សិស្ស និស្សិត សំណូមពរដល់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ហាមការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា

164

(ភ្នំពេញ)៖ បេក្ខជនឆ្នើមក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រស្ដីពី «ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ទម្រង់គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែង ប្រកួតកីឡា» បានលើឡើងថា ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡាគឺជាវិធានការមានប្រសិទ្ធិភាព ហើយស្របទៅនិងអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងការបង្ការកុមារនិងយុវជនពីការទាក់ទាញអោយចាប់ផ្តើមសេពគ្រឿងស្រវឹង ឬសេពកាន់តែច្រើន តាមរយៈយុទ្ធសាស្ត្រដ៏សំបូរបែប នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។

កម្មវិធីនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រនេះរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡានៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីលោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិកាក្រសួងអប់រំយុវជន និងកីឡា លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា រួមទាំងលោក លោកស្រីមកពីក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ និងសិស្ស និស្សិតជាច្រើនរូប។

បេក្ខជនឆ្នើមរូបនេះ បានបន្ថែមថា ការផ្សាយពាណិជ្ជកម្មតាមរយៈផ្ទាំងបដាឬអេក្រង់ LED ការដាក់ស្តង់បង្ហាញម៉ាកឬចែកសម្ភារៈមានម៉ាកគ្រឿងស្រវឹង ឧបត្ថម្ភកម្មវិធីកីឡា ការចែកគ្រឿងស្រវឹង Free ឬផ្ដាល់រង្វាន់ផ្សេងៗ លេងល្បែងកម្សាន្តជាមួយភ្នាក់ងារគ្រឿងស្រវឹង និងការជួលតារាល្បីៗឱ្យផ្សព្វផ្សាយជាដើម តែងកើតមានក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា។

ការផ្សាយពាណិជ្ជកម្មទាំងនេះ នេះបានប៉ះពាល់ទៅដល់សិទ្ធិមូលដ្ឋានរបស់កុមារ រួមមានសិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវ, សិទ្ធិទទួលបានសុខភាពល្អ, និង សិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍជាដើម។ នេះជាការលើកឡើងរបស់បេក្ខជនឆ្នើមក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ធ្វើនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

សិស្ស និស្សិត សំណូមពរដល់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ហាមការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា

បេក្ខជនឆ្នើមក៏បានលើកឡើងថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក៏ប៉ះពាល់ផ្ទាល់ទៅដល់អត្តពលិកផងដែរ។ ការផ្សាយពាណិជ្ជកម្មនេះបានជំរុញឱ្យអត្តពលិកសេពគ្រឿងស្រវឹង ដែលធ្វើអោយកុមារនិងយុវជនធ្វើត្រាប់តាម។ មិនតែប៉ុណ្ណោះអត្តពលិកក៏ទទួលករងនូវផលអវិជ្ជមានមួយចំនួនដូចជា ប្រតិកម្មយឺតយ៉ាវ (delayed reactions) នៅពេលលេងកីឡា ការវិនិច្ឆយថយចុះ (diminished judgment) ក្នុងការសម្រេចចិត្តណាមួយ និងលំនឹងរាងកាយចុះខ្សោយ (impaired balance) នៅពេលប្រកួតកីឡា។

ម្យ៉ាងវិញទៀត ការអនុញ្ញាតឱ្យមានការផ្សាយ និងប្រើប្រាស់គ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា ដែលមានការចូលរួមដោយក្រុមក្មេងៗនិងយុវជនជួបជុំគ្នា វាមានហានិភ័យខ្ពស់ក្នុងការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារការប្រើប្រាស់គ្រឿងស្រវឹងជោកជាំ ឈានទៅប្ដូរអាកប្បកិរិយាឆេវឆាវ បង្កជាអំពើហិង្សា ការវាយតប់គ្នា ការរំខាន និងការបំផ្លិចបំផ្លាញ មុនពេលប្រកួត អំឡុងពេលប្រកួត និងក្រោយពេលប្រកួត ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ក្រោយត្រឡប់មកផ្ទះវិញ។

បេក្ខជនឆ្នើមនេះក៏បានសំណូមពរឱ្យរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធធ្វើការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡាឱ្យបានឆាប់តាមតែអាចធ្វើបាន ព្រោះការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡាបានអនុវត្តជោកជ័យរួចមកហើយនៅតាមបណ្ដាប្រទេសមួយចំនូន ដូចករណីប្រទេសបារាំង មិនអនុញ្ញាតឱ្យគ្រឿងស្រវឹងឧបត្ថម្ភព្រឹត្តិការណ៍កីឡាឡើយ ស្របពេលដែលប្រទេសថៃអនុញ្ញាតឱ្យផ្សាយពាណិជ្ជគ្រឿងស្រវឹងតែម៉ាកនិងនិមិត្តសញ្ញានៃគ្រឿងស្រវឹងតែប៉ុនណោះ នៅក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា៕

480×240 Banner