«ទិវាអាចម៍ផ្កាយ ៣០ មិថុនា», ហេតុអ្វីពិភពលោកប្រារព្ធទិវានេះ?

529

(បរទេស)៖ ទិវាអាចម៍ផ្កាយ (Asteroid Day) តែងតែត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៣០ ខែមិថុនា រៀងរាល់ឆ្នាំ ដើម្បីជាការក្រើនរំលឹក ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការ ជាលក្ខណៈអន្តរជាតិ ក្នុងការពារភពផែនដីពីអាចម៍ផ្កាយដ៏គ្រោះថ្នាក់។

ទិវានេះត្រូវបានប្រារព្ធឡើងជាលក្ខណៈអន្តរជាតិ ចាប់តាំងពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៥ មកម្ល៉េះ ប៉ុន្តែដើមចមដែលបានជំរុញឲ្យប្រទេសនានាលើពិភពលោក យកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះគ្រោះមហន្តរាយដោយអាចម៍ផ្កាយ ឬវត្ថុអវកាសជិតៗផែនដីនោះ បានកើតមានឡើងចាប់តាំងពីតំបន់ Siberia របស់ប្រទេសរុស្ស៊ី បានរងការវាយប្រហារយ៉ាងដំណំដោយអាចម៍ផ្កាយ កាលពីជាង ១០០ឆ្នាំមុន ដែលជាព្រឹត្តិការណ៍ត្រូវបានគេដាក់ឈ្មោះថា «Tunguska Event»

ទីតាំងកើតមានព្រឹត្តិការណ៍ Tunguska Event ឆ្នាំ ១៩០៨

នៅវេលាម៉ោង ៧៖១៤ នាទីព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ១៩០៨ អាចម៍ផ្កាយ (Asteroid) ដ៏ធំមួយ (ត្រូវបានគេគណនាថា មានមុខកាត់ចន្លោះពី ១០០ – ២០០ ម៉ែត្រ) បានធ្លាក់បុកបរិយាកាសផែនដី និងផ្ទុះបែកយ៉ាងកក្រើកក្នុងរយៈកម្ពស់ ៥ – ១០ គីឡូម៉ែត្រពីលើព្រៃ Tunguska នៃតំបន់ Siberia ដ៏ធំធេងរបស់ប្រទេសរុស្ស៊ី។ ការផ្ទុះនៃអាចម៍ផ្កាយមួយនេះ បានជះឥទ្ធិពលលើផ្ទៃដីសរុប ២,១៥០ គីឡូម៉ែត្រក្រឡា ឬស្មើនឹងទំហំប្រទេសសិង្ហបុរីគុណនឹង ហើយព្រៃឈើលើផ្ទៃដី ១០០ គីឡូម៉ែត្រក្រឡា (ពីក្រោមកម្ទេចកម្ទីអាចម៍ផ្កាយដែលផ្ទុះឆេះ) ត្រូវបានដុតកម្ទេច។

«ទិវាអាចម៍ផ្កាយ ៣០ មិថុនា», ហេតុអ្វីពិភពលោកប្រារព្ធទិវានេះ?
ក្រោយព្រឹត្តិការណ៍ Tunguska Event

ដោយសារតែតំបន់ខាងលើនេះ ស្ទើរតែគ្មានមនុស្សរស់នៅនោះ ទើបប្រភពផ្លូវការពីអាជ្ញាធររុស្ស៊ីបានអះអាងថា គ្មានមនុស្សស្លាប់ឡើយ ប៉ុន្តែប្រភពមិនផ្លូវការបានអះអាងថា មនុស្ស នាក់បានស្លាប់ ខណៈអគារមួយចំនួនបានរងការបំផ្លិចបំផ្លាញ ដោយសារតែព្រឹត្តិការណ៍ Tunguska Event នោះ។

ក្រោយព្រឹត្តិការណ៍ Tunguska Event

ទោះជាបែបនេះក្តី, មូលហេតុពិតប្រាកដ ដែលបានបង្កឲ្យមានព្រឹត្តិការណ៍ខាងលើនេះ នៅតែស្ថិតក្នុងមតិប្រទាញប្រទង់គ្នានៅឡើយ។ អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Wolfgang Kundt បានអះអាងថា អាចម៍ផ្កាយដែលបានផ្ទុះបែកលើតំបន់ព្រៃ Tunguska របស់រុស្ស៊ីនោះ គឺត្រឹមជាដុំថ្មអវកាស (meteoroid) ដែលមានមុខកាត់ចន្លោះពី ៥០ – ៦៥ ម៉ែត្រតែប៉ុណ្ណោះ ហើយមូលហេតុដែលបានបង្កការផ្ទុះ និងភ្លើងឆេះព្រៃ យ៉ាងធំសម្បើមនោះ ក៏ព្រោះតែ meteoroid នោះបានបង្កឲ្យផ្ទុះឆេះឧស្ម័នធម្មជាតិប្រមាណ ១០ លានតោន ដែលស្ថិតនៅក្នុងសំបកផែនដី។

ការពន្យល់ពីព្រឹត្តិការណ៍ Tunguska Event ឆ្នាំ ១៩០៨

មិនខ្វល់ថា ដោយសារមូលហេតុអ្វីឲ្យពិតប្រាកដនោះឡើយ ព្រោះអ្វីដែលគ្រប់គ្នាបានដឹងច្បាស់ មិនអាចប្រកែកបាននោះ គឺគ្រោះមហន្តរាយ ដែលអាចបង្កឡើងដោយពពួកអាចម៍ផ្កាយ មិនមានគន្លងត្រឹមត្រូវ ឬមានទំហំមុខកាត់ធំ ចាប់ពីរាប់សិបម៉ែត្រឡើងទៅ។ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៣០ ខែ មិថុនា អង្គការសហប្រជាជាតិ (UN) តែងបើកវេទិកាដើម្បីប្រារព្ធទិវាអាចម៍ផ្កាយ និងដើម្បីស្វែងយល់អំពីដំណើរវិត្តន៍ទៅមុខ នៃសមត្ថភាពការពារភពផែនដីពីអាចម៍ផ្កាយដ៏គ្រោះថ្នាក់៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ United Nations/Space

480×240 Banner