James Webb នឹងឆ្លុះមើល «បងខ្មៅយក្ស» មួយនេះនៅឆ្នាំ២០២៣

343

(អាមេរិក)៖ តារាវិទូ Yusef-Zadeh មកពីសាកលវិទ្យាល័យ Northwestern University នៅក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក ដែលបាននិងកំពុងចូលរួមក្នុង បេសកកម្មសិក្សាស្រាវជ្រាវទីអវកាសដោយ James Webb បានបង្ហាញក្តីសង្ឃឹមថា តេឡេស្កូបអវកាសមួយនេះ នឹងអាចឆ្លៀតពេលខ្លះនៅឆ្នាំ ២០២៣ ខាងមុខ ដើម្បីឆ្លុះមើល និងសិក្សាអំពីប្រហោងខ្មៅយក្ស Sagittarius A* ដែលស្ថិតនៅចំកណ្តាលកាឡាក់ស៊ី Milky Way របស់យើង។

រូបគុណភាពខ្ពស់ដំបូងរបស់ Sagittarius A* ថតដោយ EHT

ការបង្ហាញក្តីសង្ឃឹមរបស់តារាវិទូ Yusef-Zadeh គឺមិនធ្វើឲ្យលោកខកបំណងនោះឡើយ ព្រោះអង្គការ NASA ទើបតែបានផ្តល់ឲ្យលោកនូវពេលវេលាខ្លីមួយ នៅអំលុងខែមេសា ឆ្នាំ ២០២៣ ដើម្បីឆ្លុះមើលប្រហោងខ្មៅយក្ស Sagittarius A*។ ការសង្កេតនោះ នឹងមានរយៈពេលប្រមាណ ២៥ម៉ោងជាប់ៗគ្នា តាមរយៈតេឡេស្កូបអវកាស James Webb ដែលកំពុងមានកាលវិភាគសម្រាប់បំពេញការងារ ច្រើនអនេករួចទៅហើយនោះ។

តារាវិទូ Yusef-Zadeh ក៏ជាអ្នកដែលបានចូលរួមក្នុងបេសកកម្ម ផ្តិតរូបភាពប្រហោងខ្មៅ Sagittarius A* ដែលជាបេះដូងរបស់ Milky Way ជាលើកដំបូងផងដែរ តាមរយៈបណ្តាញតេឡេស្កូបយក្ស EHT នៅលើភពផែនដី ខណៈរូបភាពគុណភាពខ្ពស់ដំបូងនោះ ត្រូវបានបញ្ចេញរួចមកហើយ កាលពីខែឧសភា ឆ្នាំ ២០២២ នេះ ហើយក៏ជាការងារប្រកបដោយភាពស្មុគស្មាញបំផុតផងដែរ។ តែយ៉ាងណា ឱកាសក្នុងប្រើ James Webb ដើម្បីសិក្សាទៅលើ Sagittarius A* ពិតជានឹងបង្កើតលទ្ធផលដ៏ពិសេសខ្លាំងបន្ថែមទៀត។

James Webb នឹងឆ្លុះមើល «បងខ្មៅយក្ស» មួយនេះនៅឆ្នាំ២០២៣

បើតាមតារាវិទូ Yusef-Zadeh បានពន្យល់ថា ផ្ទុយពីបណ្តាញតេឡេស្កូប EHT ដែលស្ថិតនៅលើផែនដី និងតែងតែជួបប្រទះពេលវេលាយប់ និងថ្ងៃ ព្រមទាំងការរំខានពីអាកាសធាតុមិនទៀងទាត់នោះ, James Webb ឯណោះវិញស្ថិតនៅចម្ងាយ ១.៥លានគីឡូម៉ែត្រពីផែនដី ដូច្នេះវាមិនទទួលរងបរិស្ថានទាំងអស់នេះឡើយ។ លោក Yusef បានសង្កត់ធ្ងន់ថា «James Webb ស្ថិតនៅចម្ងាយឆ្ងាយស្រាប់ និងមានប្រព័ន្ធខែលការពារកម្តៅព្រះអាទិត្យ ដ៏រឹងមាំថែមទៀត ដូច្នេះវាអាចរក្សាសីតុណ្ហភាពក្នុងខ្លួនវាសមរម្យ ដើម្បីសម្ងំសិក្សាពន្លឺក្រហមអាំងហ្វ្រា (infrared light) របស់ Sagittarius A* នោះបាន»

ទីតាំងនៃបណ្តាញតេឡេស្កូប EHT

បន្ថែមពីនេះទៀត តារាវិទូក៏បានពន្យល់ថា James Webb មានឧបករណ៍ ២ នៅក្នុងខ្លួនវា ដើម្បីដើរតួនាទីចាប់យកពន្លឺ infrared ដែលមានចំនួន ២ ប្រភេទនោះផងដែរ។ ពន្លឺ Infrared ទាំងពីរប្រភេទនោះមានដូចជា ពន្លឺ Infrared ជិត (near-infrared) និង ពន្លឺ Infrared មធ្យម (mid-infrared) ហើយ James Webb នឹងក្លាយជាឧបករណ៍វិទ្យាសាស្ត្រដំបូងគេបំផុត ដែលសិក្សាទៅរលកចម្ងាយទាំងពីរនេះ ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រអាចធ្វើការ បែងចែករវាងខ្លួន Sagittarius A* និង កំសួលថាមពល (flare) ដែលប្រហោងខ្មៅយក្សនេះ ជះចេញទៅទីអវកាសជុំវិញវា, ហើយក៏មិនខុសអ្វីពីយើងមានតេឡេស្កូប ២ ក្នុងពេលតែមួយ ដើម្បីបំពេញកិច្ចការងាររួមមួយព្រមគ្នានោះដែរ។

តេឡេស្កូបអវកាស James Webb (NASA)

គួរបញ្ជាក់ថា តេឡេស្កូបអវកាស James Webb នឹងបើកដំណើរការ «បេសកកម្មគោល» ដែលជាការឆ្លុះមើលកាឡាក់ស៊ី ដែលទើបកកើតឡើងប្រមាណ ២០០ – ៣០០ លានឆ្នាំក្រោយបន្ទុះ Big Bang (បន្ទុះ Big Bang បានកើតមានឡើងកាលពី ១៣.៨ពាន់លានឆ្នាំមុន) នៅពាក់កណ្តាលខែកក្កដា ឆ្នាំ ២០២២ ហើយការបង្ហាញចេញនូវ «បណ្តុំរូបភាពពណ៌ធម្មជាតិដំបូងៗ» (full-colour images) វិញនឹងកើតឡើងនៅថ្ងៃទី ១២ ខែកក្កដា ឆាប់ៗខាងមុខនេះ៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព៖ Space/NASA (ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២)

480×240 Banner