«ចំណុចជ្រៅបំផុត» ក្នុងមហាសមុទ្រខាងត្បូងភពផែនដី ត្រូវបានកំណត់ជាលើកដំបូង!

805

(បរទេស)៖ ក្រោយសេចក្តីប្រកាសពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រ ក្នុងការបែកចែកមហាសមុទ្រថ្មីមួយទៀត នៅលើភពផែនដីមានឈ្មោះថា មហាសមុទ្រខាងត្បូង (Southern Ocean) ដោយកំណត់យកតំបន់ដែនសមុទ្រ ព័ទ្ធជុំវិញទ្វីបទឹកកកយក្ស អង់តាកទិក (Antarctica) នៅប៉ូលខាងត្បូងភពផែនដីនោះ ការសិក្សាស្រាវជ្រាវក៏នៅតែបន្តផងដែរ ដើម្បីវែករកមើលអាថ៌កំបាំងជាបន្តបន្ទាប់។

តួយ៉ាងកាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានសិក្សា និងកំណត់ផែនទីជាលើកដំបូង នៃចំណុចជ្រៅបំផុតមួយក្នុងមហាសមុទ្រខាងត្បូង។ ចំណុចជ្រៅបំផុតនោះត្រូវបានដាក់ឈ្មោះឲ្យថា «Factorian Deep» ដោយវាមានជម្រៅជ្រៅ ស្មើនឹងកម្ពស់នៃអគារ Empire State Building នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក គុណនឹង ១៧ ឯណោះ។

ការគូសវាសផែនទីនៃ Factorian Deep

យ៉ាងណាក៏ដោយ តំបន់បាតសមុទ្រ Factorian Deep ត្រូវបានរកឃើញជាលើកដំបូង ដោយអ្នកស្រាវជ្រាវ និងជាអ្នកជំនួញជនជាតិអាមេរិកមួយរូប គឺលោក Victor Vescovo កាលពីឆ្នាំ ២០១៩ ហើយក្រោយការព្យាយាមចុះទៅសិក្សាស្រាវជ្រាវ នៅតំំបន់ខាងលើនេះចំនួន ៥លើក ក្រុមការងាររបស់លោកបានគណនាដឹងថា Factorian Deep មានជម្រៅ ៧,៤៣៧ម៉ែត្រ ខណៈចំណុចជ្រៅបំផុតនៃមហាសមុទ្រ ប៉ាស៊ីហ្វិក (Pacific Ocean) វិញមានឈ្មោះថា Challenger Deep ស្ថិតក្នុងតំបន់អន្លង់ Mariana Trenh ជាមួយនឹងជម្រៅ ១០,៩២៤ម៉ែត្រ។

Factorian Deep (BBC’s image)

គួរបញ្ជាក់ថា ការដាក់ឈ្មោះចំណុចជ្រៅបំផុត នៃមហាសមុទ្រខាងត្បូងនោះថា Factorian Deep គឺព្រោះតែវាត្រូវបានលោក Vescovo រកឃើញដោយប្រើប្រាស់ នាវាមុជទឹកតូចមួយឈ្មោះ Limiting Factor បញ្ជាដោយរូបលោកផ្ទាល់ នៅតំបន់ដែនសមុទ្រ South Sandwich Trenh ស្ថិតនៅចុងនៃមហាសមុទ្រអាត្លង់ទិក (Alantic Ocean)។ South Sandwish Trenh មានដែនទឹកលាតសន្ធឹងក្នុងរយៈចម្ងាយ ៩៦៥គីឡូម៉ែត្រនៅចន្លោះទ្វីបអាមេរិកខាងត្បូង និងទ្វីបអង់តាកទិក ហើយដែលត្រូវបានចាត់បញ្ចូលទៅក្នុង ដែនសមុទ្រខាងត្បូង (Southern Ocean) ទៅហើយនោះ៕

«ចំណុចជ្រៅបំផុត» ក្នុងមហាសមុទ្រខាងត្បូងភពផែនដី ត្រូវបានកំណត់ជាលើកដំបូង!
ព្រះចន្ទរះលើដែនសមុទ្រ នៃទ្វីបទឹកកកអង់តាកទិក (Antarctica)

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព៖ Live Science (ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២)

480×240 Banner