«២៥ឆ្នាំទៀត យើងនឹងអាចរកឃើញភពមាន Alien រស់នៅ», នេះជាសម្តីអ្នកជំនាញម្នាក់

783

(បរទេស)៖ រាប់ទសវត្សរ៍មកនេះ យើងមិនទាន់បានរកឃើញជីវិតក្នុងទម្រង់ណាមួយ នៅលើភពអង្គារ និងទីឋានមួយចំនួនទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះឡើយ ក្រៅតែពីភពផែនដីដែលយើងកំពុងជ្រកកោណផ្ទាល់។ ប៉ុន្តែអ្នកជំនាញមួយរូប បានចេញមុខអះអាងថា យ៉ាងហោចណាស់រយៈពេល ២៥ឆ្នាំទៀតប៉ុណ្ណោះ (គិតចាប់ពីឆ្នាំ ២០២២ នេះទៅ) យើងនឹងអាចរកឃើញជីវិត (Alien) នៅលើភពក្នុងប្រព័ន្ធផ្កាយផ្សេងៗពីយើង។

អ្នកជំនាញផ្នែកតារាសាស្ត្រ និងរូបវិទ្យាមួយរូបឈ្មោះ Sasha Quanz មកវិទ្យាស្ថានបច្ចេកវិទ្យា ETH Zurich ប្រទេសស្វីស បានធ្វើការលើកឡើងដូចខាងលើនេះ នៅក្នុងឱកាសបើកដំណើរការ មជ្ឈមណ្ឌលសិក្សាអំពីដើមកំណើត (Origin) និង ប្រេវ៉ាឡង់ (Prevalence) នៃជីវិត។ ការដែលលោកហ៊ានអះអាងបែបនេះ គឺយោងទៅលើដំណើរការជាលក្ខណៈវិជ្ជមាន នៃបច្ចេកវិទ្យា ដែលបាននិងកំពុងធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រ រុករកឃើញភពថ្មីៗ និងអាចដឹងអំពីបុគ្គលិកលក្ខណៈ នៃភពទាំងអស់នោះថែមទៀត។

«២៥ឆ្នាំទៀត យើងនឹងអាចរកឃើញភពមាន Alien រស់នៅ», នេះជាសម្តីអ្នកជំនាញម្នាក់
រូបភាពស្រមើស្រមៃអំពីភព Alien (Image From The What If Show)

សំនួរដែលមនុស្សលោកតែងតែចោទសួរជានិច្ចនោះគឺ៖ តើផែនដីពិតជាភពតែមួយគត់នៅក្នុងចក្រវាល ដែលមានជីវិតរស់នៅឬ? កាលពីឆ្នាំ ១៩៩៥ ភពនៅប្រព័ន្ធផ្កាយផ្សេងដំបូងបំផុតទី ១ ត្រូវបានរកឃើញដោយតារាវិទូ Didier Queloz ហើយលោកក៏បានឈ្នះពានរង្វាន់ណូបែល (Noble Prize) មួយផងដែរ។ គិតមកទល់នឹងឆ្នាំ ២០២២ នេះ ភពនៅប្រព័ន្ធផ្កាយដទៃដែលយើងហៅថា Exoplanets នោះ ត្រូវបានរកឃើញរហូតដល់ជាង ៥,០០០ភពទៅហើយ តាមរយៈការសិក្សាស្រាវជ្រាវ យ៉ាងសស្រាក់សស្រាំជារៀងរាល់ថ្ងៃ។

ការវិភាគបរិយាកាសភព Exoplanet (Image from Science Alert)

បើតាមលោក Sasha Quanz នៅមានភពច្រើនអនេកទៀត ដែលរង់ចាំក្រុមអ្នកវិទ្យាសាស្ត្រស្វែងរក នៅក្នុងចំណោមតារាជាង ១០០ពាន់លានដួង នៃកាឡាក់ស៊ី Milky Way របស់យើង ហើយយ៉ាងហោចណាស់ជុំវិញតារាទាំងនោះ ក៏មានភព exoplanet មួយដែរកំពុងគោចរជុំវិញ (បើគិតជាមធ្យម)។ នេះពិតជាចំនួនភពដ៏ច្រើនខ្លាំងណាស់ ហើយលោក Quanz បានលើកជាឧទាហរណ៍ថា ភពស្ថិតក្នុងគន្លាតត្រឹមត្រូវ (Habitable Zone) ពីផ្កាយមេរបស់ពួកវា ស្រដៀងៗនឹងភពផែនដី ដែលអំណោយផលដល់ការកកើតជីវិត ក្នុងនោះមានដូចជាការសិក្សាបាននូវវត្តមានទឹក ក៏ត្រូវបានរកឃើញមួយចំនួនរួចមកហើយដែរ។

អ្នកជំនាញ Sasha Quanz (រូបភាពពីបរទេស)

លោក Quanz បានសង្កត់ធ្ងន់ត្រង់ចំណុចសំខាន់ៗទាំងនេះថា «អ្វីដែលយើងមិនទាន់បានដឹងនោះគឺ តើភពទាំងអស់នោះមានបរិយាកាសដែរឬទេ និងបរិយាកាសរបស់ពួកវា មានសមាសធាតុផ្សំអ្វីខ្លះ? យើងត្រូវតែស្រាវជ្រាវឲ្យបានដឹង អំពីបរិយាកាសភពទាំងនោះ។ យើងត្រូវតែអភិវឌ្ឍវិធីសាស្ត្រក្នុងការអង្កេត ដើម្បីឲ្យយើងអាចឈានទៅផ្តិតរូបភាព នៃភពទាំងនោះបាន»។ ការលើកឡើងរបស់ Quanz បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមការងារគ្រប់គ្រង តេឡេស្គូបអវកាស James Webb បានប្រកាសពីថតរូបភាពភព Exoplanet មួយឈ្មោះ HIP 65426 b ជាលើកដំបូង ហើយក៏បានដឹងអំពីសមាសធាតុផ្សំខាន់ៗ នៅក្នុងបរិយាកាសភពនោះថែមទៀតផងដែរ។

លោក Quanz បានអះអាងទៀតថា ដោយសារតែភព HIP 65426 b ជាប្រភេទភពឧស្ម័នយក្ស (Gas Giant) និងមានលក្ខណៈពិសេសត្រង់ វាគោចរនៅឆ្ងាយពីផ្កាយមេរបស់វាខ្លាំង នោះទើប James Webb អាចថតរូបភាពរបស់វាបានដូច្នេះ។ ប៉ុន្តែ James Webb នឹងមិនអាចថតរូបភាព ភពតូចៗ (ដូចជាផែនដី) នៅតាមប្រព័ន្ធផ្កាយផ្សេងទៀតបានទេ ព្រោះតេឡេស្កូបអវកាសនេះ មិនខ្លាំងគ្រប់គ្រាន់ក្នុងការធ្វើដូច្នោះឡើយ។ ហេតុដូច្នេះទើបឧបករណ៍វិទ្យាសាស្ត្រថ្មីៗ ត្រូវតែបង្កើតឡើងឲ្យបាន ដើម្បីបំពេញចន្លោះខ្វះខាតរបស់ James Webb។ ទស្សនាវីដេអូអំពីការថតរូបភាពភព HIP 6545 b កាលពីពេលថ្មីៗនេះ៖

  • តើកត្តាអ្វីដែលបានជំរុញឲ្យអ្នកជំនាញ Sasha Quanz អះអាងថា ២៥ឆ្នាំទៀត មនុស្សលោកនឹងអាចរកឃើញភពនៅប្រព័ន្ធផ្កាយដទៃ ដែលមាន Alien រស់នៅ?

លោក Sasha Quanz គឺជាអ្នកជំនាញផ្នែកតារាសាស្ត្រ និងរូបវិទ្យាម្នាក់ ដែលបានចូលរួមនៅក្នុងកម្មវិធីអភិវឌ្ឍ និងកសាងបណ្តាញេឡេស្កូបដ៏ធំមួយនោះគឺ ELT (Extremely Large Telescope) របស់អង្គការអឺរ៉ុប ESO ដែលអាចនឹងរួចរាល់នៅចុងទសវត្សរ៍នេះ (ឆ្នាំ ២០២៩)។ ELT មានមានបំពាក់កញ្ចក់ (mirror) ដែលមានមុខកាត់រហូតដល់ទៅ ៤០ម៉ែត្រ ហើយវានឹងក្លាយជាកញ្ចក់តេឡេស្កូប «ធំជាងគេបង្អស់លើផែនដី»

អនាគតតេឡេស្កូប ELT ដ៏ធំនៅឈីលី (Image: ESO)

បើតាមអ្នកវិទ្យាសាស្ត្រ គោលដៅមួយក្នុងចំណោមគោលដៅជាច្រើន នៃការប្រើប្រាស់តេឡេស្កូប ELT នោះគឺ «ការថតរូបភាពភព Exoplanet ឬភពដែលមានជីវិតរស់នៅ (Alien) មួយជាលើកដំបូង នៅប្រព័ន្ធផ្កាយកៀកនឹងផែនដីយើងបំផុត»។ ក្រុមអ្នកវិទ្យាសាស្ត្រ មិនត្រឹមតែចង់ថតរូបភាព ភពអាចមានជីវិតរស់នៅ នៅតាមតារា ១ ឬ ២ ប៉ុណ្ណោះទេ តែក៏នឹងថតនៅតាមផ្កាយរាប់សិបប្រព័ន្ធទៀតដែរ ហើយសម្រាប់បេសកកម្មយូរអង្វែងទៅមុខទៀត គឺពួកគេនឹងសិក្សាអំពីបរិយាកាស នៃភពទាំងអស់នោះ ដើម្បីឲ្យបានដឹងថា វាមានលទ្ធភាពទ្រទ្រង់ជីវិតដែរឬទេ។ តេឡេស្កូបនៅលើដីពិតជាពិបាកណាស់ ក្នុងការអង្កេតដឹងពីធាតុផ្សំ នៃសមាសធាតុផ្សំនៃបរិយាកាសភពនៅប្រព័ន្ធផ្កាយដទៃ ព្រោះតែមានស្រទាប់បរិយាកាសផែនដី បាំងពីមុនកែវលែន។ ហេតុដូច្នេះយើងនៅតែត្រូវការ ឧបករណ៍ពិសេសស្ថិតនៅក្នុងរយៈចម្ងាយដូចជា James Webb ដើម្បីបំពេញកិច្ចការងារនេះ។

តេឡេស្កូបអវកាស James Webb (Image: NASA ESA CSA)

សម្រាប់ពេលវេលា «២៥ឆ្នាំ» គឺជាការកំណត់គោលដៅដោយខ្លួនលោក Sasha Quanz ផ្ទាល់ ដោយយោងទៅលើអ្វីដែលត្រូវបានសម្រេច និងគម្រោងការណ៍នានា ដែលកំពុងបន្តអនុវត្ត។ បើតាមលោក Quanz, យើងត្រូវមានសមត្ថភាពញែកដឹង អំពីសមាសធាតុផ្សំសំខាន់ៗ នៅក្នុងបរិយាកាសភព Exoplanets ជាគោលដៅ ដើម្បីឲ្យដឹងថា តើមានសារធាតុគីមីណាមួយ ត្រូវបានបញ្ចេញដោយជីវិតលើភពនោះ ទៅក្នុងបរិយាកាសភពនោះដែរឬទេ។ គ្មានការធានាថា ២៥ឆ្នាំ នឹងអាចរកឃើញជីវិត Alien នោះទេ, ប៉ុន្តែលោក Quanz ជឿជាក់ថា យើងនឹងអាចសិក្សាយល់ដឹងបន្ថែមទៀត ទៅតាមមធ្យោបាយ ដែលបានយើងបានបង្កើតឡើងជាបន្តបន្ទាប់៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner