មានអ្នកសួរអំពីបាតុភូតនេះ… NASA កំពុងសិក្សាពីវាហើយ

1,037

(បរទេស)៖ ពួកវាគឺជាពន្លឺដ៏ភ្លឺរបស់ផ្លេកបន្ទោរ និងចំណុចដ៏ភ្លឺពណ៌ក្រហមៗផ្សេងទៀត ដែលស្ថិតនៅពីលើបណ្តុំព្យុះពពក ហើយពន្លឺក្រហមនេះបង្ហាញខ្លួនយ៉ាងលឿនបំផុត ដោយស្មើនឹងមួយប៉ប្រិចភ្នែករបស់មនុស្សប៉ុណ្ណោះ។ ពន្លឺ Sprite (ស្ព្រៃត៍) នេះ ជាបាតុភូតនៃបន្ទុករលកអគ្គិសនីពណ៌ក្រហម ដែលគេបានឃើញមានចំនួនតិចបំផុត នៅក្នុងស្រទាប់បរិយាកាសផ្នែកខាងលើ របស់ភពផែនដីរបស់យើង។

ថតបានដោយអវកាសយានិកលើស្ថានីយអវកាសអន្តរជាតិ (ISS) កាលពីឆ្នាំ២០១៥ (រូបភាពពី NASA)

គម្រោងការវិទ្យាសាស្ត្រថ្មីបំផុតរបស់ NASA គឺ Spritacular (ស្ព្រៃត៍ថេក-ខ្យូឡា) គឺជាការប្រើប្រាស់បណ្តុំព័ត៌មានពីក្រុមអ្នកប្រមាញ់ព្យុះ ដើម្បីជំរុញការសិក្សាលម្អិត និងព្រឹត្តិការណ៍ពន្លឺផ្លេកបន្ទោរ ឬ ហៅជាភាសាឡាតាំង Transient Luminous Events (ត្រេនសៀន ឡូមីន៊ុស អ៊ីវេនស៍) ឬហៅកាត់ថា (TLEs)។ TLEs គឺរួមមានកម្លាំងបាតុភូតបន្ទុកអគ្គិសនីជាច្រើន ដែលកើតឡើងនៅខាងលើព្យុះផ្គររន្ទះ និងបង្កើតពន្លឺភ្លឹបភ្លែតៗ។ គម្រោង របស់ក្រុមវិទ្យាសាស្តថ្មីនេះមានគោលបំណង ផ្សាភ្ជាប់រវាងក្រុមអ្នកវិទ្យាសាស្ត្រអាជីព ជាមួយនឹងសាធារណជន ដែលចង់ឱ្យការងារថតរូបរបស់ពួកគេ ចូលរួមចំណែកក្នុងការសិក្សាវិទ្យាសាស្ត្រលម្អិត អំពីបន្ទុករលកអគ្គិសនីពណ៌ក្រហមទាំងនោះ។

Sprites (ស្ព្រៃត៍) កើតឡើងនៅរយៈកំពស់ប្រហែល ៨០ គីឡូម៉ែត្រពីផ្ទៃដី ហើយស្ថិតនៅពីលើបណ្តុំនៃព្យុះផ្គររន្ទះ។ ពួកវាអាចលេចឡើងមួយភ្លែតប៉ុណ្ណោះ បន្ទាប់ពីការកើតមានបាតុភូតរន្ទះបាញ់។ Sprites ជាបណ្តុំពន្លឺពណ៌ក្រហមបង្ហាញវត្តមានភ្លាមៗ និងអាចមានរូបរាងច្រើនទម្រង់, វាជាពន្លឺរួមបញ្ចូលគ្នារវាងបន្ទុកអគ្គិសនីដែលសាយភាយ និងពន្លឺដែលចែងចាំង។ Sprites (ស្ព្រៃត៍) ខ្លះមានទំនោរចំពីលើព្យុះ ហើយវាភ្លឺ និងរលត់ទៅវិញយ៉ាងលឿន។

មានអ្នកសួរអំពីបាតុភូតនេះ… NASA កំពុងសិក្សាពីវាហើយ
ថតបាននៅលើផ្ទៃមេឃភាគអាគ្នេយ៍នៃសមុទ្រ Aegean Sea កាលពីខែធ្នូ ឆ្នាំ២០២១ (Credits: Copyright Thanasis Papathanasiou)

រាល់សាក្សីដែលបានឃើញផ្ទាល់ហ្នឹងភ្នែក បានរាយការណ៍អំពីពន្លឺពណ៌ក្រហមដ៏ចម្លែក ស្ថិតនៅពីលើព្យុះផ្គររន្ទះ ហើយភស្តុតាងជាច្រើនគឺមានប្រភពតាំងពីឆ្នាំ ១៩៨៩ ដែលព្រឹត្តិការណ៍បែបនេះដំបូងគេ ត្រូវបានចាប់បានដោយ កាមេរ៉ារបស់ក្រុមអ្នកស្រាវជ្រាវ និងក្រុមអ្នកប្រមាញ់ព្យុះ។ ដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Minnesota (មីននីយ៍ស៊ូតា) សហរដ្ឋអាមេរិក កំពុងធ្វើតេស្តកាមេរ៉ាដោយចៃដន្យ ដោយឡែកកាមេរ៉ារបស់ពួកគេ ក៏បានចាប់យកភស្តុតាងដ៏គួរឱ្យចាប់អារម្មណ៍ដំបូងបំផុត សម្រាប់អ្វីដែលយើងហៅថា sprites ដូចដែលយើងបានឃើញក្នុងរូបភាពនេះ។

គួរបញ្ជាក់ថា មូលហេតុដែលក្រុមអ្នកវិទ្យាសាស្ត្រ ហៅព្រឹត្ដិការណ៍ដ៏កម្រទាំងនេះថា «Sprites (ស្ព្រៃត៍)» ព្រោះពួកគេចង់សំដៅទៅលើ «សត្វទេព» ដូចទៅហ្នឹងរឿងព្រេងមួយរបស់អឺរ៉ុប។ សង្ឃឹមថា NASA នឹងអាចរកឃើញចម្លើយបន្ថែមទៀត អំពីបាតុភូតកម្រខាងលើនេះ៕

ប្រែសម្រួល៖ សេន ចាន់ប៉ូរ៉ុង (Cambo Space)
ប្រភព និងរូបភាព៖ NASA’s Goddard Space Flight Center, Greenbelt, MD.

480×240 Banner