«២០២៩» នឹងក្លាយជាឆ្នាំប្រវត្តិសាស្ត្រ ដែលមនុស្សលោកឃើញ «អាចម៍ផ្កាយ» ហោះកាត់ផែនដីផ្ទាល់ភ្នែក… (មានវីដេអូ)

223

(បរទេស)៖ នេះមិនមែនជារឿងលេងសើចនោះទេ ក្រុមអ្នកវិទ្យាសាស្ត្រប្រាកដជា នឹងបែកញើសថ្ងាសមិនស្ទើរឡើយនៅក្នុងថ្ងៃដែលអាចម៍ផ្កាយ Apophis​ ដែលមានលេខសម្គាល់ 99942 Apophis ឬរហស្សនាមថា «God of Chaos (អាទិទេពនៃភាពវឹកវរ)» នឹងហោះកាត់ផែនដីក្នុងគម្លាតយ៉ាងកៀកបំផុត នៅថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០២៩នោះ។ ប៉ុន្តែឈប់សិន! តើ Apophis ពិតជាអាចបុកភពផែនដីមែនឬទេ? ចម្លើយនឹងមានក្នុងអត្ថបទថ្មីនេះ។

(សូមចុចទស្សនាក្នុងយូធូប Cambo Space ដោយផ្ទាល់)

នៅសល់មិនដល់ ៤ឆ្នាំទៀតឡើយដោយគិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះតទៅដែល អាផូហ្វីស (Apophis) នឹងមកដល់ ហើយក្រុមអ្នកវិទ្យាសាស្ត្រមិនមែនត្រឹមតែកំពុងត្រៀមដើម្បីផ្តិតយកទិដ្ឋភាព និងសិក្សាអំពីការពិតរបស់អាចម៍ផ្កាយខ្នាតធំនោះប៉ុណ្ណោះទេ តែក៏ទៅលើលទ្ធភាពដែលវា អាចបង្កគ្រោះហន្តរាយដល់ភពផែនដីនៅថ្ងៃអនាគត ឬនិយាយឲ្យចំគឺឱកាសដែលវានឹងបុកភពដ៏ល្អបរវរផូរផង់របស់យើងនៅឱកាសបន្តបន្ទាប់ទៀតផងដែរ។

«២០២៩» នឹងក្លាយជាឆ្នាំប្រវត្តិសាស្ត្រ ដែលមនុស្សលោកឃើញ «អាចម៍ផ្កាយ» ហោះកាត់ផែនដីផ្ទាល់ភ្នែក… (មានវីដេអូ)
រូបតំណាង Apophis ហោះកៀកផែនដីនៅឆ្នាំ២០២៩ (Image Source: ESA)
  • តើយើងពិតជាអាចមើលឃើញ Apophis ផ្ទាល់ភ្នែកមែនឬ?

ប្រសិនបើមានធាតុអាកាសល្អនៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៩នោះ ប្រជាជនជាង ២០% លើភពផែនដីនឹងអាចមើលឃើញ Apophis ផ្ទាល់ភ្នែកតែម្តងនៅលើផ្ទៃមេឃ ដោយពេលនោះវានឹងគោចរកាត់ផ្ទៃមេឃនៃតំបន់អឺរ៉ុបខាងលិច និងទ្វីបអាហ្វ្រិក ហើយប្រជាជនខ្ទង់ ២ពាន់លាននាក់នៅតំបន់ទាំងនេះ អាចទស្សនាឃើញដោយងាយ។

Apophis ពេលនោះនឹងមានទម្រង់ដូចជាផ្កាយមានពន្លឺស្រទន់មួយដួង កំពុងចល័តពីលើក្បាលរបស់យើង ហើយកម្រិតពន្លឺរបស់ Apophis គឺនឹងប្រហាក់ប្រហែលនឹងក្រុមផ្កាយ Big Dipper ដែរ។ ពេលនោះមនុស្សលោកនឹងបង្កើត «ប្រវត្តិសាស្ត្រថ្មី» ក្នុងការទស្សនាអាចម៍ផ្កាយគ្រោះថ្នាក់ ហោះកាត់ផែនដីដោយផ្ទាល់ភ្នែក ហើយសម្រាប់មនុស្សលោកដែលរស់នៅតំបន់ផ្សេងៗទៀត រួមទាំងនៅប្រទេសកម្ពុជាយើងផងដែរ សូមកុំទាន់ខកចិត្ត ព្រោះយើងនឹងអាចទស្សនាបានតាមរយៈការ Live

  • តើ Apophis អាចបុកភពផែនដីយើងដែរឬទេ?

សំនួរនេះប្រសិនបើចាំដល់ដើមឆ្នាំ២០២៩ ចាំសួរ ទើបអាចមានចម្លើយច្បាស់លាស់ជាង។ យើងចាំបានថា នៅពេលដែលក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ Apophis ដំបូង ពួកគេមានការភ្ញាក់ផ្អើលមែនទែន ដោយការគណនាកាលណោះបានបង្ហាញថា ឱកាសដែល Apophis នឹងបុកផែនដីនៅឆ្នាំ២០២៩ គឺ ២.៧% ដែលនេះពិតជាកម្រិតគួរឲ្យបារម្ភ…។ តែនៅក្រោយការសិក្សាអស់ជាងមួយទសវត្សរ៍ ទើបអង្គការ NASA នៃសហរដ្ឋអាមេរិក បានប្រកាសកាលពីឆ្នាំ២០២១ថា ឱកាសដែល Apophis នឹងបុកផែនដីនៅឆ្នាំ២០២៩គឺ «គ្មាន» សោះតែម្តង។

  • តើក្រុមអ្នកវិទ្យាសាស្ត្រកំពុងត្រៀមអ្វីខ្លះសម្រាប់ការមកដល់របស់ Apophis?

សាស្ត្រាចារ្យមួយរូបឈ្មោះ Richard Binzel មកពីវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋម៉ាស្សាជូសេត (MIT) នៃសហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកម្មវិធីជជែកពិភាក្សាពិសេសមួយជាមួយក្រុមអ្នកវិទ្យាសាស្ត្រអឺរ៉ុបថា «យោងតាមការគណនារបស់យើងគឺ Apophis មានអង្កត់ផ្ចិតចន្លោះពី ៣៤០ម៉ែត្រ ទៅ ៣៧០ម៉ែត្រ ឬអាចប្រហាក់ប្រហែលនឹងកម្ពស់នៃ ប៉មទួលអ៊ែហ្វែល នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ការមកដល់របស់ Apophis យ៉ាងកៀកបំផុត (ក្នុងគម្លាតត្រឹមតែ ៣២,០០០km) ពីភពផែនដីបែបនេះ អាចកើតមានឡើងតែខ្ទង់ ៧,៥០០ឆ្នាំម្តងប៉ុណ្ណោះ បើទោះបីជាការគោចរកាត់ផែនដី តែងកើតឡើងចន្លោះពី ៧-៨ឆ្នាំម្តងក្តី…»។

គន្លងគោចរនៃ Apophis នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៩ (Credit: Star Walk)

សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ក៏ដូចជាសហភាពតារាសាស្ត្រអន្តរជាតិ (IAU), អង្គការ NASA និងអង្គការ ESA ជាដើម ការមកដល់កៀកផែនដីបំផុតរបស់ Apophis នៅឆ្នាំ២០២៩ នឹងក្លាយជាឱកាសដែលមួយជីវិតសឹងតែមិនមានម្តងផង (គ្រប់គ្នាប្រាកដជាប្រឹងតាមដានដោយរំភើប និងដល់ថ្នាក់បែកញើសជោកថ្ងាសមិនខាន)។ ពួកគេនឹងសម្លឹងមើលឃើញផ្ទាល់ភ្នែកនូវរបៀបដែលឥទ្ធិពលនៃកម្លាំង gravity របស់ផែនដីបង្កការប្រែប្រួលទៅលើឥរិយាបថរបស់ Apophis ពេលចល័តមកកៀកយើងបំផុតនោះ…។ លោក Binzel បានសង្កត់ធ្ងន់បែបនេះថា «យើងមិនធ្លាប់យល់ដឹងនោះទេ… ហើយយើងនឹងមិនអាចយល់ដឹងឡើយរហូតដល់យើងសង្កេតមើល (Apophis) ពេលវាមកដល់សិន…»

គួរបញ្ជាក់ថា NASA ក៏មានយានអវកាសមួយគ្រឿងដែលកំពុងស្ថិតនៅទីអវកាសស្រាប់ និងត្រៀមសិក្សានៅពេល Apophis ហោះកាត់ផែនដីនៅខែមេសា ឆ្នាំ២០២៩ផងដែរ នោះគឺ OSIRIS-APEX ដែលនោះជាភារកិច្ចទី របស់វាក្រោយបញ្ចប់បេសកកម្មជីកយកសំណាកពីអាចម៍ផ្កាយ Bennu និងដឹកមកទម្លាក់លើផែនដីវិញកាលពីឆ្នាំ២០២៣។ បើតាមផែនការដើម សម្រាប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៩នោះ OSIRIS-APEX នឹងប្រើប្រាស់កម្លាំងទំនាញផែនដី រុញច្រានខ្លួនវាចូលក្នុងគន្លងអបនឹង Apophis ដើម្បីចាប់ផ្តើមការសិក្សាអាចម៍ផ្កាយនេះដែលមានរយៈពេលសរុប ១៨ខែ តែនៅអំលុងខែទី ១៥ នៃបេសកកម្មនេះ OSIRIS-APEX នឹងបន្ទាបខ្លួនចុះទៅជីកកកាយផ្នែកខាងលើរបស់ Apophis ដើម្បីសិក្សាស្វែងយល់អំពីសមាសធាតុផ្សំសំខាន់ៗផង និងឈ្វេងយល់ពីឥទ្ធិពលនៃបរិស្ថានអវកាសទៅលើផ្ទៃវាផង៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space), ប្រភព៖ Live Science (ថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៥)

480×240 Banner