បាតុភូត «សូរ្យគ្រាស» លើប្រទេសកម្ពុជានៅឆ្នាំ២០៧០ និងឆ្នាំ២០៧៤ (មានវីដេអូ)

430

(ភ្នំពេញ)៖ ប្រវត្តិនៃការកើតមានព្រឹត្តិការណ៍ សូរ្យគ្រាសពេញលេញ (Total Solar Eclipse) ដែលប្រជាជនកម្ពុជាភាគច្រើនចងចាំមិនភ្លេចនោះ គឺកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៥ ហើយចាប់តាំងពីពេលនោះ យើងមិនដែលបានជួបប្រទះ ព្រឹត្តិការណ៍បែបនេះទៀតឡើយ ដោយបានត្រឹមភ្លក្សរសជាតិ «សូរ្យគ្រាសមិនពេញលេញ» ឬ «Partial Solar Eclipse» ប៉ុណ្ណោះ។

បាតុភូត «សូរ្យគ្រាស» លើប្រទេសកម្ពុជានៅឆ្នាំ២០៧០ និងឆ្នាំ២០៧៤ (មានវីដេអូ)
(រូបតំណាង)

* សំនួរ៖ តើពេលណាទើបប្រទេសកម្ពុជាអាចមើលឃើញ ព្រឹត្តិការណ៍ «សូរ្យគ្រាសពេញលេញ» នោះម្តងទៀត?

មុខនឹងទទួលបានចម្លើយ យើងទាំងអស់គ្នាគួរធ្វើការស្វែងយល់ឡើងវិញអំពីបាតុភូត «សូរ្យគ្រាស» (Solar Eclipse) ដែលត្រូវបានបែងចែកជាប្រភេទដូចខាងក្រោម៖

១៖ សូរ្យគ្រាសពេញលេញបរិបូរណ៍ (Total Eclipse)៖ កើតឡើងនៅពេលដែលព្រះចន្ទ (Moon) គោចរមកបិទបាំងពន្លឺព្រះអាទិត្យ មិនឲ្យចាំងលើតំបន់ណាមួយនៃភពផែនដី (Earth) ទាំងស្រុងតែម្តង ហើយយើងមិនអាចមើលឃើញវត្តមានព្រះអាទិត្យ លើផ្ទៃមេឃឡើយនៅពេលនោះ។

សូរ្យគ្រាសពេញលេញ (រូបភាពពីបរទេស)

២៖ សូរ្យគ្រាសចិញ្ចៀនភ្លើង (Annular Solar Eclipse ឬ Eclipse Ring of Fire)៖ កើតឡើងនៅពេលដែលព្រះចន្ទ គោចរមកបិទបាំងពន្លឺព្រះអាទិត្យដែរ ប៉ុន្តែមិនពេញលេញទាំងស្រុងឡើយ ដោយមានសេសល់កងនៃពន្លឺ (ពន្លឺពីព្រះអាទិត្យ) នៅជុំវិញថាសមូលខ្មៅមួយ (ព្រះចន្ទ) ជាហេតុនាំឲ្យយើងហៅថា «សូរ្យគ្រាសចិញ្ច្រៀនភ្លើង»

សូរ្យគ្រាសចិញ្ចៀនភ្លើង (រូបភាពពីបរទេស)

៣៖ សូរ្យគ្រាសដោយផ្នែក ឬមិនពេញលេញ (Partial Solar Eclipse)៖ កើតឡើងនៅពេលដែលវត្តមានព្រះចន្ទ គោចរមកដល់ចំណុចដែលអាចបិទបាំង ពន្លឺព្រះអាទិត្យបានខ្លះ (ឧទាហរណ៍បិទបាំងបានត្រឹម ៦០% ទៅ ៨០%) ដែលនាំឲ្យព្រះអាទិត្យថមថយពន្លឺ ទៅតាមកម្រិតនៃការបិទបាំង។

សូរ្យគ្រាសដោយផ្នែក (រូបភាពពីបរទេស)

លក្ខណៈពិសេសនៃ Partial Eclipse គឺតែងតែកើតមានគ្រប់ព្រឹត្តិការណ៍សូរ្យគ្រាស ទាំងអស់ដូចជានៅពេលប្រទេសកម្ពុជា កើតមានសូរ្យគ្រាសពេញលេញ ឬចិញ្ចៀនភ្លើង នោះតំបន់នៅក្បែរប្រទេសកម្ពុជាអាចមើលឃើញ សូរ្យគ្រាសដោយផ្នែកនេះ ទៅតាមគន្លងផ្លូវរបស់សូរ្យគ្រាស។

៤៖ សូរ្យគ្រាសកូនកាត់ (Hybrid Solar Eclipse)៖ ជាបាតុភូតកម្រមួយនៃសូរ្យគ្រាស ដែលអាចកើតមានឡើងច្រើនកន្លែង នាកំលុងពេលតែមួយ។ ដោយសារតែផ្ទៃផែនដីមានរាងកោង ដូច្នេះពេលខ្លះសូរ្យគ្រាសមួយ អាចប្រែកាយពី Annular ទៅជា Total វិញ នៅពេលដែលស្រមោលព្រះចន្ទ ដាលឆ្លងកាត់ភពផែនដី។ ហេតុដូច្នេះទើបគេហៅព្រឹត្តិការណ៍នោះថា Hybrid Solar Eclipse ឬ សូរ្យគ្រាសកូនកាត់។

សូរ្យគ្រាសកូនកាត់ (រូបភាពពី Time and Date)

សម្រាប់ប្រទេសកម្ពុជា នៅអំលុងទសវត្សរ៍ ២០២០ រហូតដល់ ២០៦០ គឺយើងនឹងមិនអាចមានឱកាសឃើញព្រឹត្តិការណ៍សូរ្យគ្រាសពេញលេញ ឬពេញវង់ ឬសូរ្យគ្រាសចិញ្ចៀនភ្លើងអ្វីនោះឡើយ ដោយបានត្រឹមភ្លក្សរសជាតិ Partial Solar Eclipse ប៉ុណ្ណោះ។

* ចម្លើយ៖ ប៉ុន្តែប្រសិនបើខ្ញុំ ឬអ្នកទាំងអស់គ្នា អាចរស់នៅដល់ទសវត្សរ៍ ២០៧០ នោះនឹងអាចមើលឃើញបាតុភូតសូរ្យគ្រាសពេញលេញ (Total Solar Eclipse) នៅថ្ងៃ១១ ខែមេសា ឆ្នាំ ២០៧០ (ម៉ោង ២៖៣៦នាទី ទើបពេញវង់) ដែលបណ្តាខេត្ត និងក្រុងចាប់ពីភាគនិរតី ដល់ភាគឦសានប្រទេសកម្ពុជា យើងអាចមើលឃើញ ១០០% តែម្តង។

ប៉ុន្មានឆ្នាំក្រោយមកទៀតបាតុភូត សូរ្យគ្រាសចិញ្ចៀនភ្លើង (Annular Solar Eclipse) នឹងកើតឡើងនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០៧៤ (ម៉ោង ៣៖១០រសៀល ពេញវង់)។ កាលវិភាគខាងក្រោមកនេះ នឹងឲ្យលោកអ្នកយល់បន្ថែម អំពីពេលវេលានៃការកើតមានសូរ្យគ្រាស នៅប្រទេសកម្ពុជាបាន៕

(រូបភាពពី Solar Eclipse info.)

រៀបរៀង និងប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ NASA / Solar Eclipse Info.

480×240 Banner