រណ្តៅខ្មៅនៅប្រទេសឈីលី អាចលេបសេតវិមានមួយបាន, វាស្ថិតនៅតំបន់ជីករ៉ែ ដែលប្រជាជនកំពុងភ័យខ្លាច (VIDEO)
(បរទេស)៖ រូបភាពរណ្តៅខ្មៅដ៏ល្បីល្បាញ ដែលត្រូវបានបង្ហោះនៅលើបណ្តាសារព័ត៌មាន និងបណ្តាញសង្គមធំៗ ពេលនេះត្រូវបានអាជ្ញាធរឈីលី (ស៊ីលី) អះអាងថា ស្ថិតនៅតំបន់រុករករ៉ែមួយ នៃប្រទេសអាមេរិកខាងត្បូងមួយនេះ ខណៈមាត់រណ្តៅនោះមានមុខកាត់រហូតដល់ ៣២ម៉ែត្រ និងជម្រៅប្រហែលជិត ២០០ម៉ែត្រ។ អាជ្ញាធរបានដាក់របងចម្ងាយ ១០០ម៉ែត្រព័ទ្ធជុំវិញមាត់រណ្តៅនោះ ដើម្បីការពារសុវត្ថិភាពផងដែរ។

វាបានលេចចេញជាលើកដំបូងកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២២ នៅក្នុងក្រុងដាច់ស្រយាលមួយឈ្មោះ Tierra Amarilla ដែលមានចម្ងាយ ៨០០គីឡូម៉ែត្រ ពីភាគខាងជើងនៃរដ្ឋធានី Santiago។ បើតាមការប្រៀបធៀបដ៏ពេញនិយមនោះ រណ្តៅខ្មៅងងឹតខាងលើនេះ អាចលេបយកសេតវិមានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចូលទៅបាន ព្រោះសេតវិមាន ឬ White House មានបណ្តោយតែ ២៦ម៉ែត្រប៉ុណ្ណោះ។

សេវាកម្មជាតិតាមដានភូមិសាស្ត្រ និងការរុករករ៉ែរបស់ប្រទេសឈីលី បានបកស្រាយថា ហេតុការណ៍ខាងលើនេះបានកើតមានឡើង នៅតំបន់រុករករ៉ែទង់ដែង Alcaparrosa ខណៈក្រុមហ៊ុន Lundin Mining មកពីប្រទេសកាណាដា គឺជាអ្នកទទួលបន្ទុក ក្នុងការគ្រប់គ្រងសកម្មភាពរុករករ៉ែ នៅតំបន់មួយនេះ។ តំណាង Lundin Mining បានអះអាងថា គ្មានអ្នករងរបួស ឬការខូចខាតទ្រព្យសម្បត្តិអ្វីឡើយ ក្នុងហេតុការណ៍បាក់ស្រុតដី ចេញជារណ្តៅដ៏ជ្រៅខាងលើនេះ។

គួរបញ្ជាក់តាមក្រុមអ្នកជំនាញ នៃប្រទេសឈីលីឲ្យដឹងថា រណ្តៅខាងលើនេះត្រូវបានបង្កឡើងដោយ ចលនាប្រែប្រួលនៃស្រទាប់ទឹកក្រោមដី។ ករណីខ្លះអាចកើតឡើងភ្លាមៗ ដោយមិនមានការឲ្យសញ្ញាជាមុនទាន់ពេល ហើយករណីបាក់ស្រុតខ្លះទៀត ក៏បានស្រូបយកទាំងរថយន្ត លំនៅឋាន និងផ្លូវថ្នល់ទៅជាមួយផងដែរ ដែលសុទ្ធសឹងជាគ្រោះមហន្តរាយ ធ្លាប់បានកើតមានរួចមកហើយ។

បន្ថែមពីខាងលើនេះ ប្រជាជនក្នុងតំបន់ រួមទាំងអ្នកអភិរក្សបរិស្ថាន បានស្តីបន្ទោសទៅដល់អាជ្ញាធរ និងក្រុមហ៊ុនរុករករ៉ែ ដោយពួកគេរងការចោទប្រកាន់ថា ជាអ្នកដែលបានបង្កឲ្យបរិស្ថានរងផលប៉ះពាល់ និងកំពុងគំរាមកំហែងដល់អាយុជីវិត ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់។ ប្រជាជនឈីលីមួយរូបបានថ្លែងថា «ថ្ងៃនេះវាត្រឹមកើតឡើងនៅតំបន់ ដែលជាចំការដំណាំ ប៉ុន្តែក្តីព្រួយបារម្ភដ៏ខ្លាំងក្លារបស់ពួកយើង នោះគឺវានឹងអាចកើតឡើងនៅតំបន់ទីប្រជុំជន ផ្លូវថ្នល់ និងសាលារៀន»៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព៖ SPACE / Live Science (ថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២)