ក្តៅៗ! ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំ «Huawei» បញ្ចេញទូរស័ព្ទម៉ូដែលថ្មី មានមុខងារពិសេសកប់ ប៉ុន្តែតម្លៃវិញគឺ…
(គូឡាឡាំពួ)៖ ក្នុងគោលដៅដើម្បីទាក់ទាញយុវវ័យជំនាន់ក្រោយ ដែលមានចំណូលចិត្តថតរូប និងចង់បានទូរស័ព្ទដៃ ដែលមើលទៅមានលក្ខណៈប្រណិត (Premium) តែក្នុងតម្លៃធូរថ្លៃនោះ ក្រុមហ៊ុនស្មាតហ្វូនដ៏ល្បីរបស់ប្រទេសចិន Huawei ទើបតែបានបង្ហាញវត្តមានម៉ូដែលទូរស័ព្ទដៃធុនកណ្តាល ចុងក្រោយបំផុតរបស់ខ្លួន «Nova 2i» ដែលមានកាមេរ៉ាដល់ទៅ ០៤គ្រាប់ នៅឯប្រទេសម៉ាឡេស៊ី និងថៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន New Straits Times នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
Nova 2i មិនត្រឹមជាស្មាតហ្វូនដំបូងរបស់ Huawei ដែលមានបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះ ទាំងនៅផ្នែកខាងមុខ និងខាងក្រោយនោះឡើយ តែថែមមានផ្ទៃអេក្រង់ Full-Screen ដូចទៅនឹងស្មាតហ្វូនលំដាប់ខ្ពស់ ជាច្រើនផ្សេងទៀតនៅក្នុងទីផ្សារផងដែរ។ Nova 2i មានអេក្រង់ទំហំដល់ទៅ 5.9-inch និងអាចមើលរូបភាពបានក្នុងទំហំ 1920×1080 pixels ហើយមាន Screen-to-body Ratio 18:9 ដូចទៅនឹង Galaxy S8, S8 Plus, Note 8 របស់ Samsung និង G6 របស់ LG ជាដើម។
សម្រាប់កាមេរ៉ាវិញ គឺនៅផ្នែកខាងក្រោមមានកាមេរ៉ាភ្លោះពីរគ្រាប់ (16MP + 2MP) និងខាងក្រោយ (13MP + 2Mp) ដើម្បីអនុញ្ញាឲ្យថតព្រាល Background បានទាំងសងខាង។ ស្មាតហ្វូនធុនកណ្តាលរបស់ Huawei នេះ មានបំពាក់នូវបន្ទះឈីប HiSilicon Kirin 659 ដែលជាម៉ាក Processor ផ្តាច់មុខផ្ទាល់របស់ Huawei តែម្តងអមជាមួយនិង RAM ទំហំ 4GB, អង្គផ្ទុកទិន្នន័យ 64GB, ថាមពលថ្ម 3,340mAh ហើយដំណើការលើស្បែកស្រោបខ្លួន EMUI 5.1 របស់ Huawei ដែលឈរពីលើប្រតិបត្តិការ Android Nougat 7.0។
គួរបញ្ជាក់ថា នៅក្នុងប្រទេសម៉ាឡេស៊ី Nova 2i នឹងត្រូវដាក់លក់ក្នុងតម្លៃ 307ដុល្លារ ជាមួយនិងជម្រើសបីពណ៌៖ ខ្មៅ, មាស, និងខៀវ ចាប់ពីថ្ងៃទី១៣ ខែតុលាខាងមុខតទៅ។ ក្រៅពីនេះក្រុមហ៊ុន Huawei ក៏នឹងផ្តល់ជូនអតិថិជននូវកាដូអនុស្សាវរីយ៍ បន្ថែមមួយចំនួនទៀតគិតជាសាច់ប្រាក់ជាង ១០០ដុល្លារផងដែរ រួមមានដូចជា ដង Selfie, កាសស្តាប់ត្រចៀក, បន្ទះក្រវិលប្រើជាទម្រទូស័ព្ទជាដើម៕