NASA ទើបរកឃើញភពដ៏ក្តៅគគុក, ១ឆ្នាំស្មើតែជាងកន្លះថ្ងៃនៃផែនដី
(បរទេស)៖ ក្រុមតារាវិទូអន្តរជាតិនៅតែកំពុងបន្ត ការសិក្សាអំពីផ្កាយ និងភពនានានៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ យ៉ាងសស្រាក់សស្រាំដដែល ដើម្បីបង្កើនការយល់ដឹងអំពីដំណើរវិវឌ្ឍន៍ជារួម។ សម្រាប់ភពថ្មី ដែលទើបត្រូវបានអង្កេតរកឃើញនេះ គឺជាពិភពលោកនៃធាតុម៉ាក់ម៉ា (magma) ដែលមួយឆ្នាំរបស់វាស្មើតែជាងកន្លះថ្ងៃប៉ុណ្ណោះ នៃពេលវេលាលើភពផែនដី។

ភពដ៏ក្តៅគគុកខាងលើនេះ ត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា TOI-1075 b ដោយវាត្រូវបានរកឃើញ និងអង្កេតលម្អិតដោយតេឡេស្កូបអវកាស TESS របស់អង្គការ NASA។ ភព TOI-1075 b ជាភពស្ថិតក្នុងជំពូក Super-Earth (ផែនដីយក្ស) និងគោចរជុំវិញផ្កាយ TOI-1075 (ជាផ្កាយតូចពណ៌ទឹកក្រូចក្រមៅ) យ៉ាងកៀក ទើបបានជានៅលើផ្ទៃរបស់ភពនេះ មានកម្តៅរហូតដល់ទៅ ១,០៥០អង្សាសេ។

មិនត្រឹមតែជាភព Super-Earth «មានម៉ាសធំបំផុតមិនធ្លាប់មាន» ប៉ុណ្ណោះទេ តែ TOI-1075 b ក៏ត្រូវបានចាត់ទុកជាភពលំដាប់ធំមួយ នៅក្នុងចង្កោមភព exoplanet ផងដែរ។ សេចក្តីប្រកាសអំពីការរកឃើញ TOI-1075 b ត្រូវបានធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នេះ។ សម្រាប់ប្រភេទភពឧស្ម័នយក្ស ដែលគោចរកៀកនឹងផ្កាយមេរបស់វា ដូចជា TOI-1075 b នេះ តែងតែត្រូវបានក្រុមតារាវិទូដាក់រហស្សនាមឲ្យថា «Hot Saturn» ឬ «Hot Jupiter» ទៅតាមទំហំជាក់ស្តែងរបស់វា។

ភព TOI-1075 b មានម៉ាសធំជាងផែនដីយើង ១០ដង និងស្ថិតនៅចម្ងាយ ២០០ឆ្នាំពន្លឺពីយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយបើគិតក្នុងន័យតារាសាស្ត្រ ចម្ងាយកម្រិតនេះគឺអាចចាត់ទុកបានថា កៀកនឹងប្រព័ន្ធព្រះអាទិត្យយើងហើយ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ភព exoplanet ចំនួន ៥,២៦៤ភពហើយ ត្រូវបានរកឃើញនៅជុំវិញប្រព័ន្ធផ្កាយចំនួន ៣,៨៧៥ប្រព័ន្ធ ដោយក្នុងនោះ ផ្កាយ ៨៤២ ប្រព័ន្ធមានភពគោចរជុំវិញលើសពីមួយ។

គួរបញ្ជាក់ថា វិធីសាស្ត្រតាមដានរកភពរបស់ TESS គឺមិនសូវខុសពីតេឡេស្កូបនានាឡើយ ដោយតេឡេស្កូបអវកាសមួយនេះ ត្រូវសម្ងំអង្កេតទៅលើផ្កាយមួយ ដើម្បីរង់ចាំមើលក្រែងលោមាន ការថយចុះពន្លឺយ៉ាងទៀតទាត់ណាមួយ។ នៅក្នុងដំណើរការអង្កេតរកភពគោចរឆ្លងកាត់ផ្កាយ ឬ Transit Method នេះហើយ បាននាំឲ្យក្រុមតារាវិទូ រកឃើញភពរហូតដល់ ៥,២៦៤ភពដូចខាងលើ ខណៈបេក្ខភាព exoplanet រាប់ពាន់ភពទៀត កំពុងស្ថិតក្នុងការអង្កេតបន្ត ដើម្បីបញ្ជាក់វត្តមានជាផ្លូវការ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២)