អ្នកវិទ្យាសាស្ត្រព្រមានធ្ងន់ៗ៖ «ពិភពលោកនៅមិនទាន់ត្រៀមខ្លួន សម្រាប់ការផ្ទុះដ៏ខ្លាំងក្លានោះឡើយ»

5,518

(បរទេស)៖ បើតាមការសិក្សាស្រាវជ្រាវមួយ ជាលក្ខណៈអន្តរជាតិបានបង្ហាញថា ទោះបីជាថ្ងៃមុខមនុស្សជាតិអាចគ្រប់គ្រង និងមិនបំផ្លាញខ្លួនឯង ដោយសង្គ្រាមនុយក្លេអ៊ែរ ឬការប្រែប្រួលអាកាសធាតុក៏ដោយ ក៏នៅតែមានការគំរាមកំហែង ដែលមានស្រាប់ផ្សេងទៀតដែលយើងត្រូវត្រៀមខ្លួន។ ផែនដីបានផ្ទុកមកជាមួយនូវ «លទ្ធភាពដែលអាចបង្កគ្រោះថ្នាក់ដោយខ្លួនឯង ជាយូរមកហើយ មុនពេលដែលពូជពង្សមនុស្ស ចាប់ផ្តើមមានវត្តមាននៅលើភពផែនដីនេះទៅទៀត។

អ្នកវិទ្យាសាស្ត្រព្រមានធ្ងន់ៗ៖ «ពិភពលោកនៅមិនទាន់ត្រៀមខ្លួន សម្រាប់ការផ្ទុះដ៏ខ្លាំងក្លានោះឡើយ»
(រូបភាពពីបរទេស)

ការពិតទៅគ្រោះថ្នាក់មួយក្នុងចំណោមគ្រោះថ្នាក់ធំបំផុត គឺបណ្ដាលមកពីអាចម៍ផ្កាយ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ការបំផ្លិចបំផ្លាញជីវិតស្ទើរតែទាំងស្រុង នៅលើភពផែនដីយើង គឺបណ្ដាលមកពីអាចម៍ផ្កាយ ដែលបានវាយប្រហារភពយើង កាលពីជាង ៦០លានឆ្នាំមុន។ បើយើងទាំងអស់គ្នាគិតរំពៃដល់ថ្ងៃវិនាស នោះគឺអាចយកជីវិតដាយណូស័រមកជាមេរៀនបាន ហើយពិភពលោកក៏ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរ។

តែវាជារឿងសមហេតុផលមួយ ដែលក្រុមអ្នកវិទ្យាសាស្រ្តបានសិក្សាអំពីមូលហេតុ នៃការបំភ្លេចបំផ្លាញជីវិតស្ទើរតែទាំងស្រុង នៅលើភពផែនដីនេះ ដោយយកឧទាហរណ៍នៃការរលំរលាយ ដាយណូស័រទាំំងពូជមកសិក្សា ហើយថែមទាំងអាចបង្កើតបានយានអវកាស (DART Mission) សម្រាប់ធ្វើតេស្តហោះទៅបំបុក ឬក៏បង្វែរគន្លងគោចរបរបស់អាចម៍ផ្កាយ ដែលត្រូវបានចាត់ទុក់ថា កំពុងធ្វើដំណើរតម្រង់មកភពផែនដីយើងទៀតផង ដោយវានឹងកើតឡើងនៅចុងខែកញ្ញា ឆ្នាំ២០២២ នេះហើយ។

ក្រៅពីគ្រោះមហន្តរាយ ដែលអាចបង្កឡើងដោយអាចម៍ផ្កាយនោះ ក្រុមអ្នកវិទ្យាសាស្រ្តក៏បានព្រមានថា នៅមានគ្រោះថ្នាក់ធំមួយទៀត ដែលជាគ្រោះធម្មជាតិដ៏អាក្រក់ អាចនឹងបង្កឡើងនៅលើភពផែនដីយើងផ្ទាល់ នោះគឺ «បន្ទុះភ្នំភ្លើងនានាដែលមានការផ្ទុះដ៏ខ្លាំងអស្ចារ្យ» ហើយក៏បានបំផ្លាញជីវិតសត្វ និងរុក្ខជាតិក្នុងភាគរយយ៉ាងច្រើនផងដែរ។

បេសកកម្ម DART របស់ NASA (រូបភាពពី NASA)

ចំពោះប្រធានបទអាចម៍ផ្កាយ, ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលនៅក្នុងប្រទេសមហាអំណាចធំៗ តែងតែបាបចំណាយប្រាក់រាប់រយលានដុល្លារអាមេរិក ទៅលើការពិសោធន៍ ក៏ដូចជាការស្រាវជ្រាវអំពីវិធីសាស្ត្រទប់ទល់ ការគំរាមកំហែងពីសំណាក់អាចម៍ផ្កាយ។ តួយ៉ាងបេសកកម្មដ៏ពិសេសនៃយានអវកាស DART របស់អង្គការ NASA ដែលកំពុងធ្វើតេស្តសាកល្បងហោះទៅបុក ដើម្បីបង្វែរគន្លង ឬជាការរុញច្រានអាចម៍ផ្កាយ នឹងកើតមានឡើងឆាប់ៗខាងមុខនេះ។ ហើយបេសកកម្មនេះទៀតសោត ក៏បានចំណាយទឹកប្រាក់រហូតទៅដល់ ៣៣០ លានដុល្លារអាមេរិកផងដែរ។

ងាកមកកាន់ប្រធានបទភ្នំភ្លើងវិញ, បច្ចុប្បន្ននេះក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់រួចមកហើយអំពីការបង្កហេតុ ដែលអាចផ្ទុះឡើងរវាងភ្នំភ្លើងសកម្មុ និងអសកម្ម ដែលមានវត្តមានយ៉ាងច្រើន នៅពាសពេញភពផែនដីរបស់យើង ដោយភ្នំភ្លើងខ្លះកំពុងគ្របដណ្ដប់ ទៅដោយធម្មជាតិយ៉ាងស្រស់បំព្រង ប៉ុន្តែយើងមិនដឹងទេថា ភ្នំភ្លើងទាំងនោះសុទ្ធតែអាចបង្កគ្រោះថ្នាក់ ឬក៏ផ្ទុះនៅពេលណាមួយ មិនខុសពីអាចម៍ផ្កាយ ដែលជាបញ្ហាដ៏ស្មុគស្មាញរបស់ ក្រុមអ្នកស្រាវជ្រាវនោះឡើយ។

ដូចដែលយើងបានដឹងហើយថា ភ្នំភ្លើងធំៗដែលមានការផ្ទុះដ៏សម្បើមៗ គឺតែងកើតមានឡើងរៀងរាល់ ១៥,០០០ឆ្នាំម្ដង ហើយការផ្ទុះដ៏អស្ចារ្យចុងក្រោយនៃភ្នំភ្លើងទាំងនេះ បានកើតឡើងប្រហែល ២២,០០០ ឆ្នាំមុន, នេះបើយោងតាមទិន្នន័យពី ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS)។ («ការផ្ទុះខ្លាំងក្លា» គឺសំដៅទៅលើកម្រិតដ៏ខ្លាំងរហូតដល់ ៨ រិចទ័រ ដែលជាការវាយតម្លៃកម្រិតខ្ពស់បំផុត ដោយទីភ្នាក់ងារ VEI (Volcanic Explosivity Index)

ការផ្ទុះចុងក្រោយបំផុតកម្រិត រិចទ័របានកើតមានឡើងនៅឆ្នាំ ១៨១៥ នៅឯតំបន់ភ្នំ ថាំបូរ៉ា (Tambora) ប្រទេសឥណ្ឌូណេស៊ី ដែលបានសម្លាប់មនុស្សប្រហែល ១០០,០០០ នាក់។ ក្រោយការផ្ទុះភ្នំភ្លើងនេះ ផេះ និងផ្សែងរបស់វា បានគ្របដណ្ដប់នៅលើផ្ទៃមេឃឥណ្ឌូណេស៊ី «ស្ទើរតែទាំងស្រុង» ហើយក៏បានបណ្ដាលឱ្យសីតុណ្ហភាព នៅទូទាំងភពផែនដីធ្លាក់ចុះជាមធ្យម ១អង្សាសេ ព្រមទាំងគ្មានរដូវក្តៅពេញមួយឆ្នាំ ១៨១៦ ដែលបានបង្កឲ្យមានគ្រោះទុរភិក្ស និងការផ្ទុះជំងឺឆ្លង ក៏ដូចជាអំពើហិង្សាផងដែរ។

រូបគំនូរនៃមហន្តរាយបង្កដោយភ្នំភ្លើង Tambora (រូបភាពពីបរទេស)

ចាប់ពីពេលនោះហើយក្រុមអ្នកវិទ្យាសាស្រ្តទូទាំងសាកលលោក បានរួមសហការគ្នាបង្កើតស្ថាប័នសង្គ្រោះភពផែនដី ពីការបង្កហេតុណាមួយដោយគ្រោះធម្មជាតិ និងអាចម៍ផ្កាយ ដែលសុទ្ធសឹងជាកត្តាគំរាមកំហែងមកលើ ជីវិតមនុស្សនៅលើផែនដីរបស់យើង។

នៅក្នុងលទ្ធផលសិក្សាកាលពីឆ្នាំ ២០២១ គ្រោះថ្នាក់ដែលបង្កដោយភ្នំភ្លើង ក៏ជាកត្តាដ៏សំខាន់នៃការសិក្សាអំពីស្នូលផែនដី ឬក៏ស្រទាប់ដីក្រោមទឹកកកផងដែរ។ ប្រវត្តិសាស្រ្តនៃភ្នំភ្លើងជាច្រើន នៅតែរឿងស្រពិចស្រពិល ដែលធ្វើឱ្យវាពិបាកក្នុងការប្រមើលមើល ឬព្យាករណ៍ឲ្យដឹងមុនទាន់ពេល ចំពោះការផ្ទុះនាពេលអនាគត និងផ្តោតលើបញ្ហាដែលមានហានិភ័យខ្ពស់បំផុត។ យើងត្រូវការការស្រាវជ្រាវបន្ថែមទៀត ទៅលើស្នូលផ្ទៃដីក្រោមទឹកកក ក៏ដូចជាកំណត់ត្រាប្រវត្តិសាស្ត្រ និងភូមិសាស្ត្ររួមមាន បាតសមុទ្រ និងបឹង ជាពិសេសនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។

ផែនទីតំបន់ភ្នំភ្លើង​ Tambora និងឥទ្ធិពលផ្ទុះ ដែលវាបានបង្កឡើងនៅឆ្នាំ ១៨១៥ (រូបភាពីបរទេស)

ការត្រួតពិនិត្យភ្នំភ្លើងគឺត្រូវបានធ្វើឡើង ដោយការអង្កេតផ្ទាល់អំពីកម្រិតរង្វាស់នៅលើផ្ទៃដី ក៏ដូចជាស្កេនមើលពីលើអាកាស (តាមរយៈផ្កាយរណប)។ ការពិតទៅការយល់ដឹងជាសហគមន៍ និងការអប់រំ គឺជាគន្លឹះមួយទៀតសម្រាប់ប្រជាជន ដែលរស់នៅក្បែរតំបន់ភ្នំភ្លើង។ មនុស្សទាំងនោះត្រូវយល់ដឹងថា ពួកគេកំពុងរស់នៅក្នុងតំបន់ភ្នំភ្លើងដ៏គ្រោះថ្នាក់ ហើយក៏ត្រូវដឹងថែមទៀតអំពីរបៀបរៀបចំ ឬក៏ជាការជម្លៀស ក្នុងករណីមានការផ្ទុះណាមួយបានកើតឡើង និងនៅពេលវាកំពុងកើតឡើង។ ជាពិសេសគឺត្រូវស្ដាប់នៅការរៀបចំរបស់អាជ្ញាធរ ឬក៏ជាការផ្សាយព័ត៌មានណាមួយ ឲ្យបានជាប់លាប់ និងទាន់ពេលពីរដ្ឋាភិបាល ដើម្បីចាត់ចែងកិច្ចការស្របតាមស្ថានការណ៍ ដែលកើតឡើងជាយថាហេតុ៕

ប្រែសម្រួល៖ សេន ចាន់ប៉ូរ៉ុង (Cambo Space)
ប្រភព៖ Science Alert (ថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner