វែបសាយ NASA បង្ហាញរូបភាពថតពីអវកាស លើទីក្រុងអង្គររបស់កម្ពុជា (រូបភាពផ្កាយរណប) (មានវីដេអូ)
(បរទេស)៖ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានបង្ហាញនូវរូបថតគុណភាពខ្ពស់បំផុត និងពណ៌ធម្មជាតិ ដែលត្រូវបានថតដោយផ្កាយរណប Sentinel-2C បំពាក់ឧបករណ៍ផ្តិតរូបភាពចំរុះមួយមានឈ្មោះថា Multispectral Imager (MSI) ហើយរូបភាពបែបលម្អិតនេះត្រូវបានថតកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។
យោងតាមវែបសាយ Earth Data របស់អង្គការ NASA សហរដ្ឋអាមេរិក ដែលបានចុះផ្សាយអំពីរូបភាពនេះបានពណ៌នាថា តំបន់អង្គរគឺជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO ហើយក៏ស្ថិតក្នុងចំណោមទីតាំងបុរាណវិទ្យាដ៏សំខាន់បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយឡែកយើងក៏ឃើញទិដ្ឋភាពបឹងទន្លេសាប ដែលជាបឹងទឹកសាបធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរ ខណៈតំបន់ជាច្រើនមានសភាពដាច់ៗ (ខ្មៅៗ) ព្រោះតែទិន្នន័យមិនគ្រប់គ្រាន់។

តំបន់អង្គរមានទៅដោយទីក្រុងប្លែកៗទៅតាមរជ្ជកាលនៃស្តេចអង្គនានារបស់អធិរាជាណាចក្រខ្មែរ (Khmer Empire) ដែលជាមហាប្រទេសមានឥទ្ធិពលបំផុតមួយក្នុងតំបន់ចាប់ពីសតវត្សរ៍ទី ៩ ដល់សតវត្សរ៍ទី ១៥។ តំបន់អង្គរនេះលាតសន្ធឹងលើផ្ទៃដីជាង ៤០០គីឡូម៉ែត្រក្រលា ដែលពោពេញទៅដោយប្រាសាទបុរាណតូចធំ ព្រមទាំងប្រព័ន្ធធារាសាស្ត្រដ៏សំបូរបែបដូចជា បារាយទឹក, ទំនប់ទឹក និងព្រែកជីកជាដើម។
វែបសាយ Earth Data របស់ NASA បានរៀបរាប់អំពីរូបភាពផ្កាយរណប ESA នេះបន្តទៀតថា យើងអាចឃើញនូវតំបន់រាងការ៉េៗដែលធំជាងគេនោះជាអង្គរធំ (Angkor Thom) ឬនគរធំ (Nokor Thom) នៅចំកណ្តាលរូបភាពនេះតែម្តង ខណៈនៅពីក្រោមអង្គរធំនោះមានតំបន់រាងការ៉េតូចមួយទៀត ដែលនោះហើយជាប្រាសាទអង្គរវត្ត (Angkor Wat) ឬយើងហៅថាអង្គរតូច។
ទាំងអង្គរធំ និងអង្គរតូចសុទ្ធតែមានព័ទ្ធជុំវិញទៅដោយកសិណទឹក ហើយសម្រាប់តំបន់នៅខាងលិចអង្គរធំនោះ គឺជាបារាយខាងលិច (West Baray) ដែលមានរាងចតុកោណធំទំហំ ៧.៨ x ២.១km និងតំបន់ចតុកោណរាងតូចនៅភាគខាងកើតឆៀងទៅជើងនៃតំបន់អង្គរធំបន្តិចនោះ គឺជាបារាយខាងកើត (East Baray), នេះបើតាមវែបសាយ Earth Date របស់ NASA។

កម្មវិធីថតរូបខាងលើនេះ គឺស្ថិតក្នុងគម្រោងរួមគ្នានៃផ្កាយរណប Harmonized Landsat and Sentinel-2 (HLS) របស់ ESA។ នៅក្នុងរូបភាពមួយសន្លឹកៗរបស់ HLS ឧទាហរណ៍ដូចជារូបភាពតំបន់អង្គររបស់កម្ពុជាយើងនេះ គឺអាចឲ្យគេផ្តិតចេញជាផ្ទាំងរូបភាពខ្នាតយក្សទំហំ ៣០ម៉ែត្របាន។ រូបមួយសន្លឹករបស់តំបន់អង្គរនេះ ត្រូវបានថតដោយឧបករណ៍ OLI និង OLI-2 របស់ផ្កាយរណប Sentinel-2C ដែលគោចរក្នុងរយៈកម្ពស់ធម្មតា ៧៨៦km ពីផ្ទៃផែនដី។
ការផ្តិតរូបភាពលើតំបន់ណាមួយដោយប្រើប្រាស់ ឧបករណ៍ច្រើនលើផ្កាយរណបតែមួយគ្រឿងក្នុងពេលតែមួយបែបនេះ គឺជាការធ្វើឲ្យរូបភាពមានកម្រិតភាពច្បាស់ខ្ពស់ផង និងជាទិដ្ឋភាពពិតៗបែបធម្មជាតិ (true colors) ផង។ ដំណើរការនេះរួមមាន ការកែតម្រូវបរិយាកាស, ការបិទបាំងពពក និងស្រមោលពពក, ការកែតម្រូវភាពលម្អៀង (មុំ) នៃរូបបង្គុំ និងការកំណត់ពណ៌ទូទៅឲ្យសមស្របគ្នាជាដើម។

គួរបញ្ជាក់ថា ទាំងផ្កាយរណបរបស់ NASA និង ESA ដែលបានធ្វើការសិក្សាពីដាននៃ ហេដ្ឋារចនាសម្ព័ន្ធក្រុងអង្គររបស់ខ្មែរយើងពីបុរាណនេះ គឺស្ថិតក្នុងគោលដៅសិក្សាស្វែងយល់ អំពីទិដ្ឋភាពទីក្រុងដ៏ធំមហិមា និងប្រព័ន្ធធារាសាស្ត្រដ៏សំបូរបែបបំផុត ដែលពីមុនគ្មាននរណានឹកស្មានដល់ថា មានលក្ខណៈពិសេសបែបនេះឡើយ។ ការប្រើប្រាស់ឧបករណ៍ទំនើបថតពីទីអវកាស អាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រទម្លុះរនាំងបច្ចុប្បន្ន នោះគឺព្រៃឈើ និងដីថ្មី ហើយមើលឃើញដានពីបន្សល់ទុកបុរាណចាប់តាំងពីការផ្តើមសាងសង់ប្រព័ន្ធធារាសាស្ត្រនាដើមសម័យអង្គរ រហូតដល់ចុងបញ្ចប់នៃសម័យអង្គរ៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space), ប្រភព៖ NASA’s Earth Data via ESA
