ការរកឃើញ «តារាណឺត្រុងប្រភេទថ្មី» កំពុងជំរុញឲ្យមានការគិតឡើងវិញ អំពីការកំណត់ប្រភេទ

449

(បរទេស)៖ ក្រុមតារាវិទូតាមរយៈបណ្តាញតេឡេស្កូបរបស់អង្គការ ESO, NASA និង ESA ទើបតែបានរកឃើញរកឃើញ តារាណឺត្រុងប្រភេទថ្មីមួយ (new kind of neutron star) ស្ថិតនៅក្នុងតំបន់ពោពេញដោយ កាកសំណល់នៃបន្ទុះស៊ូពើណូវ៉ា (Supernova) មួយមានឈ្មោះថា Small Magellanic Cloud ស្ថិតនៅចម្ងាយ ២០០,០០០ឆ្នាំពន្លឺពីផែនដី។ (អ្នកអាចកំណត់ទីតាំងតារាណឺត្រុងថ្មីនេះបាន តាមរយៈរូបភាពខាងក្រោម ដោយវាជាចំណុចខៀវមួយ នៅចំកណ្តាលតំបន់រាងដូចចិញ្ចៀន)

ការរកឃើញ «តារាណឺត្រុងប្រភេទថ្មី» កំពុងជំរុញឲ្យមានការគិតឡើងវិញ អំពីការកំណត់ប្រភេទ
តារាណឺត្រុងថ្មី (Image Credit: ESO/NASA, ESA and the Hubble Heritage Team (STScI/AURA)/F. Vogt et al.)

តារាណឺត្រុងប្រភេទថ្មីមួយនេះ គឺត្រូវបានរកឃើញ និងដឹកនាំការសិក្សាដោយតារាវិទូមួយរូប នៃសាកលវិទ្យាល័យ Sydney ប្រទេសអូស្ត្រាលី។ វាស្ថិតនៅក្នុងតំបន់ដាច់ស្រយាលបំផុត (neutron star graveyard ឬទីបញ្ចប់ជីវិតនៃតារាណឺត្រុង) នៃកាឡាក់ស៊ី Milky Way យើង ដែលជាធម្មតា គឺមិនសមមានវត្តមានរបស់តារាណឺត្រុងបែបនោះឡើយ។ ក្រុមតារាវិទូដែលចូលរួមក្នុងការសិក្សានេះ បានអះអាងថា តារាណឺត្រុងប្រភេទថ្មីនោះ តែងវិលជុំវិញខ្លួនឯងយឺតបំផុត នោះគឺមួយជុំប្រើពេលរហូតដល់ ៧៦វិនាទីឯណោះ ដែលជាល្បឿនយឺតខ្លាំង ធៀបនឹងជំពូកតារាណឺត្រុងដទៃៗទៀត។

ក្រុមអ្នកសិក្សាខាងលើនេះមានឈ្មោះថា MeerTRAP ហើយពួកគេបានប្រើប្រាស់ តេឡេស្កូបចាប់រលកសញ្ញាវិទ្យុមានឈ្មោះថា MeerKAT ដែលមានទីតាំងស្ថិតនៅប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីរកឃើញតារាណឺត្រុងថ្មី និងត្រូវបានដាក់ឈ្មោះឲ្យថា «PSR J0901-4046» នោះ។ លទ្ធផលសិក្សាដំបូងរបស់ពួកគេនេះ ត្រូវបានចុះផ្សាយនៅក្នុងកាសែត Nature Astronomy តាំងតែពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មកម្ល៉េះ។

បណ្ឌិត Manisha Caleb ដែលជាតារាវិទូដឹកនាំការសិក្សាខាងលើនេះ បានលើកឡើងថា «វាពិតជាគួរឲ្យភ្ញាក់ផ្អើល ដែលយើងអាចចាប់បានរលកសញ្ញា នៃតារាណឺត្រុងមួយនោះ នៅពេលវាបញ្ចេញមករកយើងបានតែ ០.៥% ប៉ុណ្ណោះ នៃថេរវេលាវង្វិលជុំរបស់វា។ ប្រការនេះមានន័យថា វាពិតជាសំណាងបំផុតដែលរលកសញ្ញាដ៏ខ្សោយនោះ បានឆ្លងកាត់មកដល់ភពផែនដី…។ អាចមានតារាណឺត្រុងច្រើនទៀត ដែលវិលយឺតបែបនេះ ហើយវាក៏ជាបែបបទដ៏សំខាន់ សម្រាប់ឲ្យយើងស្វែងយល់អំពី របៀបនៃការកកើតតារាណឺត្រុង និងអាយុកាលរបស់ពួកវាផងដែរ»។

រូបតំណាងនៃតារាណឺត្រុង

គួរបញ្ជាក់ថា កន្លងមកនេះ លំដាប់ថ្នាក់ ឬប្រភេទនៃតារាណឺត្រុង មិនទាន់ត្រូវបានកំណត់ជាក់លាក់នៅឡើយទេ ដោយខ្លះថាមាន ២ប្រភេទ និងខ្លះទៀតថា ៣ប្រភេទ ខណៈការសិក្សាស្រាវជ្រាវ គឺកំពុងតែបន្តទៅមុខនៅឡើយ។ គិតត្រឹមពេលនេះ ក្រុមតារាវិទូបានរកឃើញតារាណឺត្រុងចំនួនជាង ៣,០០០ដួងរួចមកហើយ នៅក្នុងកាឡាកស៊ី Milky Way។ តារាណឺត្រុង គឺជាសំណល់ដ៏ហាប់ណែន (ស្នូលហាប់ណែនបំផុត) នៃផ្កាយក្រោយផ្ទុះស្លាប់ ឬដែលយើងហៅថា supernova នោះ៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព៖ Scietechdaily (ថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២)

480×240 Banner