកាលពិតប្រាកដ នៃប្រព័ន្ធព្រះអាទិត្យយើង។ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិជាច្រើនទសវត្សរ៍មកនេះ បានព្យាយាមសិក្សាអំពីអាចម៍ផ្កាយ និងកម្ទេចកម្ទីថ្មអវកាសទាំងតូចទាំងធំ ដែលយើងអាចធ្វើទៅរួច ដើម្បីស្វែងយល់អំពីការកកើតភពនានា នៅក្នុងប្រព័ន្ធយើងនេះ។ សម្រាប់ការបញ្ជូនយានអវកាស Lucy ទៅសិក្សាចង្កោមអាចម៍ផ្កាយ Trojan ដែលស្ថិតនៅគន្លងគោចរជាមួយភពព្រហស្បតិ៍នោះ ក៏ស្ថិតនៅក្នុងគោលដៅស្រដៀងគ្នានេះផងដែរ៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព៖ Space/Science (ថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២)

480×240 Banner