HOT NEWS៖ James Webb ថតភពណិបទូន! ចុះអ្វីទៅដែលភ្លឺចិញ្ចាចជិតភពនេះ? (VIDEO)
(បរទេស)៖ តេឡេស្កូបអវកាស James Webb ទើបតែផ្តិតរូបភាពភពណិបទូន (Neptune) ដែលជាភពចុងគេ (ទី៨) នៃប្រព័ន្ធព្រះអាទិត្យយើង ហើយអ្វីដែលជាទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើលនោះ គឺភពឧស្ម័នយក្សមួយនេះមាន Ring ធំលើសពីការស្មាន ខណៈកន្លងមកយើងបានត្រឹមដឹងថា វាមាន Ring ធម្មតាប៉ុណ្ណោះ។

ប៉ុន្តែឈប់សិន! តើអ្វីទៅដែលភ្លឺចិញ្ចាចនៅពីលើភពណិបទូននោះ? ក្រុមការងារគ្រប់គ្រង James Webb របស់អង្គការ NASA ESA និង CSA បានអះអាងថា វាមិនមែនជាផ្កាយនោះឡើយ តែវាជាព្រះចន្ទ ត្រាយថុន (Triton) ដ៏ចម្លែករបស់ភពណិបទូន។ ដោយសារតែព្រះចន្ទនេះ គ្របដណ្តប់ដោយនីដ្រូសែន ឬអាសូត (Nitrogen) ក្នុងទម្រង់កកនៅលើផ្ទៃរបស់វា នោះទើបវាអាចធ្វើចំណាំងផ្លាតពន្លឺព្រះអាទិត្យ ទៅកាន់ទីអវកាសវិញរហូតដល់ទៅ ៧០%។

ជាការពិតណាស់, យានអវកាស Voyager 2 របស់អង្គការ NASA បានហោះកាត់ភពចុងគេនេះដំបូងកាលពីឆ្នាំ ១៩៨៩, ជាពេលដែលការពិតមួយត្រូវបានលាតត្រដាង នោះគឺភពឧស្ម័នយក្សពណ៌ខៀវនេះ ក៏មាន Ring ផងដែរ។ ប៉ុន្តែការសម្លឹងមើលដោយ James Webb បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ព្រោះតែវត្តមានរបស់ Ring នោះស្ថិតនៅកៀកជុំវិញភពនេះខ្លាំង។ បន្ថែមពីនេះ យើងក៏អាចមើលឃើញព្រះចន្ទ ៧ ក្នុងចំណោមព្រះចន្ទទាំង ១៤ របស់ Neptune ផងដែរ។

ភពណិបទូនត្រូវបានរកឃើញដំបូងកាលពីឆ្នាំ ១៨៤៦ ដោយវាមានគន្លាតពីព្រះអាទិត្យស្មើនឹង ៣០ដង នៃគន្លាតរវាងផែនដី និងព្រះអាទិត្យ (ផែនដីមានគម្លាតជាមធ្យម ១៥០លានគីឡូម៉ែត្រពីព្រះអាទិត្យ ឬយើងអាចហៅថា 1AU)។ ភព Neptune ក៏ត្រូវបានគេហៅថា ភពយក្សដ៏ត្រជាក់ផងដែរ ព្រោះតែផ្ទៃក្នុងរបស់វា មានធាតុផ្សំជាច្រើន ធ្ងន់ជាងធាតុផ្សំនៃភពព្រហស្បតិ៍ (Jupiter) និងភពសៅរ៍ (Saturn) ដែលជាភពឧស្ម័នយក្សលេខ ១ និងលេខ ២ សំបូរទៅដោយ អ៊ីដ្រូសែន (hydrogen) និងអេល្យ៉ូម (helium) នោះទៅទៀត។

បើយើងសម្លឹងមើលឲ្យជិត ទៅកាន់តំបន់ភ្លឺៗលើរូបភាពជាទម្រង់ពន្លឺ Infrared របស់ភពណិបទូននោះ គឺលោកអ្នកកំពុងមើលឃើញតំបន់កកើតព្យុះលើភពនោះហើយ។ ជាធម្មតាតំបន់កកើតព្យុះ និងតំបន់ជុំវិញខ្សែអេក្វាទ័រ តែងតែមានកម្តៅខ្ពស់ជាងតំបន់ផ្សេងទៀត, ហេតុដូច្នេះទើបវាមើលទៅឃើញភ្លឺៗជាង តំបន់ផ្សេងៗទៀតដែលសំបូរឧស្ម័នត្រជាក់។
គួរបញ្ជាក់ថា តេឡេស្កូបអវកាស James Webb បានប្រើប្រាស់កាមេរ៉ាផ្តិតយក ពន្លឺក្រហមអាំងហ្វ្រាជិត (NIRCam) ដើម្បីផ្តិតយកប្រព័ន្ធភពណិបទូនទាំងមូល ហេតុដូច្នេះទើបយើងអាចមើលឃើញ ពន្លឺក្រហមអាំងហ្វ្រាដែលភពណិបទូន, ខ្សែក្រវាត់ និងជាពិសេសគឺព្រះចន្ទ Triton បានបញ្ចេញបែបនេះ ហើយវាក៏ជាមូលហេតុដែលភពណិបទូន មិនបង្ហាញពណ៌ខៀវ ដូចភ្នែកមនុស្សឬតេឡេស្កូបធម្មតាៗមើលឃើញផងដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២)