HOT NEWS: ទីបំផុត James Webb ឆ្លុះមើលបរិយាកាសព្រះចន្ទ Titan នៃភពសៅរ៍ (មានវីដេអូ)
(បរទេស)៖ អ្វីដែលអ្នកស្នេហាវិស័យអវកាសមួយចំនួន បានប្រាថ្នាចង់ដឹងជាយូរមកហើយនោះ ពេលនេះបានមកដល់ហើយ ដោយតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA កាលពីថ្ងៃទី០៤ ខែវិច្ឆិកា បានធ្វើការឆ្លុះមើលទៅក្នុង បរិយាកាសព្រះចន្ទ ទីតាន (Titan) នៃភពសៅរ៍ (Saturn) និងប្រមូលយកបានព័ត៌មានសំខាន់ៗមួយចំនួន។

ព័ត៌មានដែលទើបត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២ នេះ បានបង្ហាញអំពីទិដ្ឋភាពនៃបរិយាកាស Titan ថតដោយកាមេរ៉ាផ្តិតយកពន្លឺក្រហមអាំងហ្វ្រាជិត (NIRCam) របស់ James Webb ដោយផ្នែកខាងឆ្វេងនៃរូបភាពដែលយើងឃើញរូបរាង Titan មានពណ៌ក្រហមនោះ គឺបង្ហាញអំពីស្រទាប់បរិយាកាសផ្នែកខាងក្រោម (lower atmosphere)។

សម្រាប់រូបក្នុងទម្រង់ពន្លឺក្រហមអាំងហ្វ្រា (ពណ៌ក្រហម) នោះដែរ យើងអាចឃើញតំបន់ភ្លឺខ្លាំងនៅផ្នែកខាងក្រោម ដែលទាំងនោះគឺជាអ័ព្ទ (haze) និងខាងលើរាងធ្លាក់ទៅស្តាំបន្តិច គឺជាពពក (Cloud) នៅក្នុងបរិយាកាស Titan នោះឯង។ ដោយឡែកសម្រាប់រូប Titan មួយទៀតនៅខាងស្តាំ គឺជាការផ្សំចេញជាពណ៌របស់ព្រះចន្ទនេះ ដែលអាចឲ្យយើងមើលឃើញផ្ទៃរបស់ Titan មានដូចជា សមុទ្រ និងតំបន់ដូចវាលខ្សាច់រាងក្រមៅជាដើម ព្រមទាំងបរិយាកាសស្រោបជុំវិញព្រះចន្ទនេះផងដែរ។

ខាងលើនេះត្រឹមជាទិន្នន័យត្រួសៗសិនប៉ុណ្ណោះ ដោយក្រុមការងារគ្រប់គ្រង James Webb បានសន្យាថា ទិន្នន័យសំខាន់ៗបន្ថែមទៀតបានមកពីឧបករណ៍ NIRCam និង NIRSpec របស់តេឡេស្កូបអវកាសនេះ នឹងត្រូវបញ្ចេញនៅអំលុងខែឧសភា ឬក៏យូរបំផុតនៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ ក្រុមការងារគ្រប់គ្រង James Webb ត្រូវការពេលបន្ថែមយូរបែបនេះ ព្រោះតែពួកគេបាននិងកំពុងផ្គូរផ្គងទិន្នន័យបានមកពី James Webb នេះ ជាមួយនឹងទិន្នន័យបានមកពីបេសកកម្មយាន Cassini ព្រមទាំងមន្ទីរអង្កេតលើភពផែនដីដូចជា Keck Observatory ជាដើម។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូង និងជាការទន្ទឹងរង់ចាំអស់ច្រើនឆ្នាំមកហើយ ដោយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ក្នុងការប្រើប្រាស់ឧបករណ៍វិទ្យាសាស្ត្រ ដែលអាចផ្តិតយកពន្លឺក្រហមអាំងហ្វ្រា នៅក្នុងបរិយាកាសរបស់ Titan បែបនេះ។ Titan ជាព្រះចន្ទតែមួយគត់នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ដែលមានបរិយាកាសក្រាស់ឃ្មឹក ហើយវាក៏ជាទីឋានតែមួយប៉ុណ្ណោះក្រៅពីផែនដី ដែលមានទន្លេ បឹង និងសមុទ្រ ផ្ទុកសារធាតុរាវ គ្រាន់តែសារធាតុរាវទាំងនោះ គឺជាពពួកអ៊ីដ្រូកាបូន (hydrocarbons) រួមមានមេតាន (methane) និងអេតាន (ethane) មិនមែនទឹកដូចនៅលើផែនដីឡើយ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA