កុំទាន់អាលខកចិត្ត! នេះជារូបភាព Jupiter ដែលផ្គុំឡើងពីរូបថតជាងកន្លះលានសន្លឹក!
(បរទេស)៖ ដើម្បីជាការលួងចិត្តដល់អ្នកខំរង់ចាំតាមដានព្រឹត្តិការណ៍កម្រ តែបែរជាចំពេលអាកាសធាតុមិនអំណោយផងនោះ ពេលនេះយើងខ្ញុំមានរូបថតភពព្រហស្បតិ៍ (Jupiter) មួយសន្លឹក ដែលត្រូវបានផ្តិត និងផ្គុំឡើងពីរូបថត ដ៏ច្រើនសន្លឹកស្ទើរមិនគួរឲ្យជឿ ហើយវាត្រូវបានបញ្ចេញចំឱកាសដែលភពឧស្ម័នយក្សលេខ ១ មួយនេះ គោចរមកកាន់ចំណុចកៀកនឹងភពផែនដីបំផុត មិនធ្លាប់មានក្នុងរយៈពេល ៥៩ឆ្នាំ (៥៩១ លានគីឡូម៉ែត្រពីផែនដី) នៅយប់ថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ នេះតែម្តង, ហើយវានឹងកើតឡើងម្តងទៀតរហូតដល់ទៅឆ្នាំ ២១៣៩ ឯណោះ។
![កុំទាន់អាលខកចិត្ត! នេះជារូបភាព Jupiter ដែលផ្គុំឡើងពីរូបថតជាកន្លះលានសន្លឹក! កុំទាន់អាលខកចិត្ត! នេះជារូបភាព Jupiter ដែលផ្គុំឡើងពីរូបថតជាកន្លះលានសន្លឹក!](https://cambospace-world.com/wp-content/uploads/2022/09/photo_2022-09-26_22-39-34-1024x576.jpg)
បើយើងមើលមួយភ្លែត រូបមួយសន្លឹកនេះគឺសាមញ្ញៗប៉ុណ្ណោះ ប៉ុន្តែតាមការពិតទៅ វាត្រូវបានផ្គុំឡើងពីរូបថតជាងកន្លះលានសន្លឹក (៦០០,០០០សន្លឹក)។ ហេតុអ្វីក៏ច្រើនដល់ម្លឹង? អ្នកជំនាញថតរូបមួយរូបឈ្មោះ Andrew McCarthy មកពីរដ្ឋ Arizona សហរដ្ឋអាមេរិក បានប្រឹងប្រែងបំពេញកិច្ចការងារនេះ ដើម្បីទទួលបាននូវភាពភពព្រហស្បតិ៍មួយសន្លឹក ដែលប្រកបដោយភាពលម្អិត (detail) ខ្ពស់បំផុត ហើយលោកបានធ្វើរឿងនេះកាលពីយប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ ជាពេលដែលភពព្រហស្បតិ៍គោចរមកដល់ ចំណុចកាន់តែកៀកនឹងផែនដីយើងខ្លាំង។
![](https://cambospace-world.com/wp-content/uploads/2022/09/photo_2022-09-26_22-39-21-1024x1024.jpg)
គួរបញ្ជាក់ថា លោក Andrew McCarthy បានប្រើប្រាស់ពេលពេញមួយយប់ ដើម្បីថតរូបភាពភពព្រហស្បតិ៍ចំនួន ៦០០,០០០សន្លឹក ដោយប្រើប្រាស់តេឡេស្កូបនៅលើដី មានមុខកាត់ ១១អ៊ីញចំនួនមួយគ្រឿង និងកាមេរ៉ាចំនួនមួយគ្រឿងទៀត ដែលមានសមត្ថភាពអាចផ្តិតបានទិដ្ឋភាព នៅទីអវកាសឆ្ងាយៗ។ លោកអ្នកក៏អាចចូលទៅគាំទ្រស្នាដៃរបស់លោក Andrew តាមរយៈគណនី Instagram ឈ្មោះ @cosmic_background និងវែបសាយ https://cosmicbackground.io/ របស់លោកផ្ទាល់ផងដែរ៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២)
![480×240 Banner](https://cambospace-world.com/wp-content/uploads/2024/02/cambo-space-donate-1.png)