របកគំហើញថ្មី! រកឃើញ «ប្រព័ន្ធផ្កាយប្រភេទថ្មី» ដែលមិនចំណុះឲ្យកាឡាក់ស៊ី…

600

(បរទេស)៖ កាលពីយើងគ្រប់គ្នារៀននៅថ្នាក់វិទ្យាល័យ លោកគ្រូអ្នកគ្រូបានប្រាប់ថា ភពតែងគោចរជុំវិញផ្កាយ ហើយផ្កាយតែងមានវត្តមានក្នុងកាឡាក់ស៊ី។ សម្រាប់ទិដ្ឋភាពជារួម ការអះអាងទាំងនេះគឺពិតជាត្រឹមត្រូវ ប៉ុន្តែតារាវិទូមួយក្រុម ទើបតែបានរកឃើញទិដ្ឋភាពកម្របំផុតថ្មីមួយ នោះគឺផ្កាយមួយក្រុម ដែលមិនចំណុះឲ្យកាឡាក់ស៊ីណាមួយឡើយ

តេឡេស្កូបអវកាស Hubble

នៅក្នុងបទបង្ហាញថ្មីមួយរបស់ក្រុមតារាវិទូ នៅឯសាកលវិទ្យាល័យរដ្ឋ Arizona សហរដ្ឋអាមេរិក បានលើកឡើងនូវការរកឃើញរបស់ពួកគេចំនួន ៥ ដែលជាឧទាហរណ៍ជាក់ស្តែងបង្ហាញអំពី «ប្រព័ន្ធផ្កាយប្រភេទថ្មី»។ ប្រព័ន្ធផ្កាយប្រភេទថ្មីនេះ គឺមិនមែនស្ថិតនៅក្នុងប្រភេទជាកាឡាក់ស៊ីតូចអ្វីនោះឡើយ តែវាជាក្រុមផ្កាយតែលតោល ដែលស្ថិតនៅដាច់ពីកាឡាក់ស៊ី ដែលនៅកៀកវា។

សម្រាប់ឈ្មោះរបស់ប្រព័ន្ធផ្កាយថ្មីខាងលើនេះ ត្រូវបានក្រុមតារាវិទូដាក់ឈ្មោះ បែបកំប្លែងមួយឲ្យថា «Blue Blobs» ឬបកប្រែថា «បណ្តុំពពុះខៀវ» ព្រោះតែក្រុមផ្កាយទាំងនោះ បញ្ចេញពន្លឺពណ៌ខៀវនោះឯង។ ក្រុមផ្កាយថ្មីនេះ ត្រូវបានរកឃើញនៅក្នុងកញ្ចុំកាឡាក់ស៊ី (Galaxy Cluster) មួយឈ្មោះ Virgo ដែលស្ថិតនៅចម្ងាយប្រមាណ ៥៤លានឆ្នាំពន្លឺពីភពផែនដី ដោយនៅក្នុងនោះមានកឡាក់ស៊ីសរុបជាង ២,០០០កាឡាក់ស៊ីឯណោះ។

ក្រុមផ្កាយ Blue Blobs (Image Credit: NASA/Hubble)

ក្រុមផ្កាយ Blue Blobs នោះមានទំហំតូចប៉ុណ្ណោះ ឬមានទំហំប៉ុននឹងក្រុមកាឡាក់ស៊ីមិនគ្រប់លក្ខណៈ (dwarf galaxies) ដែលជាធម្មតាមានផ្ទុកផ្កាយចាប់ពី ១,០០០ដួងរហូតដល់ទៅចំនួន ២-៣ពាន់លានដួង ខណៈកាឡាក់ស៊ី Milky Way យើងវិញ មានផ្ទុកផ្កាយចាប់ពី ២០០ – ៤០០ពាន់លានដួងឯណោះ។

តែយ៉ាងណា, ពពួកក្រុមផ្កាយ Blue Blobs មិនមែនកំពុងចំណុះឲ្យកាឡាក់ស៊ីណាមួយឡើយ ហើយវាមានចម្ងាយរហូតដល់ ៣០០,០០០ ឆ្នាំពន្លឺពីកាឡាក់ស៊ី ដែលស្ថិតនៅកៀកវាជាងគេ។ សមាជិកនៅក្នុងក្រុមផ្កាយ Blue Blobs ភាគច្រើនបំផុតមានពណ៌ខៀវ ព្រោះតែក្នុងបណ្តុំរបស់់ពួកវានោះ មិនសូវសំបូរឧស្ម័នអ៊ីដ្រូសែន (hydorgen gas)។ ប៉ុន្តែអ្វីដែលយើងដឹងកន្លងមក ឧស្ម័នអ៊ីដ្រូសែនអាតូមិច គឺជាសារធាតុជំរុញការបង្កើតផ្កាយនានា នៅក្នុងដំណាក់កាលដំបូង។

ក្រុមផ្កាយ Blue Blobs (Image Credit: ESA/Hubble)

តើពួកវាមកពីណា និងត្រូវបានបង្កើតឡើងដោយរបៀបណា? សំនួរទាំងពីរនេះ នៅតែស្ថិតក្នុងអាថ៌កំបាំង។ តារាវិទូ Michael Jones មកពីសាកលវិទ្យាល័យ Arizona បានលើកឡើងថា «វាជាមេរៀន ដែលមិនត្រូវបានរំពឹងទុកពីមុនមកឡើយ។ នៅពេលយើងបានព្យាយាមស្វែងរកអ្វីមួយ យើងមិនបានជួបគោលដៅ ដែលយើងប្រឹងស្វែងរក តែបែរជាបានជួបអ្វីមួយផ្សេងទៀត ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងទៅវិញ…»

លោក Jones បានពន្យល់បន្ថែមទៀតថា «យើងធ្លាប់ស្រាវជ្រាវប្រព័ន្ធជាច្រើនមកហើយ ដែលខ្វះឧស្ម័នអាតូមិច ប៉ុន្តែវាមិនមែនមានន័យថា វាគ្មានម៉ូលេគុលឧស្ម័ននោះឡើយ…។ អ្វីដែលជាការពិត វាត្រូវតែមានម៉ូលេគុលឧស្ម័ន (នៅក្នុងក្រុម Blue Blobs ទាំងនោះ) ព្រោះនៅទីនោះមានផ្កាយជាច្រើន កំពុងកកើតនៅឡើយ។ វត្តមាននៃផ្កាយក្មេងៗជាច្រើន តែបែរជាខ្វះឧស្ម័ន ដើម្បីទ្រទ្រង់ការកកើតរបស់ពួកវាទៅវិញនោះ ជាសញ្ញាបញ្ជាក់ថា ក្រុមផ្កាយ (Blue Blobs) នោះ ទំនងបានបាត់បង់ឧស្ម័នអាតូមិចកាលពីពេលថ្មីៗនេះប៉ុណ្ណោះ…»

របកគំហើញថ្មី! រកឃើញ «ប្រព័ន្ធផ្កាយប្រភេទថ្មី» ដែលមិនចំណុះឲ្យកាឡាក់ស៊ី…

យ៉ាងណាក៏ដោយ លោក Jones បានធ្វើការសន្និដ្ឋានអំពីកំណើតនៃ Blue Blobs តាមរបៀបនេះវិញថា «ក្នុងក្រុមផ្កាយ Blue Blobs មិនសូវមានតារាក្រហម និងតារាមានវ័យចំណាស់ឡើយ។ ពពួកតារាពណ៌ក្រហមតែងមានម៉ាស់ស្រាល និងអាយុវែងជាងពពួកតារាពណ៌ខៀវ។ ក្រុមតារា Blue Blobs នោះប្រៀបដីដូចជា គម្ពោធព្រៃមួយនៅកណ្តាលវាលខ្សាច់…។ Blue Blobs នោះអាចត្រូវបានបង្កើតឡើង ដោយបណ្តុំឧស្ម័នដែលជះចេញពីកាឡាក់ស៊ីធំមួយ ទៅកាន់ទីកន្លែងឆ្ងាយ រហូតដល់គ្មានការផ្សាភ្ជាប់គ្នាតទៅទៀត…»

តេឡេស្កូប VLT (នៅឈីលី)

គួរបញ្ជាក់ថា ក្រុមផ្កាយ Blue Blobs ខាងលើនេះ ត្រូវបានរកឃើញដោយចៃដន្យដំបូង ដោយក្រុមតារាវិទូមានមូលដ្ឋាននៅហូឡង់ ដែលបានធ្វើសិក្សាអំពីបណ្តុំពពកឧស្ម័ននានាក្នុងចក្រវាល ដែលនឹងមានឱកាសវិវត្តន៍ទៅជាកាឡាក់ស៊ី។ បន្ទាប់មកទៀត ទើបសាកលវិទ្យាល័យ Arizona យកលទ្ធផលបឋមនេះទៅសិក្សាស្រាវជ្រាវបន្ត តាមរយៈតេឡេស្កូបអវកាស Hubble របស់អង្គការ NASA, តេឡេស្កូប VLAT នៅរដ្ឋ New Mexico សហរដ្ឋអាមេរិក និងតេឡេស្កូប VLT នៅប្រទេសឈីលី៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព៖ Cosmos Magazine (ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២)

480×240 Banner