ចិនបញ្ចេញរូបភាពថ្មីៗពីផ្នែក Far Side របស់ព្រះចន្ទ ដែលមិនបែរមកផែនដី (មានរូបភាព)

2,622

(បរទេស)៖ រដ្ឋបាលអវកាសចិន CNSA នៅចុងសប្តាហ៍នេះ បានបង្ហាញរូបភាពថ្មីៗដែលរ៉ូបូត Yutu-2 នៃបេសកកម្ម ឆាងអឺទី ៤ (Chang’e-4) ផ្តិតបានពីផ្នែក Far Side (មួយចំហៀងទៀតនៃព្រះចន្ទ ដែលមិនបែររកផែនដី) ខណៈដែលពន្លឺព្រះអាទិត្យ កំពុងជះលើតំបន់នោះយ៉ាងគ្រប់គ្រាន់។

ចិនបញ្ចេញរូបភាពថ្មីៗពីផ្នែក Far Side របស់ព្រះចន្ទ ដែលមិនបែរមកផែនដី (មានរូបភាព)
បេសកកម្ម Chang’e 4 របស់ចិនពេលទើបចុះដល់ផ្នែកព្រះចន្ទ far side ថ្មីៗ (រូបភាពពី CNSA)

រូបភាពថ្មីៗខាងលើនេះ ត្រូវបានថតនៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៣ ដែលត្រូវនឹងថ្ងៃទី ៥១ ដែលបេសកកម្ម Chang’e-4 បំពេញភារកិច្ចលើផ្ទៃព្រះចន្ទនោះ។ យោងតាមមន្ត្រីជំនាញរបស់ CNSA រយៈពេលមួយយប់មួយថ្ងៃរបស់ព្រះចន្ទ គឺស្មើនឹងរយៈពេល ២៨ថ្ងៃលើផែនដី។ ដូច្នេះមានន័យថា តាំងពីទៅដល់លើផ្ទៃព្រះចន្ទ រ៉ូបូត Yutu-2 បានចំណាយពេល ២ ភាគ ៣ ទៅហើយ សម្រាប់ការនៅស្ងៀមមិនអាចធ្វើអីបាន។

រូបភាពថ្មីពីផ្ទៃ far side ព្រះចន្ទ (រូបភាពពី CNSA)

សម្រាប់រយៈពេល ៥០ថ្ងៃ នៃការបំពេញបេសកកម្មលើផ្ទៃព្រះចន្ទ រ៉ូបូត Yutu-2 បានចល័តក្នុងរយៈចម្ងាយ ១,៤៥៥.២ម៉ែត្រ (ជិត ១.៥គីឡូម៉ែត្រ) ខណៈជើងទម្រ (lander) របស់ Chang’e 4 វិញបានចល័តតាម Yutu-2 ប្រមាណ ៨៦៥.១ម៉ែត្រផងដែរ។ គ្រឿងយន្តទាំងនេះសុទ្ធតែត្រូវការថាមពលពីពន្លឺព្រះអាទិត្យ ដើម្បីដំណើរការ។

រូបភាពថ្មីៗពីផ្ទៃ far side (រូបភាពពី CNSA)

តាមរយៈរូបភាពថ្មីៗនេះ គេបានឃើញស្នាមកង់របស់ Yutu-2 នៅលើផ្ទៃពណ៌ប្រផេះរបស់ព្រះចន្ទ ហើយក៏មានរណ្តៅ (Crater) ព្រមទាំងដុំថ្មមួយចំនួនផងដែរ។ កាមេរ៉ាលើរ៉ូបូតនេះ ក៏បានផ្តិតរូបភាពជាលក្ខណៈ panorama (រូបវែង) ថែមទៀត។

(រូបភាពពី CNSA)

គួរបញ្ជាក់ថា Yutu-2 ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រចិនអភិវឌ្ឍឡើង ដើម្បីឲ្យវាអាចធ្វើបេសកកម្មលើផ្ទៃ far side របស់ព្រះចន្ទតែក្នុងរយៈពេល ៣ខែប៉ុណ្ណោះ (នៃពេលវេលាលើផែនដី) ប៉ុន្តែវានៅតែអាចបន្តប្រតិបត្តិការបានរហូតដល់ជាង ៤ឆ្នាំទៅហើយ។ គិតត្រឹមពេលនេះ ទិន្នន័យទូទៅសរុប ៩៤០.១ GB ហើយត្រូវបាន Yutu-2 ប្រមូលទុក៕

ទីតាំងដែល Yutu-2 ស្ថិតនៅ (រូបភាពពី NASA)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ CGTN/CNSA (ថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣)

480×240 Banner