Breaking៖ ២១ មករា ២០២៣ «ព្រះចន្ទគោចរមកកៀកផែនដីបំផុត» មិនធ្លាប់មានជិត ១,០០០ឆ្នាំ (មានវីដេអូ)

690

(ភ្នំពេញ)៖ នៅវេលាយប់ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣ (យប់ ១៥ រោច) គឺជាយប់ដ៏ពិសេសជាទីបំផុត ឬយើងហៅថាព្រឹត្តិការណ៍ ព្រះចន្ទថ្មី (New Moon) ដែលមិនធ្លាប់មាននៅក្នុងរយៈពេល ៩៩២ ឆ្នាំមកនេះ ហើយព្រឹត្តិការណ៍ដ៏មហាកម្រនេះ នឹងកើតឡើងជាថ្មីរហូតដល់ ៣៤៥ឆ្នាំទៀតឯណោះ។ នៅក្នុងព្រឹត្តិការណ៍ New Moon នោះ ព្រះចន្ទនឹងគោចរមកដល់ចំណុច «កៀកផែនដីបំផុត» តែយើងនឹងមើលមិនឃើញវត្តមានព្រះចន្ទឡើយ ព្រោះវាជាយប់ ១៥រោច

ការគោចរនៃព្រះចន្ទទៅឆ្ងាយបំផុត និងមកជិតបំផុតរវាងភពផែនដីនោះ តែងតែកើតឡើង ព្រោះតែដំណើរគោចររបស់ព្រះចន្ទ ជុំវិញភពផែនដី មិនស្ថិតក្នុងរង្វង់មូលដ៏ល្អឥតខ្ចោះនោះឡើយ (អាចថាចេញជារាងពងក្រពើបន្តិច)។ ហេតុដូច្នេះទើបគម្លាតរវាងភពផែនដី និងព្រះចន្ទ តែងតែផ្លាស់់ប្តូរមកជិតបំផុត និងទៅឆ្ងាយបំផុតនៅក្នុងកំលុងពេល ១ខែ។ បើតាមឯកសារបរទេសពន្យល់ថា ពេលព្រះចន្ទគោចរមកកៀកផែនដីបំផុតយើងហៅថា Perigee និងពេលទៅឆ្ងាយបំផុតហៅថា Apogee

(រូបភាពពី NASA)

យ៉ាងណាក៏ដោយ បើទោះបីជាដំណើរ Perigee និង Apogee ដែលបង្កើតឲ្យមានព្រឹត្តិការណ៍ Supermoon (ព្រះចន្ទធំបំផុត) និង Micromoon (ព្រះចន្ទតូចបំផុត) តែងតែកើតមានឡើងជាទៀងទាត់មែន តែគម្លាតជាក់ស្តែងរវាងផែនដី និងព្រះចន្ទនៅក្នុងព្រឹត្តិការណ៍ខាងលើនេះ តែងមានភាពលម្អៀង ប្រសិនបើយើងធ្វើការវាស់ស្ទង់ប្រវែងពិតប្រាកដឲ្យចេញជាតួលេខនោះ។

យោងតាមវែបសាយ Time and Date ក្រុមអ្នកជំនាញបានធ្វើការគណនារក ព្រឹត្តិការណ៍ New Moon នៅក្នុងរយៈពេល ២,០០០ឆ្នាំចុងក្រោយនេះ ហើយក៏បានរកឃើញ ព្រឹត្តិការណ៍បែបនេះចំនួន ៣ លើក ដែលសុទ្ធសឹងជាឱកាសដែលព្រះចន្ទគោចរមកកៀកភពផែនដី ក្នុងគម្លាតក្រោម ៣៥៦,៥៧០ គីឡូម៉ែត្រ (ជាគម្លាតកៀកបំផុតទូទៅ)។ ក្រុមជំនាញបានធ្វើការគណនា ដោយយោងទៅលើរូបមន្តដ៏ស្មុគស្មាញ និងតាមរយៈបណ្តុំទិន្នន័យឈ្មោះ DE431 ផលិតឡើងដោយមន្ទីរពិសោធន៍ JPL របស់អង្គការ NASA

(រូបភាពពី Times and Date)

សម្រាប់ពេលវេលាទាំងខាងលើនេះគឺ ទី១៖ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ១០៣០ ដែលចន្ទនឹងមកកៀកភពផែនដី ក្នុងទំហំបំផុតនៅពេលវត្ថុអវកាសទាំង ២ មានគម្លាតពីគ្នាតែ ៣៥៦,៥៦២ គីឡូម៉ែត្រ, ទី២៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ ព្រះចន្ទ និងផែនដីនឹងមានគម្លាតពីគ្នាតែ ៣៥៦,៥៦៨គីឡូម៉ែត្រ និងទី៣៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២៣៦៨ ព្រះចន្ទ និងផែនដីនឹងមានគម្លាតពីគ្នាតែ ៣៥៦,៥៥០គីឡូម៉ែត្រ។

Breaking៖ ២១ មករា ២០២៣ ជាថ្ងៃ «ព្រះចន្ទគោចរមកកៀកផែនដីបំផុត» មិនធ្លាប់មានជិត ១,០០០ឆ្នាំ
(រូបភាពពី Astro Seek)

តើយើងនឹងរំពឹងអ្វីខ្លះពីព្រឹត្តិការណ៍ New Moon ខាងលើនេះ? ជាការពិតណាស់ ការលើសខ្វះគ្នាតែប៉ុន្មានគីឡូម៉ែត្រ គឺអាចថាគ្មានន័យអ្វីនោះឡើយ ជាពិសេសគឺវានឹងចំថ្ងៃខែរនោចទៀត ដែលផ្ទៃមេឃនឹងគ្មានវត្តមានព្រះចន្ទនោះឡើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Times and Date (ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣)

480×240 Banner