ភពចម្លែក VHS 1256 b នៅមិនសូវឆ្ងាយពីផែនដី, James Webb ទើបឆ្លុះដឹងការពិត នៃបរិយាកាសវា…

835

(បរទេស)៖ តេឡេស្កូបអវកាស James Webb ដែលកំពុងគ្រប់គ្រងដោយអង្គការ NASA ESA និង CSA ទើបតែបានបង្ហាញចេញនូវ លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោយការឆ្លុះមើលបរិយាកាសភព Exoplanet មួយឈ្មោះ VHS 1256 b ដែលស្ថិតនៅចម្ងាយ ៧២ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយបើគិតពីភាពធំធេងនៃទីអវកាស ចម្ងាយកម្រិតនេះអាចត្រូវបានចាត់ទុកថា មិនឆ្ងាយពីប្រព័ន្ធព្រះអាទិត្យយើងណាស់ណាឡើយ។

កញ្ចក់ស្រូបពន្លឺរបស់ James Webb (Credit: NASA ESA CSA)

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ VHS 1256 b ក៏កំពុងស្ថិតក្នុងការសង្ស័យថា អាចជាផ្កាយតឿពណ៌ត្នោត (វត្ថុមិនគ្រប់លក្ខខណ្ឌជាផ្កាយ តែមានទំហំធំចម្លែកជាងភពយក្សនានាឆ្ងាយ) ដែលជាភាសាអង់គ្លេសហៅថា «Brown Dwarf» ព្រោះតែវាមានទំហំធំរហូតដល់ទៅជិត ២០ដង នៃទំហំខ្លួនភពព្រហស្បតិ៍ (Jupiter) ដែលជាភពឧស្ម័នយក្សលេខ ១ ប្រចាំប្រព័ន្ធព្រះអាទិត្យយើង។

ភពចម្លែក VHS 1256 b នៅមិនសូវឆ្ងាយពីផែនដី, James Webb ទើបឆ្លុះដឹងការពិត នៃបរិយាកាសវា…
ភព VHS 1256 b ដែលភពជាងភពព្រហស្បតិ៍ជិត ២០ដង (Credit: NASA ESA CSA)

នៅពេលដែលវាមិនទាន់ត្រូវបានបែងចែកជំពូក ឲ្យបានច្បាស់លាស់នៅឡើយនោះ យើងក៏អាចហៅវាជាបណ្តោះអាសន្នសិនថា «ភពមហាយក្ស»។ តាមរយៈឧបករណ៍ឆ្លុះមើល និងបម្លែងពណ៌នៃពន្លឺក្នុងបរិយាកាស ដ៏មានអានុភាពរបស់ James Webb នោះគឺ NIRSpec និង MIRI បាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រយល់ដឹងការពិតថា បណ្តុំពពកក្នុងបរិយាកាសនៃភព VHS 1256 b នោះ «ពោពេញដោយសារធាតុគ្រាប់ៗ ប្រៀបបីដូចជាគ្រាប់ខ្សាច់»។

វត្ថុអវកាសប្រភេទ Brown Dwarf (Credit: NASA)

Brown Dwarf គឺជាប្រភេទវត្ថុអវកាស ដែលមិនត្រូវបានចាត់ទុកជាផ្កាយពេញលក្ខណៈ (ព្រោះតែវាមានទំហំតូចជាងផ្កាយធម្មតាពេក) ហើយក៏មិនអាចត្រូវបានចាត់ទុកជា ភពឧស្ម័នយក្ស (Gas Giant) បាននោះដែរ (ព្រោះវាមានទំហំធំជ្រុលជាងភព Gas Giant ទូទៅពេក)។ ហេតុដូច្នេះទើបការកំណត់អត្តសញ្ញាណរបស់ Brown Dwarf នេះ កំពុងតែបន្តនៅឡើយ ខណៈតេឡេស្កូបអវកាស James Webb ក៏កំពុងដុតដៃដុតជើង ក្នុងការសម្រួលកិច្ចការងារនេះផងដែរ។

ជុំវិញលទ្ធផលខាងលើនេះ តារាវិទូ Brittany Miles មកពីសាកលវិទ្យាល័យរដ្ឋ California សហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មាន SPACE ថា «យើងនឹងបានយល់ដឹងបន្ថែមទៀត ក្រោយការសង្រួមទិន្នន័យរួចរាល់…។ រហូតមកទល់នឹងពេលនេះ, វា (VHS 1256 b) មើលទៅកាន់តែស្របទៅនឹងទ្រឹស្តី ដូចដែលត្រូវបានរំពឹងទុកនោះហើយ…»។ បន្ថែមពីនេះ James Webb ក៏បានឆ្លុះរកឃើញ ទឹក (water), មេតាន (methane), កាបូនម៉ូណូអុកស៊ីត (carbon monoxide), កាបូនឌីអុកស៊ីត (carbon dioxide), សូដ្យូម (sodium) និងប៉ូតាស្យូម (potassium) នៅក្នុងបរិយាកាស ភព VHS 1256 b នោះផងដែរ។

ភពចម្លែក VHS 1256 b នៅមិនសូវឆ្ងាយពីផែនដី, James Webb ទើបឆ្លុះដឹងការពិត នៃបរិយាកាសវា…
រូបតំណាងនៃភព VHS 1256 b (Credit: NASA ESA CSA)

គួរបញ្ជាក់ថា វត្ថុអវកាសជំពូក Brown Dwarf នេះ ថ្វីត្បិតតែវាមិនអាចដុតចំហេះអ៊ីដ្រូសែន (hydrogen) យ៉ាងទៀងទាត់ក៏ពិតមែន តែវាក៏មានចំហេះនៃសារធាតុ deuterium (ជាអ៊ីសូតូបខ្សោយជាងអ៊ីដ្រូសែន តែមានណឺត្រុងច្រើនជាង) ជាប្រចាំផងដែរ ដែលអាចឲ្យវាបញ្ចេញពន្លឺដោយខ្លួនឯងបាន ទៅក្នុងទីអវកាស។ VHS 1256 b គឺជា Brown Dwarf ដែលត្រូវបានរកឃើញកាលពីឆ្នាំ ២០១៦ និងគោចរជុំវិញផ្កាយមួយដួងឈ្មោះ VHS 1256 ចម្ងាយ ៧២ឆ្នាំពន្លឺពីផែនដី ហើយពេលនេះ ក៏ត្រូវបានតេឡេស្កូបអវកាស James Webb រកឃើញថា បរិយាកាសពណ៌ក្រហមរបស់វា ពោពេញដោយ «សារធាតុគ្រាប់ៗដូចជាគ្រាប់ខ្សាច់»

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ NASA/ESA/CSA/SPACE.COM (ថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner