វាទំនងជា Black Hole «តែលតោល» ដ៏តូចបំផុត ហើយនៅមិនឆ្ងាយពីផែនដីឡើយ…

2,892

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ទំនងជាបានរកឃើញប្រហោងខ្មៅតែលតោល (Rogue Black Hole) ដ៏តូចបំផុត មិនធ្លាប់ត្រូវបានជួបប្រទះនៅក្នុងកាឡាក់ស៊ី មាលគីវ៉េយ៍ (Milky Way) យើងនេះ ហើយវាស្ថិតនៅមិនឆ្ងាយពីភពផែនដីប៉ុន្មានឡើយ នោះគឺ ៥,០០០ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)

ប្រហោងខ្មៅតែលតោល គឺជាជំពូកប្រហោងខ្មៅដែលស្ថិតនៅឯកោ ដែលគ្មានតារាណាមួយ ឬបរិស្ថានកញ្ជ្រោលដ៏ខ្លាំងក្លាជុំវិញវា ដែលអាចឲ្យក្រុមតារាវិទូងាយអង្កេតឃើញនោះឡើយ, ហេតុដូច្នេះទើបវាត្រូវបានផ្តល់រហស្សនាមឲ្យថា Rogue Black Hole បែបនេះ។

ប្រហោងខ្មៅតែលតោលមានទំហំតូចបំផុត ស្មើតែជាង ៧ដង នៃម៉ាស់របស់ព្រះអាទិត្យខាងលើនេះ ត្រូវបានសិក្សា និងរកឃើញដោយក្រុមតារាវិទូ ដឹកនាំដោយលោក Kailash Sahu ស្ថិតនៅវិទ្យាស្ថានវិទ្យាសាស្ត្រតេឡេស្កូបអវកាស ក្នុងទីក្រុង Baltimore នៃរដ្ឋ Maryland សហរដ្ឋអាមេរិក។

យើងត្រូវអរគុណដល់តារាមួយដួង ស្ថិតនៅពីក្រោយ (background) របស់ Rogue Black Hole មួយនោះ ដែលបានធ្វើឲ្យតេឡេស្កូបលើផែនដី អាចដឹងថាមានវត្តមានប្រហោងខ្មៅ ស្ថិតនៅចម្ងាយ ៥,០០០ឆ្នាំពន្លឺពីផែនដីនោះ ខណៈតារាស្ថិតនៅ background នោះមានចម្ងាយ ១៩,០០០ឆ្នាំពន្លឺពីផែនដី។ នេះជាការអង្កេតដោយប្រើប្រាស់បច្ចេកទេស gravitational lens ព្រោះប្រហោងខ្មៅតែលតោល មិនបញ្ចេញពន្លឺនៅជុំវិញខ្លួនវានោះឡើយ ប៉ុន្តែវាអាចបិទបាំង ឬស្រូបពន្លឺតារាដែលស្ថិតនៅ background របស់វាបាន។

វាទំនងជា Black Hole «តែលតោល» ដ៏តូចបំផុត ហើយនៅមិនឆ្ងាយពីផែនដីឡើយ…

ក្នុងការអង្កេតប្រហោងខ្មៅខាងលើនេះ ក្រុមតារាវិទូបានប្រើប្រាស់ឧបករណ៍ចាប់បាតុភូត Gravitational Lensing មួយរបស់ប៉ូឡូញហៅកាត់ថា OGLE ដែលភាគច្រើនត្រូវបានប្រើប្រាស់ នៅឯមន្ទីរអង្កេតតារា Las Campanas នៅក្នុងប្រទេសឈីលី ព្រមទាំងមន្ទីរអង្កេតតារាមួយទៀត នៅក្នុងប្រទេសនូវែលសេឡង់។ ក្រុមការងាររបស់លោក Sahu ក៏បានប្រើប្រាស់តេឡេស្កូបអវកាស Hubble ក្នុងការតាមដានប្រហោងខ្មៅមានម៉ាស់ ៧.១ដង នៃម៉ាស់របស់ព្រះអាទិត្យនោះផងដែរ ដើម្បីឲ្យប្រាកដថា វាពិតជាមានវត្តមានប្រាកដមែន។

យ៉ាងណាក៏ដោយ, ក្រុមការងារមួយទៀត ដែលដឹកនាំដោយតារាវិទូ Casey Lam មកពីសាកលវិទ្យាល័យ Berkeley នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានរកឃើញបែបនេះវិញថា ប្រហោងខ្មៅតែលតោលខាងលើនេះ មានម៉ាស់តែចន្លោះពី ១.៦ដង ទៅ ៤.៤ដង នៃម៉ាស់របស់ព្រះអាទិត្យយើងប៉ុណ្ណោះ ហើយប្រសិនបើនេះជាលទ្ធផលត្រឹមត្រូវវិញនោះ វានឹងក្លាយជាផលប៉ះទង្គិចគ្នាមួយ ដល់ការសិក្សាជាលក្ខណៈសកលជាក់ជាមិនខាន៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព៖ Space (ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២)

480×240 Banner