សាកទាយទៅមើល! មួយប៉ុស្តិ៍ថតដោយ Hubble នេះ មានកាឡាក់ស៊ីចំនួនប៉ុន្មាន?
(បរទេស)៖ ក្រុមការងារគ្រប់គ្រងបេសកកម្មតេឡេស្កូបអវកាស Hubble របស់អង្គការ NASA ទើបតែបានបញ្ចេញរូបថតមួយសន្លឹក ដែលមានផ្ទុកកាឡាក់ស៊ីសរុបចំនួន «៥,០០០ កាឡាក់ស៊ី» ដោយមើលទៅពួកវាសុទ្ធតែមានទ្រង់ទ្រាយ និងពណ៌ខុសប្លែកពីគ្នា ហើយក៏ឆ្លុះបញ្ចាំងពីអតីតកាល រាប់ពាន់លានឆ្នាំផងដែរ។

ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ក្រុមកាឡាក់ស៊ីវ័យចំណាស់បំផុត ដែលត្រូវបានរកឃើញកន្លងមកនេះ គឺមានអាយុកាលប្រមាណ ១៣ ពាន់លានឆ្នាំ។ ប្រការនេះមានន័យថា ក្រុមកាឡាក់ស៊ីទាំងនោះ បានប្រមូលផ្តុំរូបរាងឡើង នៅរយៈពេលប៉ុន្មានរយលានឆ្នាំ ក្រោយបន្ទុះ ប៊ីកប៊ែង (Big Bang) បានកើតឡើងកាលពី ១៣.៨ពាន់លានឆ្នាំមុន។
តាមរយៈការសង្កេតមើលពន្លឺ ស្វាយអ៊ុលត្រា (ultraviolet light) នៃកាឡាក់ស៊ីទាំងនោះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ បណ្តុំនៃសារធាតុគីមីនៅក្នុងពួកវា ដែលសុទ្ធសឹងជាព័ត៌មានសំខាន់ៗ អាចឲ្យពួកគេស្វែងយល់អំពី របៀបនៃការចាប់កំណើត និងពង្រីកខ្លួនរបស់កាឡាក់ស៊ីទាំងនោះ។

តែយ៉ាងណា បញ្ហាចំពោះវិធីសាស្ត្រខាងលើនេះក៏នៅតែមាន ព្រោះពន្លឺស្វាយអ៊ុលត្រាដំបូងៗ បានបាត់បង់ ឬស្រូបទៅវិញបាត់ទៅហើយ មុនពេលពន្លឺទាំងអស់នោះខ្លះ អាចមកដល់ភពផែនដីយើង។ ដោយហេតុនេះ ទើបក្រុមអ្នកវិទ្យាសាស្ត្របានងាកទៅមើល ក្រុមកាឡាក់ស៊ីដែលក្មេងៗជាងនេះ នោះគឺ ១១ ពាន់លានឆ្នាំនៃអាយុកាល។
Hubble ពិតជាបានជួយក្នុងការងារនេះ ព្រោះវាអាចបង្កើតរូបភាពថ្មីនេះឡើង ដោយអនុញ្ញាតឲ្យយើងមើលឃើញ បណ្តុំកាឡាក់ស៊ីពីបុរាណដែលមានអាយុកាល ១១ ពាន់លានឆ្នាំ។ រូបភាពមួយសន្លឹកដែលផ្ទុកកាឡាក់ស៊ីចំនួន ៥,០០០ នេះ គឺជាផ្នែកមួយនៃកម្មវិធីស្ទាបស្ទង់ ដែលមានឈ្មោះថា UVCANDELS។

គួរបញ្ជាក់ថា នៅក្នុងរយៈពេលតែ ១០ថ្ងៃប៉ុណ្ណោះ កម្មវិធី UVCANDELS បានរកឃើញកាឡាក់ស៊ីសរុបចំនួន ១៤០,០០០ កាឡាក់ស៊ី ហើយរូបភាពផ្ទុកកាឡាក់ស៊ីចំនួន ៥,០០០ ខាងលើនេះ ក៏ស្ថិតនៅក្នុងចំនួនសរុបនេះដែរ។ កម្មវិធី UVCANDELS នឹងអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្រ បន្តការសិក្សាអំពីការប្រមូលផ្តុំនៃកាឡាក់ស៊ីដំបូងៗ ដែលបានកកើតឡើងបន្ទាប់ ពីការបំបែក យុគងងឹត (Dark Age) នោះ៕
ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព៖ Space (ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២)