Black Hole បានលេបត្របាក់ផ្កាយមួយ ទើបនាំឲ្យក្រុមតារាវិទូរកឃើញវាតែម្តង…

1,135

(បរទេស)៖ ប្រហោងខ្មៅ (Black Hole) តែងតែមិនបង្ហាញខ្លួន ឲ្យតេឡេស្កូបមើលឃើញងាយៗនោះឡើយ ប៉ុន្តែថ្មីៗនេះ Black Hole មួយ បានហែកកម្ទេចផ្កាយមួយដួងហើយស្រូបចូលក្នុងខ្លួនវា ទៅតាមអត្តចរិតពីធម្មជាតិដ៏ពិសពុល ហើយព្រឹត្ដិការណ៍ប្រភេទនេះ បានជួយឲ្យក្រុមតារាវិទូរកឃើញវត្តមានរបស់វា និងស្វែងយល់បន្ថែមកាន់ច្រើន អំពីដំណើរនៃការវិវឌ្ឍរបស់ Black Hole ជារួម។

ប្រហោងខ្មៅទំហំមធ្យមខាងលើនេះ ស្ថិតនៅចម្ងាយប្រមាណ ៨៥០លានឆ្នាំពន្លឺ ពីភពផែនដីរបស់យើង (១ឆ្នាំពន្លឺ= ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដោយស្ថិតនៅក្នុងកាឡាក់ស៊ីមួយមានឈ្មោះសម្គាល់ថា SDSS J152120.07+140410.5។ វាបាននិងកំពុងបំបែកផ្កាយមួយដួងទៅជាកម្ទេចធូលី បន្ទាប់ពីប្រហោងខ្មៅនេះគោចរទៅជិតផ្កាយនោះ ដោយព្រឹត្តិការណ៍ដ៏គួរឲ្យព្រឺព្រួចនោះ បានបញ្ចេញនូវពន្លឺដ៏ខ្លាំងអស្ចារ្យមួយ ដែលត្រូវបានក្រុមតារាវិទូប្រើប្រាស់ ដើម្បីកំណត់ទីតាំងរបស់ Black Hole នោះ។

ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញវត្តមាន «អណ្តាតភ្លើង» ដែលត្រូវបានកំណត់ឈ្មោះថា AT 2020neh ដោយប្រើបច្ចេកវិទ្យា Young Supernova Experiment នៅលើតេឡេស្កូប Pan-STARRS។ ពួកគេបានស្ទាបស្ទង់យ៉ាងជាក់លាក់ អស់រយៈពេលប្រមាណបីឆ្នាំលើផ្ទៃមេឃ ដោយប្រើតេឡេស្កុបដែលមានមូលដ្ឋាននៅលើកោះហាវ៉ៃ (Hawaii) មួយនេះ តាមរយៈការអង្កេតពន្លឺរយៈពេលខ្លី ពីព្រឹត្តិការណ៍ដូចជាស៊ូពើណូវ៉ា (Supernova) ជាដើម។ នៅពេលដែល Black Hole លេបត្របាក់ផ្កាយមួយ វានឹងបង្កើតបានជាបាតុភូតមួយហៅកាត់ថា TDE ដែលកើតឡើងនៅពេលកម្លាំងទំនាញដ៏ខ្លាំងក្លាពីទំនាញរបស់ប្រហោងខ្មៅ ធ្វើសកម្មភាពលើផ្កាយនោះ។

Black Hole បានលេបត្របាក់ផ្កាយមួយ ទើបនាំឲ្យក្រុមតារាវិទូរកឃើញវាតែម្តង…
(រូបភាពពីបរទេស)

បន្ទាប់ពីត្រូវបានលេបត្របាក់ ដោយកម្លាំងស្រូបទាញដ៏មហាសាលរបស់ Black Hole កម្ទេចកម្ទីតូចៗនៃផ្កាយនោះ នឹងត្រូវស្រូបចូលបន្តិចម្តងៗទៅក្នុងខ្លួន Black Hole នោះ។ តារាវិទូអាចរកឃើញពន្លឺនៃដំណើរការបែបនេះ ដោយប្រើកែវយឺតអង្កេត កាំរស្មីអ៊ិច និងរលកវិទ្យុ។ ប្រហោងខ្មៅដែលទើបនឹងរកឃើញនេះ គឺកម្រមានណាស់ ព្រោះវាមានទំហំមធ្យម ជាលំដាប់នៃប្រហោងខ្មៅដែលមានម៉ាសចន្លោះពី ១០០ ទៅ ១០,០០០ដង នៃម៉ាសព្រះអាទិត្យរបស់យើង។

ទ្រឹស្ដីមួយពន្យល់ថា ចក្រវាឡដំបូងៗពោរពេញទៅដោយកាឡាក់ស៊ីតូចៗ (Dwarf Galaxies) ដែលបានរីកដុះដាលចេញពីប្រហោងខ្មៅកម្រិតមធ្យមៗ ហើយនៅទីបំផុត Dwarf Galaxies ទាំងនោះបានរួមបញ្ចូលគ្នាក្លាយជាកាឡាក់ស៊ីធំៗ អមដោយវត្តមានប្រហោងខ្មៅ (Black Hole) នៅក្នុងកាឡាក់ស៊ីទាំងនោះ ដូចដែលយើងឃើញសព្វថ្ងៃនេះ៕

ប្រែសម្រួល៖ សេន ចាន់ប៉ូរ៉ុង (Cambo Space)
ប្រភព៖ Live science (ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២)

480×240 Banner