សេចក្ដីប្រកាសព័ត៌មានរួម៖ មានការយកឈ្មោះផលិតផលដែលយុវជន និងកុមារ បានស្គាល់ស្រាប់ ដាក់លើបារីអេឡិចត្រូនិក

222

(ភ្នំពេញ)៖ ទោះបីជាបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ត្រូវបានរាជរដ្ឋាភិបាលហាមឃាត់មិនអោយប្រើប្រាស់ នាំចូល និងចែកចាយលក់ក៏ដោយ ក៏នៅតែមានការផ្សព្ចផ្សាយលក់ផលិតផលទាំងនេះ តាមបណ្តាញព័ត៌មានសង្គម។ មិនតែប៉ុណ្ណោះអ្នកផលិតបារីអេឡិចត្រូនិក បានផលិតទឹកសូលុយស្យុង រសជាតិ ដោយភ្ជាប់ទៅនឹងម៉ាកផលិតផល មួយចំនួនដែលយុវជន និងកុមារបានស្គាល់ស្រាប់ ដូចជា ភេសជ្ជៈកូកាកូឡា (Coca Cola) ប៉ិបស៊ី (Pepsi) ហ្វាន់តា (Fanta) គោជល់ (RedBull) ស្ករកៅស៊ូឌុបបលមីន (Duoblemint) និង ស្ករផ្លេ (Play) ជាដើម។

នៅសេចក្តីប្រកាសព័ត៌មានរួម របស់សម្ព័ន្ធកម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង និងអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងទៀតថា ទាំងនេះបានបញ្ជាក់ឱ្យឃើញ យ៉ាងច្បាស់ថាគោលដៅនៃផលិតផលបារីអេឡិចត្រូនិកនេះគឺទាក់ទាញអ្នកជក់ថ្មីដែលជាយុវជន និង កុមារ ស្របពេលដែលមនុស្សកំពុងមានទំនោរ បោះបង់ ទម្លាប់ប្រើប្រាស់បារីធម្មតា។

បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់។ វាផ្ទុកជាតិនីកូទីន ដែលធ្វើអោយអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះកុមារនិងយុវជន។ នីកូទីននេះ ក៏បង្កអោយមានការខូចខាតធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាលរបស់កុមារ។ ចំពោះយុវជន នីកូទីន ធ្វើអោយមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំអោយប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្រ។

ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែន គ្លីសេរីនគ្លីកូល វាធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួតនិងបេះដូង។ ប៉ុន្តែ វាត្រូវបានផ្សព្វផ្សាយបំភាន់ដោយអ្នកចែកចាយ និងអ្នកផលិតថាជាផលិតផលជួយដល់ការផ្ដាច់បារី។ ជាក់ស្ដែងវាពុំដូចអ្វីដែលពួកគេបានលើកឡើងឡើយ។ អ្នកប្រើប្រាស់បារីអេឡិចត្រូនិក នឹងមានទំនោរ ប្រើប្រាស់បារីច្រើនជាងមុនទ្វេដង។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរួម៖

សេចក្ដីប្រកាសព័ត៌មានរួម៖ មានការយកឈ្មោះផលិតផលដែលយុវជន និងកុមារ បានស្គាល់ស្រាប់ ដាក់លើបារីអេឡិចត្រូនិក
480×240 Banner