កំពូលទូរស័ព្ទ Mate 10 របស់ Huawei ជិតបង្ហាញខ្លួនហើយ តែមិនមែនជាស្មាតហ្វូនទៀតទេ ដោយវានឹងប្រែមុខមាត់ជា…
(បរទេស)៖ ក្រុមហ៊ុនទូរស័ព្ទដៃ Huawei របស់ប្រទេសចិននាពេលថ្មីៗនេះ បានបញ្ចេញឃ្លីបវីដេអូ Teaser ដ៏ថ្មីសន្លាងមួយ ក្នុងគោលបំណងញ៉ាំងអារម្មណ៍អ្នកគាំទ្រ ឲ្យរំភើបញាប់ញ័រ ជាមួយនិងត្រកូលស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួន នោះគឺ «Mate 10» ដែលនឹងត្រូវបង្ហាញរូបរាងជាផ្លូវការនៅក្នុងរយៈពេលពីរសប្តាហ៍ទៀត ពោលគឺនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។
នៅក្នុងវីដេអូបង្ហោះដោយ Huawei នៅលើប្រព័ន្ធបណ្តាញសង្គម ក្រុមហ៊ុនស្មាតហ្វូនដ៏ល្បីមិនចាញ់ Apple និង Samsung នេះបានលើកឡើងថា Mate 10 «មិនមែនជាស្មាតហ្វូនឡើយ» តែជា «ឧបករណ៍មួយប្រកបដោយបញ្ញាឆ្លាតវ័យ» ដោយសារតែវា អាចមើលឃើញ, គិត, និងរៀនសូត្រ ដូចយើងអ៊ីចឹង។ វីដេអូដដែលនេះ ក៏បានបង្ហាញពីប្រព័ន្ធកាមេរ៉ាភ្លោះ (Dual Rear Camera) ដែលមានបំពាក់នៅលើត្រកូល Mate ជំនាន់មុន រួមទាំងស៊ុមលោហធាតុព័ទ្ធជុំវិញផងដែរ។
បើតាមសេចក្តីរាយការណ៍មិនផ្លូវការជាច្រើន ស្មាតហ្វូនត្រកូល Mate 10 របស់ Huawei នឹងមានប្រព័ន្ធ AI (បញ្ញាសិប្បនិម្មិត្ត) នៅក្នុងទូស័ព្ទដៃនេះផ្ទាល់ ដោយសារតែសមត្ថភាពដ៏អស្ចារ្យ នៃបន្ទះឈីបម៉ូដែលថ្មី Kinrin 970 ផ្សំឡើងពី Processor ដល់ទៅ ០៨គ្រាប់។ មួយវិញទៀតយោងតាមការអះអាងតៗគ្នា Mate 10 នឹងមានស្មាតហ្វូន ០៣ប្រភេទ ឲ្យជ្រើសរើសរួមមាន Mate 10 ធម្មតា, Mate 10 Lite, និង Mate 10 Pro។
ដូច្នេះសូមរង់ចាំតាមដានទាំងអស់គ្នាថា តើ Huawei Mate 10 នេះ នឹងផ្តល់អត្ថប្រយោជន៍អ្វីខ្លះ បើនិយាយពី AI នោះ រួមទាំងសមត្ថភាពទាំងមូលរបស់វា។ បើតាមសេចក្តីប្រកាស ក្រុមហ៊ុន Huawei នឹងបង្ហាញរាងត្រកូល Mate 10 ទាំងនេះនៅថ្ងៃទី១៦ ខែតុលានេះ ក្នុងទីក្រុងមូនិច (Munich) នៃប្រទេសអាល្លឺម៉ង់ ដែលជាស្រុកកំណើតរបស់ Leica ជាដៃគូសហការដ៏ជិតស្និទ្ធក្នុងការបង្កើតកាមេរ៉ាស្មាតហ្វូនកំពូលៗរបស់ Huawei៕