James Webb ថតបានបណ្តុំពពកម៉ូលេគុល «ត្រជាក់បំផុត» នៅក្នុងទីអវកាស

476

(បរទេស)៖ គ្មានជាតិស្ករ ឬហិរអ្វីឡើយ តែក្នុងទីកន្លែងនោះសុទ្ធតែធាតុកកទាំងអស់។ នៅក្នុងរូបភាពថ្មីថតដោយ James Webb នេះ គឺជាបណ្តុំពពកម៉ូលេគុល (molecular cloud) ដែលជាទីចាប់កំណើតរបស់ផ្កាយ និងភពថ្មីៗ ព្រមទាំងជីវិតនៅថ្ងៃអនាគត ហើយតេឡេស្កូបអវកាសរបស់អង្គការ NASA ESA និង CSA នេះ ក៏បានឆ្លុះឃើញធាតុផ្សំនានាដែលកំពុងកក (icy ingredients) នៅទីនោះផងដែរ។

បណ្តុំម៉ូលេគុលកំពុងកកទាំងនោះមានផ្ទុកសារធាតុដូចជា កាបូនឌីអុកស៊ីត (carbon dioxide), អាម៉ូញាក់ (ammonia) និងមេតាន (methane) ជាដើម ដែលសុទ្ធសឹងនឹងក្លាយជា សារធាតុជួយបង្កើតជីវិតនៅថ្ងៃអនាគត។ នៅក្នុងបណ្តុំពពកម៉ូលេគុល ដែល James Webb ទើបថតបាននេះ គឺពិតជាត្រជាក់ខ្លាំងបំផុត ព្រោះមិនត្រឹមតែទឹកទេដែលត្រូវកក ដោយសូម្បីតែសារធាតុគីមីផ្សេងៗទៀត ក៏ត្រូវបានបង្កកនៅក្នុងកម្ទេចធូលី នៃបណ្តុំពពកនោះដែរ។

James Webb ថតបានបណ្តុំពពកម៉ូលេគុល «ត្រជាក់បំផុត» នៅក្នុងទីអវកាស
បណ្តុំពពកម៉ូលេគុល Chamaeleon I ថតដោយ James Webb (រូបភាពពី៖ NASA, ESA, CSA, and M. Zamani (ESA). Science: M. K. McClure (Leiden Observatory), F. Sun (Steward Observatory), Z. Smith (Open University), and the Ice Age ERS Team)

តាមរយៈទិន្នន័យបានមកពីតំបន់ពពកម៉ូលេគុលឈ្មោះ Chamaeleon I ដែលមានចម្ងាយ ៥០០ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉៉ែត្រ) ពីផែនដីមួយនេះ ក្រុមការងារគ្រប់គ្រង James Webb អាចបង្ហាញជាលើកដំបូងថា «បណ្តុំម៉ូលេគុលដែលស្មុគស្មាញជាង មេតាណុល (CH3OH) ទៅទៀតនោះ អាចកកើតឡើងនៅក្នុងជម្រៅដ៏ជ្រៅ នៃបណ្តុំពពកម៉ូលេគុលកក មុននឹងផ្កាយនានាចាប់កំណើតឡើង»

* តើក្រុមអ្នកវិទ្យាសាស្ត្រអាចវែករកមើល សារធាតុសំខាន់ៗ នៅក្នុងបណ្តុំពពកម៉ូលេគុល ខាងលើនេះបានយ៉ាងដូច្នេះ?

តាមរយៈឧបករណ៍ផ្តិតយកពន្លឺក្រហមអាំងហ្វ្រាជិត (NIRCam) របស់ James Webb ក្រុមអ្នកវិទ្យាសាស្ត្រអាចសិក្សាអំពី ទម្រង់នៃពន្លឺរបស់ផ្កាយនានា ដែលស្ថិតនៅពីក្រោយ (background) ហើយត្រូវបានស្រូបយកពេលឆ្លងកាត់បណ្តុំពពកម៉ូលេគុល Chamaeleon I ដ៏ត្រជាក់បំផុតនោះ។ ការឆ្លងកាត់នៃពន្លឺផ្កាយទាំងនោះ បានបន្សល់ទុកដាននៃសារធាតុគីមី (chemical fingerprints) ឬ ខ្សែបន្ទាត់នៃការស្រូបយក (absorption lines) ហើយនៅពេលយកទ្រង់ពន្លឺទាំងនោះទៅពិនិត្យក្នុងមន្ទីរពិសោធន៍ ពួកគេនឹងអាចដឹងអំពីប្រភេទនៃម៉ូលេគុលទាំងនោះបាន។

(រូបភាពពី៖ NASA, ESA, CSA, and M. Zamani (ESA). Science: M. K. McClure (Leiden Observatory), F. Sun (Steward Observatory), Z. Smith (Open University), and the Ice Age ERS Team)

គួរបញ្ជាក់ថា ការសិក្សាបណ្តុំពពកម៉ូលេគុលខាងលើនេះ ស្ថិតក្នុងការគោលដៅស្វែងយល់ជាក់ស្តែងអំពី ដំណើរទៅរកការកកើតផ្កាយ និងភព នៅពេលដែលធាតុគីមីទ្រទ្រង់ប្រតិកម្មឈានដល់កម្រិតគ្រប់គ្រាន់ ហើយធាតុគីមីផ្សំទាំងអស់នោះ ក៏ត្រូវបានគេហៅជាចង្កោមថា CHONS ផងដែរ។ ការសិក្សាស្ថិតក្រោមគម្រោងឈ្មោះ Ice Age ខាងលើនេះ ស្ថិតក្នុងចំណោមគោលដៅដំបូងៗទាំង ១៣ របស់ James Webb ហើយវាកំពុងដឹកនាំដោយ ក្រុមការងារនៃមន្ទីរពិសោធន៍ Leiden Observatory នៃប្រទេសហូឡង់៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២២)

480×240 Banner