យាន NASA ប្រទះឃើញផ្ទាំងថ្មពិសេសលើភពអង្គារ និងសង្ស័យមានលាក់តំរុយសំខាន់ (មានវីដេអូ)

1,567

(បរទេស)៖ យាន ភើសេវើរែនស៍ (Perseverance) របស់អង្គការ NASA ទើបតែបានបញ្ជូនរូបភាពថ្មីក្តៅៗពីរណ្តៅ ចេហ្សេរ៉ូ (Jezero Crater) នៃភពព្រះអង្គារ (Mars) ដែលយានកង់ មួយគ្រឿងនេះបានចុះទៅដល់តាំងតែពីខែកុម្ភៈ ឆ្នាំ២០២១។ វាគឺជារូបភាពបង្ហាញអំពីផ្ទាំងថ្មពិសេស ដែលត្រូវបានក្រុមជំនាញសង្ស័យថា អាចមានលាក់តំរុយដ៏សំខាន់

ទីតាំងនៃរណ្តៅ Jezero (រូបភាពពី NASA)

ជាការពិតណាស់ យាន Perseverance បាននាំឲ្យអង្គការ NASA សន្មត់ថា រណ្តៅ Jezero គឺជាអតីតបឹងស្តុកទឹកមួយនៃភពអង្គារ ហើយទីកន្លែងដែលវាបានចល័ត និងខួងយកគំរូតាងជាងមួយឆ្នាំមកនេះ ក៏ជាអតីតបាតបឹងផងដែរ។ ដូច្នេះវាមិនជារឿងចម្លែកនោះឡើយដែលដុំថ្ម និងផ្ទាំងថ្មនានានៅទីនោះ មានសណ្ឋានប្លែកៗ ព្រោះវាជាតំបន់ដែលធ្លាប់មានវត្តមានទឹក និងសកម្មភាពហូរច្រោះនៃទឹក។

យាន NASA ប្រទះឃើញផ្ទាំងថ្មពិសេសលើភពអង្គារ និងសង្ស័យមានលាក់តំរុយសំខាន់…
ផ្ទាំងថ្ម Yori Pass ថតដោយ Perseverance (រូបភាពពី NASA/Caltech)

សម្រាប់នៅលើភពផែនដី ពាក្យស្លោកមួយឃ្លាតែងពោលថា «ទីណាមានទឹក ទីនោះមានជីវិត»។ ហេតុដូច្នេះទើបបេសកកម្មរបស់អង្គការ NASA បានផ្តោតសំខាន់ជាចម្បង ទៅលើតំបន់នានាដែលជាអតីតបឹង ដូចជាបេសកកម្ម ឃារីអូស៊ីតធី (Curiosity) ស្ថិតនៅក្នុងរណ្តៅ ហ្គេល (Gale Crater) និង Perseverance ស្ថិតនៅក្នុងរណ្តៅ Jezero នៃភពអង្គារនោះឯង។

នៅក្នុងរយៈពេលរាប់ខែមកនេះ ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA បានស្រាវជ្រាវទីតាំងមួយក្នុងរណ្តៅ Jezero ដែលត្រូវបានដាក់ឈ្មោះថា យ៉ូរី ផាស (Yori Pass)។ វាគឺជាតំបន់ដីសណ្តទន្លេមានរាងដូចផ្លិត ដែលបានកកើតឡើងកាលពី ៣.៥ពាន់លានឆ្នាំមុន អំលុងពេលដែលភពអង្គារមានពាសពេញដោយសមុទ្រ ទន្លេ និងបឹងស្តុកទឹក។

អតីតតំបន់ដីសណ្តទន្លេចាក់ចូលបឹង Jezero (រូបភាពពី NASA)

នៅទីនោះហើយដែល Perseverance ផ្តិតបានទិដ្ឋភាពផ្ទាំងថ្មចម្លែកថ្មីនេះ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយក្រុមអ្នកវិទ្យាសាស្ត្រកំពុងសង្ស័យថា វាអាចលាក់ «តំរុយនៃជីវិត» ដែលធ្លាប់មានវត្តមានកាលពីអតីតកាលនៅទីនោះ។ រូបភាពថ្មីនេះត្រូវបានថតដោយកាមេរ៉ា Hazcam នៅជាប់ខ្លួនយាន Perseverance

Sample ដែលត្រូវបានច្រកទុកទាំង ១៤បំពង់ (រូបភាពពី NASA)

គួរបញ្ជាក់ថា គិតចាប់តាំងពីការចាប់ផ្តើមបេសកកម្មខួងយក sample កាលពីថ្ងៃខែកញ្ញា ឆ្នាំ២០២១, មកទល់ពេលនេះ sample ចំនួន ១៤ បំពង់ ហើយត្រូវបានច្រកទុក។ មូលហេតុដែលដុំថ្មនៅចំណុច Yori Pass នោះគួរឲ្យចាប់អារម្មណ៍ ព្រោះតែវាជាប្រភេទថ្មភក់ ដែលត្រូវបានចាត់ទុកជាប្រភេទថ្មល្អជាងគេបំផុត ដែលអាចរក្សាការពារដាននៃជីវិត (ក្នុងករណីដែលវាមាននៅក្នុងថ្មនោះ) ពីរលកវិទ្យុសកម្មដ៏កំណាចរបស់ព្រះអាទិត្យបាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/SPACE (ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២)

480×240 Banner