អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នឹងរៀបចំ «ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៥» នៅថ្ងៃទី៣០ វិច្ឆិកា មុខសួនច្បារវត្តបទុមវតី, ភ្នំពេញ

58

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងខាងរាជរដ្ឋាភិបាល រួមជាមួយអង្គការសង្គមស៊ីវិល នឹងរៀបចំពិធីអបអរសាទរ «ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៥» នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ដើម្បីអំពាវនាវឱ្យមានការឆ្លើយតបជាបន្ទាន់ទៅនឹងការរីករាលដាលនៃមេរោគអេដស៍ ហើយក៏ដើម្បីរំលឹកដល់មេដឹកនាំពិភពលោកដែរថា ការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍មិនទាន់បានចប់នៅឡើយទេ ដែលជាការជាក់ស្តែងដោយការឆ្លងថ្មីចំនួន ១លាន៣សែនករណី កើតឡើងទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។

ព្រឹត្តិការណ៍នេះនឹងលើកកម្ពស់ការយល់ដឹង ការបង្ការ ការធ្វើតេស្ត និងការថែទាំ ខណៈពេលដែលបង្ហាញពីការចូលរួមជាមួយអ្នកដែលរងផលប៉ះពាល់ដោយមេរោគអេដស៍/ជំងឺអេដស៍នៅក្នុងសហគមន៍ និងអ្នកពាក់ព័ន្ធសំខាន់ៗ។ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ១ខែធ្នូ។ ព្រឹត្តិការណ៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះនឹងគូសបញ្ជាក់ពីបញ្ហាប្រឈមជាច្រើនដែលកំពុងបន្ត និងពង្រឹងសារៈសំខាន់ ដែលជាការងារចម្បងនៃការខិតខំប្រឹងប្រែងក្នុងការឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ ក្នុងការងារសុខភាពសាធារណៈជាតិ និងសកលលោក។

(រូបភាពពីអង្គការ AHF កម្ពុជា)

ព្រឹត្តិការណ៍ទិវាអេដស៍ពិភពលោករបស់ AHF កម្ពុជា នឹងមានកម្មវិធីដូចជា សន្និសីទសារព័ត៌មាន ការដង្ហែក្បួន ការសម្តែងសិល្បៈ ការធ្វើតេស្តរកមេរោគអេដស៍ ។ ព្រឹត្តិការណ៍នេះនឹងមានអ្នកចូលរួមជាង ៣០០នាក់ រួមមាន ស្ថាប័នរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន សហគមន៍ អ៊ីមផស សិស្ស និស្សិត និងអ្នកពាក់ព័ន្ធផ្សេងទៀត។

(រូបភាពពីអង្គការ AHF កម្ពុជា)

បើតាមលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់ AHF មានប្រសាសន៍ថា «តំបន់អាស៊ីជាចំណុចសំខាន់ក្នុងការឆ្លើយតបទៅនឹងជំងឺអេដស៍ ទោះបីជាមានវឌ្ឍនភាពកន្លងមកក៏ដោយ ការឆ្លងមេរោគអេដស៍កើនឡើងក្នុងចំណោមប្រជាជនគន្លឹះបានបង្ហាញថា ការប្រយុទ្ធនៅមិនទាន់ទៅដល់ការបញ្ចប់មេរោគអេដស៍នៅឡើយទេ។ ទិវាអេដស៍ពិភពលោកនេះរំលឹកយើងថា មេរោគអេដស៍/ជំងឺអេដស៍ មិនទាន់បញ្ចប់នៅឡើយទេ ហើយសកម្មភាពប្រកបដោយចីរភាពគឺមានសារៈសំខាន់ណាស់ដើម្បីបញ្ចប់ជំងឺអេដស៍នៅក្នុងតំបន់របស់យើង»។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នឹងរៀបចំ «ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៥» នៅថ្ងៃទី៣០ វិច្ឆិកា មុខសួនច្បារវត្តបទុមវតី, ភ្នំពេញ
(រូបភាពពីអង្គការ AHF កម្ពុជា)

សូមបញ្ជាក់ដែរថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកលដែលផ្តល់សេវាមិនគិតពីលទ្ធភាពនៃការបង់ប្រាក់និងការតស៊ូមតិដល់មនុស្សជាង ២.៧លាននាក់ក្នុងប្រទេសចំនួន៥០ នៅទូទាំងពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្ន (AHF) ជាអ្នកផ្តល់សេវាថែទាំសុខភាពនៅលើពិភពលោក ពីមេរោគអេដស៍/ជំងឺអេដស៍ដ៏ធំបំផុត ដែលមិនស្វែងរកប្រាក់ចំណេញ៕

(អត្ថបទ និងរូបភាពទាំងស្រុងពីអង្គការ AHF)

480×240 Banner