តេឡេស្កូប Hubble ចាប់បាន Black Hole ហែកផ្កាយ១ ខ្ទេចខ្ទីរហូតចេញរាងដូច «នំដូណាត់» (មានវីដេអូ)

2,077

(បរទេស)៖ វាពិតជាឧទាហរណ៍ដ៏ជាក់ស្តែងមួយ ដែលជួយគាំទ្រដល់ការសិក្សាអំពីវត្តមាន និងឥទ្ធិពលរបស់ប្រហោងខ្មៅ (Black Hole) នៅក្នុងចក្រវាលនេះ ហើយតេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA ក៏ទើបតែបានផ្តិតយកទិដ្ឋភាពដ៏គួរឲ្យព្រឺព្រួចមួយទៀតផងដែរ នោះគឺជាពាក្យលាចុងក្រោយរបស់ផ្កាយមួយដួង មុននឹងវាត្រូវ Black Hole ស្រូបកម្ទេចឲ្យបាត់រូបរាងអស់រលីង និងបន្ទាប់មកក៏លេបកម្ទេចកម្ទីផ្កាយនោះ ចូលក្នុងពោះវាតែម្តង។

ក្រុមតារាវិទូបានប្រើប្រាស់ Hubble ដើម្បីចាប់សញ្ញាអំពីសកម្មភាព Black Hole អូសទាញតារាមួយដួងឲ្យមកក្បែរខ្លួនវា តាមរយៈកម្លាំងស្រូបទាញដ៏មហាសាល ហើយបន្ទាប់មកឧស្ម័នដ៏ក្តៅគគុកនៅជុំវិញតារានោះ ក៏ត្រូវបាន Black Hole ស្រូបយកជាបណ្តើរៗ។ នៅពេលស្ថានការណ៍កាន់តែតានតឹងខ្លាំង រហូតឈានដល់ដំណាក់កាលមួយ ដែលកម្លាំងជំនោរ (Tidal Force) របស់ Black Hole មានឥទ្ធិពលកាន់តែខ្លាំងនោះ ផ្កាយមួយដួងនោះក៏ត្រូវបានពុះបំបែកជាបំណែកៗតែម្តង ហើយកម្ទេចកម្ទីរបស់វាក៏ត្រូវបានស្រូបចូលទៅក្នុងខ្លួន Black Hole ក្នុងទម្រង់បន្ទះរង្វង់មូលដូចនំដូណាត់។ ព្រឹត្តិការណ៍បែបនេះ ក៏បានជះចេញនូវពន្លឺយ៉ាងចិញ្ច្រាចចិញ្ចែង និងវិទ្យុសកម្មថាមពល នៅក្នុងកម្រិតខ្ពស់បំផុតផងដែរ។ (អាចស្វែងយល់បន្ថែមតាមរយៈរូបភាព ៤ដំណាក់កាលខាងក្រោម)

៤ដំណាក់កាលដែលផ្កាយមួយត្រូវបាន Black Hole ស្រូបកម្ទេច និងលេបយក (រូបភាពពី NASA/ESA)

អ្វីៗដូចដែលបានរៀបរាប់ខាងលើនេះ គឺត្រូវបានចាត់បញ្ចូលទៅក្នុងព្រឹត្តិការណ៍ Tidal Disruption Events (TDE) ដូចដែលលោកអ្នកបានយល់ពីមុនរួចទៅហើយ។ វាជាសកម្មភាពដែល Black Hole មួយ ជះឥទ្ធិពលទៅលើវត្ថុអវកាសនៅជុំវិញខ្លួន ហើយក៏បង្កើតចេញជាបន្ទុះនានាឡើង ដែលនាំឲ្យមានពន្លឺ និងភាគល្អិតនៃធាតុវិទ្យុសកម្មប្រកបដោយថាមពល ជះចេញទៅកាន់ទីអវកាសនៅជុំវិញខ្លួនវា រហូតសូម្បីតែកាឡាក់ស៊ីនៅជុំវិញ ក៏អាចមើលឃើញពន្លឺទាំងនោះដែរ (ក្នុងករណីកាឡាក់ស៊ីនោះមានផ្ទុកភពមានជីវិត ដូចនៅលើផែនដី)។

តេឡេស្កូប Hubble ចាប់បាន Black Hole ហែកផ្កាយ១ ខ្ទេចខ្ទីរហូតចេញរាងដូច «នំដូណាត់»
ដំណាក់កាលចុងក្រោយដែលផ្កាយមួយត្រូវ Black Hole ស្រូបកម្ទេចបាត់រូបរាង នៅសល់តែកម្ទេចកម្ទី (រូបភាពពី NASA/ESA)

ទោះជាយ៉ាងណា តេឡេស្កូបអវកាស Hubble មិនអាចថតបានស្តែងៗនូវរូបភាព Black Hole ខាងលើនេះលេបផ្កាយនោះឡើយ ខណៈព្រឹត្តិការណ៍ TDE ដែលត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា AT2022dsb នោះស្ថិតនៅក្នុងកាឡាក់ស៊ី ESO 583-G004 ដែលមានចម្ងាយ ៣០០លានឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ ប៉ុន្តែក្រុមតារាវិទូអាចប្រើប្រាស់ ឧបករណ៍តាមដានពន្លឺស្វាយអ៊ុយត្រា (ultraviolet sensitivity) ដ៏មានឥទ្ធិពលរបស់ Hubble ដើម្បីសិក្សាលើពន្លឺជះចេញពីព្រឹត្តិការណ៍ខាងលើនេះ ដែលរួមមានការជះចេញនូវ អ៊ីដ្រូសែន, កាបូន និងរូបធាតុជាច្រើនទៀត។

តេឡេស្កូបអវកាស Hubble (រូបភាពពី NASA/ESA/Mashable India)

សម្រាប់ប្រហោងខ្មៅដែលបង្កើតព្រឹត្តិការណ៍ TDE ឈ្មោះ AT2022dsb នោះ មានទីតាំងស្ថិតនៅចំកណ្តាលកាឡាក់ស៊ី ESO 583-G004 និងត្រូវបានចាប់សញ្ញាដំបូងកាលពីខែមីនា ឆ្នាំ២០២២។ ហើយសកម្មភាពលេបត្របាក់ផ្កាយបែបនេះ ត្រូវបានក្រុមតារាវិទូគណនាថា អាចកើតមាន ២ ទៅ ៣ដងប៉ុណ្ណោះក្នុងរយៈពេល ១០០,០០០ឆ្នាំ។ ហេតុដូច្នេះវាក៏ត្រូវបានចាត់់ទុកថាជាព្រឹត្តិការណ៍កម្របំផុតផងដែរ ដែលមនុស្សលោកលើផែនដីអាចរកឃើញ និងយល់ដឹង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA (ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣)

480×240 Banner