នេះជា «ផ្កាយដុះកន្ទុយ» មកពីក្រៅប្រព័ន្ធព្រះអាទិត្យថតដោយ Hubble! (UPDATE) (មានវីដេអូ)

85

(បរទេស)៖ តេឡេស្កូបអវកាស Hubble នៃអង្គការ NASA និង ESA ទើបតែបានផ្តិតរូបភាព វត្ថុអវកាសមកពីក្រៅប្រព័ន្ធព្រះអាទិត្យ ឬ យើងអាចហៅវាផ្កាយដុះកន្ទុយមកពីក្រៅប្រព័ន្ធព្រះអាទិត្យក៏បានដែរ (Interstellar Object or Interstellar Comet) ឈ្មោះ 3I/ATLAS ដោយរូបភាពថ្មីនេះត្រូវបានបញ្ចេញនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះតែម្តង។

(សូមចុចទស្សនាផ្ទាល់ វីដេអូក្នុងយូធូប Cambo Space Edu)

សម្រាប់ប្រភពជាក់លាក់របស់ 3I/ATLAS គឺនៅតែអាថ៌កំបាំង ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រអាចធ្វើការសន្និដ្ឋានបានថា នេះជាវត្ថុអវកាសមកពីតំបន់ដ៏ឆ្ងាយណាមួយនៅក្នុងកាឡាក់ស៊ី Milky Way ហើយវាគឺជាដុំអាចម៍ផ្កាយទឹកកកមួយ ដែលអាចកំពុងផ្ទុកអាថ៌កំបាំង ដែលបញ្ជាក់ពីប្រវត្តិនៃការកកើតកាឡាក់ស៊ី Milky Way យើងនេះផងក៏ថាបាន។

តេឡេស្កូបអវកាស Hubble (Credit: NASA/ESA)

គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ ផ្កាយដុះកន្ទុយ 3I/ATLAS កំពុងគោចរទៅរកចំណុចកៀកនឹងព្រះអាទិត្យបំផុត នៅក្នុងល្បឿនខ្ទង់ ២១០,០០០km ក្នុងមួយម៉ោង។ សម្រាប់ល្បឿនលឿនកម្រិតនេះ ក្រុមតារាវិទូអាចសន្និដ្ឋានបានថា 3I/ATLAS បានឆ្លងកាត់ការរុញច្រានពីកម្លាំង gravity របស់ផ្កាយ និងស្នូលនីប៊ុយឡាច្រើនដំណាក់កាលណាស់ ទម្រាំវាអាចមានសន្ទុះលឿនបែបនេះ ចូលមកកាន់ប្រព័ន្ធផ្កាយយើង ហើយវាក៏បានចល័តបែបតែលតោលនេះអស់រាប់ពាន់លានឆ្នាំមកហើយ។

នេះជា «ផ្កាយដុះកន្ទុយ» មកពីក្រៅប្រព័ន្ធព្រះអាទិត្យថតដោយ Hubble! (UPDATE) (មានវីដេអូ)
រូបភាពថ្មីនៃ 3I/ATLAS ថតដោយ Hubble (Credit: NASA/ESA’s Hubble Team)

សម្រាប់រូបភាពមួយសន្លឹកថ្មីថតដោយ Hubble នេះ អាចឲ្យក្រុមតារាវិទូធ្វើការគណនាបានយ៉ាងប្រាកដប្រជាជាងមុនថា វត្ថុអវកាស 3I/ATLAS ដែលប្រៀបបីដូចជាដុំទឹកកកនោះមានអង្កត់ផ្ចិតចន្លោះពី ៣២០ម៉ែត្រ ទៅ ៥.៦km តែប៉ុណ្ណោះ ខណៈការសន្និដ្ឋានពីមុនគឺរហូតដល់ទៅជាង ២០km

សម្រាប់បងប្អូនដែលនៅដក់ជាប់អប៉ិយជំនឿជុំវិញផ្កាយដុះកន្ទុយនេះ សូមកុំមានការព្រួយបារម្ភអី ព្រោះបើទោះបីជា 3I/ATLAS គោចរចូលមកប្រព័ន្ធព្រះអាទិត្យយើងមែន តែវាស្ថិតនៅក្នុងគម្លាតឆ្ងាយពីផែនដីណាស់ ដែលមិនអាចឲ្យយើងមើលឃើញនឹងភ្នែកលើផ្ទៃមេឃផែនដីឡើយ ហើយប្រសិនបើចង់ថតវានោះគឺយើងត្រូវការតេឡេស្កូបធំៗ និងមានកម្មវិធីសម្គាល់ទីតាំង ព្រមទាំងពេលវេលាយ៉ាងជាក់លាក់ ឬសរុបទៅប្រសិនបើបច្ចុប្បន្ននេះយើងគ្មានបច្ចេកវិទ្យាទំនើបទេ នោះយើងក៏ប្រាកដជាមិនដឹងផងថា វាហោះចូលមកក្នុងប្រព័ន្ធព្រះអាទិត្យយើងនោះឡើយ។

គន្លងគោចរនៃ 3I/ATLAS (រូបភាពពីបរទេស)

គួរបញ្ជាក់ថា 3I/ATLAS នឹងគោចរទៅកៀកព្រះអាទិត្យបំផុតនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅក្នុងគម្លាត ២០៣លានkm ហើយពេលនោះវាក៏នឹងស្ថិតក្នុងគន្លងគោចរនៃភពអង្គារផងដែរ តែវានឹងមិនបុកភពអង្គារទេ។ ដោយឡែកការស្ថិតនៅចំណុចកៀកផែនដីបំផុតរបស់ 3I/ATLAS នឹងកើតឡើងនៅចុងខែធ្នូ ឆ្នាំ២០២៥ តែនៅក្នុងគម្លាតប្រមាណ ២៦៩លានkm ឯណោះ ដូច្នេះយើងគ្មានរឿងអ្វីដែលត្រូវខ្វាយខ្វល់ចំពោះវាឡើយ…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា), ប្រភព៖ NASA/ESA’s Hubble Team (ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៥)

480×240 Banner