រកឃើញកម្ទេច «ដុំថ្មអវកាសធំបំផុត» នៅទ្វីបទឹកកកអង់តាកទិក
(បរទេស)៖ នៅក្នុងខែមករា ឆ្នាំ២០២៣ នេះ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ ដែលកំពុងបោះមូលដ្ឋាននៅលើ ទ្វីបទឹកកកអង់តាកទិក (Antarctica) នៃប៉ូលខាងត្បូងភពផែនដី បានប្រទះឃើញកម្ទេច ដុំថ្មអវកាស (meteorite) ធំបំផុតមួយ ដែលមិនធ្លាប់ត្រូវបានជួបប្រទះកន្លងមក ហើយវាមានទម្ងន់ដល់ទៅ ៦.៧គីឡូក្រាមឯណោះ។

អ្នកស្រាវជ្រាវមួយរូបឈ្មោះ Maria Valdes មកពីសារមន្ទីរ Field នៃសាកលវិទ្យាល័យ Chicago សហរដ្ឋអាមេរិកបានលើកឡើងថា «ទំហំមិនមែនជាអ្វីដែលយើងត្រូវគិតគូរខ្លាំង ចំពោះប្រភេទដុំថ្មអវកាសនោះ (meteorite) នោះឡើយ ព្រោះសូម្បីតែកម្ទេចថ្មតូចៗ ក៏មានតម្លៃខ្លាំងបំផុតដល់ការសិក្សាស្រាវជ្រាវដែរ។ ប៉ុន្តែអ្វីដែលជាការពិត ការរកឃើញដុំថ្មអវកាសធំដូចមួយនេះគឺជាពិតជាកម្រ និងគួរឲ្យរំភើបខ្លាំងណាស់»។

ក្រុមអ្នកវិទ្យាសាស្ត្របានពន្យល់ថា ការសិក្សាលើដុំថ្មអវកាសទាំងនោះ នឹងអាចឲ្យយើងយល់ដឹងកាន់តែច្បាស់ អំពីវវត្តមានរបស់យើងនៅក្នុងចក្រវាលនេះ។ ដុំថ្មអវកាសកាន់តែធំ នោះក៏អាចមានបង្កប់នូវអាថ៌កំបាំងកាន់តែច្រើន អំពីប្រព័ន្ធព្រះអាទិត្យនេះ ហើយក៏អាចធ្វើឲ្យយើងយល់ដឹងអំពីខ្លួនឯងកាន់តែទូលំទូលាយផងដែរ។

គួរបញ្ជាក់តាមលោកស្រី Maria Valdes ថា ដុំថ្មអវកាសខាងលើនេះ គឺស្ថិតក្នុងចំណោមដុំថ្មអវកាសធំៗបំផុតទាំង ១០០ដុំ នៃដុំអវកាសសរុប ៤៥,០០០ដុំ ដែលត្រូវបានប្រទះឃើញលើទ្វីបអង់តាកទិក ក្នុងអំលុងពេល ១០០ឆ្នាំចុងក្រោយនេះ។ ដុំថ្មអវកាស (meteorite) គឺអាចជាដុំថ្ម ឬវត្ថុរឹងផ្សេងទៀត ដែលមានប្រភពមកពីទីអវកាស ហើយធ្លាក់មកលើផ្ទៃផែនដី៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Forbes (ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣)