Breaking៖ ក្រុមការងារ James Webb ភ្ញាក់ផ្អើលចំពោះ «ភាពសម្បូរបែប» នៃកាឡាក់ស៊ីដំបូងៗក្នុងចក្រវាល!

1,283

(បរទេស)៖ តេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ពិតជាកំពុងបំពេញភារកិច្ចដ៏ធំធេងមួយ នោះគឺការធ្វើឲ្យមនុស្សម្នាលើភពផែនដី យល់ដឹងកាន់តែជាក់ច្បាស់អំពីចក្រវាលមួយនេះ មិនត្រឹមតែនៅក្នុងផ្ទះដែលពួកគេកំពុងជ្រកកោណនោះឡើយ។

នៅក្នុងរយៈពេលកន្លះឆ្នាំ នៃការចាប់ផ្តើមសិក្សាអំពីចក្រវាល (universe) នេះ ក្រុមការងារគ្រប់គ្រង James Webb មានការភ្ញាក់ផ្អើលជាខ្លាំង ដោយពួកគេបានអះអាងថា «កាឡាក់ស៊ីដែលបានកកើតដំបូងៗក្នុងចក្រវាល មានភាពសម្បូរបែប, ប្លែកៗ និងចាស់ទុំជាងការរំពឹងទុកទៅទៀត»

កាឡាក់ស៊ីដំបូងៗថតដោយ James Webb (រូបភាពពី NASA/ESA/CSA)

ការអះអាងជាលើកដំបូងខាងលើនេះ ត្រូវបានធ្វើឡើងក្រោយពីក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការសិក្សាថ្មីមួយទៅលើរូបភាពកាឡាក់ស៊ីរាប់រយ ផ្តិតដោយតេឡេស្កូបអវកាស James Webb។ ក្រុមការងារសិក្សាអំពីដំណើរវិវត្តន៍ចក្រវាល CEERS បានប្រើប្រាស់តេឡេស្កូបអវកាស James Webb ដើម្បីសម្លឹងមើលអតីតកាល នោះគឺក្រុមកាឡាក់ស៊ីដែលបានចាប់កំណើតឡើងដំបូងៗពី ១១ – ១៣ ពាន់លានឆ្នាំមុន។

យើងអាចមើលឃើញនឹងភ្នែកថា រូបភាពកាឡាក់ស៊ីដំបូងៗ ឬជាកាឡាក់ស៊ីវ័យចំណាស់ៗបំផុតក្នុងចក្រវាល ថតដោយ James Webb នោះ មានភាពច្បាស់ និងលម្អិតជាងរូបភាពថតដោយតេឡេស្កូបអវកាស Hubble។ ក្រុមអ្នកសិក្សាលើរូបភាពថ្មីៗនេះបានអះអាងថា ភាពច្បាស់ និងលម្អិតនោះ គឺសំដៅទៅលើការមើលឃើញវត្តមានរង្វង់ឌីស (disk) ស្រាលៗ និងចំណុចកណ្តាលដ៏ភ្លឺចែងចាំង របស់កាឡាក់ស៊ីដំបូងៗទាំងនោះ។

Breaking៖ ក្រុមការងារ James Webb ភ្ញាក់ផ្អើលចំពោះ «ភាពសម្បូរបែប» នៃកាឡាក់ស៊ីដំបូងក្នុងចក្រវាល!
តេឡេស្កូបអវកាស James Webb (រូបភាពពី NASA/ESA/CSA)

បើតាមសាស្ត្រាចារ្យ Jeyhan Kartaltepe មកពីវិទ្យាស្ថានសិក្សាផ្នែកបច្ចេកវិទ្យា រូបវិទ្យា និងតារាសាស្ត្រនៃទីក្រុង Rochester បានលើកឡើងថា «បើទោះបីជាកាឡាក់ស៊ីដំបូងៗទាំងនោះ មើលទៅស្ថិតក្នុងទម្រង់ក្រហមៗ ប៉ុន្តែពួកវាបានកកើតឡើងដោយត្រឹមត្រូវតាមក្បួនខ្នាត និងមានរចនាសម្ព័ន្ធទូលំទូលាយ»។ យោងតាមន័យនេះ ក្រុមកាឡាក់ស៊ីដំបូងៗទាំងនោះ បានវិវឌ្ឍក្លាយជាកាឡាក់ស៊ីពេញរូបរាង ស្រដៀងនឹងកាឡាក់ស៊ីនានាបច្ចុប្បន្ន លឿនជាងការស្មានពីមុនទៅទៀត។

កាឡាក់ស៊ីដំបូងៗថតដោយ James Webb (រូបភាពពី NASA/ESA/CSA)

គួរបញ្ជាក់តាមក្រុមអ្នកវិទ្យាសាស្ត្រថា ពួកគេមិនទាន់បានដឹងថា តើរចនាសម្ព័ន្ធកាឡាក់ស៊ីដំបូងបំផុត កកើតឡើងនៅពេលណានោះឡើយ ហើយក៏មិនទាន់បានឃើញ កាឡាក់ស៊ីដំបូងបំផុតដែលមានរង្វង់ឌីសនោះដែរ។ ពួកគេនឹងព្យាយាមសិក្សាបន្តទៀត ដើម្បីឈានទៅរកការគណនាថា តើចំណុចចាប់ផ្តើមណាមួយដែលរចនាសម្ព័ន្ធនៃកាឡាក់ស៊ីដូចជា disks បានកកើតឡើង។ CEERS គ្រោងនឹងប្រើប្រាស់ James Webb ចំនួន ៦០ម៉ោងទៀត ដើម្បីអង្កេតរកវត្តមានកាឡាក់ស៊ីដំបូងៗដែលមានពណ៌ក្រហមៗ ហើយថេរវេលានោះអាចនឹងឲ្យគេចាប់រូបភាពកាឡាក់ស៊ីទាំងនោះ បានចំនួនរាប់ពាន់ទៀត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/ NASA, ESA, CSA (ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣)

480×240 Banner