ចាប់បានរលកសញ្ញា (Radio Signal) មកពីកាឡាក់ស៊ីដ៏សែនឆ្ងាយមួយ…

4,470

(បរទេស)៖ ក្រុមតារាវិទូទើបសម្រេចបាននូវស្នាដៃថ្មី និងអស្ចារ្យបំផុតមួយប្រចាំដើមឆ្នាំ ២០២៣នេះ ដោយការចាប់បានរលកសញ្ញា (radio signal) មួយ មានប្រភពមកពីកាឡាក់ស៊ីដ៏សែនឆ្ងាយ ហើយវាក៏កំពុងក្លាយជាគន្លឹះថ្មី សម្រាប់ឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការសិក្សាអំពីការចាប់កំណើតនៃចក្រវាល (Universe) ដែលត្រូវបានគេអះអាងថា មានអាយុកាល ១៣.៨ពាន់លានឆ្នាំនេះផងដែរ។

(រូបភាពពីបរទេស)

រលកសញ្ញាខាងលើនេះ ត្រូវបានចាត់ទុកថាពិសេស និងស្ថិតក្នុងប្រវែងរលកវែង ដ៏គួរឲ្យកត់សម្គាល់ ដែលត្រូវបានក្រុមតារាវិទូដាក់ឈ្មោះឲ្យថា “21-centimeter line”“hydrogen line” ហើយវាត្រូវបានបញ្ចេញដោយបណ្តុំអាតូមអ៊ីដ្រូសែនណឺត (neutral hydrogen atoms)។ តាមការវាស់ស្ទង់ hydrogen line មួយនេះត្រូវបានបញ្ចេញដោយកាឡាក់ស៊ីដ៏សែនឆ្ងាយមួយ នៅក្រោយពេលដែលចក្រវាលទើបចាប់កំណើត បានប៉ុន្មានពាន់លានឆ្នាំ និងជាប់ឈ្មោះជា «រលកសញ្ញាដែលធ្វើដំណើរបានឆ្ងាយបំផុតមកដល់ផែនដី»

ចាប់បានរលកសញ្ញា (Radio Signal) មកពីកាឡាក់ស៊ីដ៏សែនឆ្ងាយមួយ…
(Image credit: National Centre for Radio Astrophysics)

Hydrogen line ត្រូវបានចាប់យកដោយតេឡេស្កូប Giant Metrewave Radio Telescope ស្ថិតនៅក្នុងប្រទេសឥណ្ឌា ហើយវាត្រូវបានគេអះអាងថា បានជះចេញពីកាឡាក់ស៊ីមួយឈ្មោះ SDSSJ0826+5630 នៅពេលដែលចក្រវាលទើបមានអាយុ ៤.៩ពាន់លានឆ្នាំ ឬដែលមានន័យថា វាស្ថិតនៅចម្ងាយ ៨.៨ពាន់លានឆ្នាំពន្លឺពីភពផែនដី។ នេះបើតាមការបញ្ជាក់ពីអ្នកជំនាញ នៃសាកលវិទ្យាល័យ McGill ប្រទេសកាណាដា។

គួរបញ្ជាក់ថា កាឡាក់ស៊ីនានាតែងតែបញ្ចេញនូវ រលកវិទ្យុសកម្មអេឡិចត្រូម៉ាញេទិច (electromagnetic radiation) ពន្លឺ (light) ទៅកាន់ទីអវកាសនៅជុំវិញពួកវា ក្នុងទម្រង់ជាប្រវែងរលកវិទ្យុ (radio wavelengths) ទូលាយ ប៉ុន្តែសម្រាប់រលកសញ្ញា radio ដែលមានប្រវែងរលកដល់ទៅ ២១សង់ទីម៉ែត្រ ដូចខាងលើនេះ គឺធ្លាប់តែត្រូវបានប្រទះឃើញមកពី ពពួកកាឡាក់ស៊ីនៅជិតៗយើងប៉ុណ្ណោះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣)

480×240 Banner