ភព៤រេរាំជុំវិញផ្កាយ១ដួង ត្រូវបានអង្កេត១២ឆ្នាំ ហើយបង្កើតចេញជាវីដេអូ timelapse

398

(បរទេស)៖ វីដេអូបែបពន្លឿន (timelapse) មួយឃ្លីបត្រូវបានបង្កើតឡើងក្រោយពីការថត និងប្រមូលផ្តុំទិន្នន័យអស់រយៈពេល ១២ឆ្នាំ ទៅលើប្រព័ន្ធផ្កាយមួយឈ្មោះ HR8799 ដែលមានភព exoplanet រហូតដល់ទៅកំពុងគោចរជុំវិញវា ហើយផ្កាយនោះក៏ស្ថិតនៅមិនឆ្ងាយពី ប្រព័ន្ធព្រះអាទិត្យយើងប៉ុន្មានដែរ។

ភពទាំង របស់ផ្កាយ HR8799 នោះគឺ HR8799 b, c, d និង e សុទ្ធតែមានម៉ាសប្រហាក់ប្រហែលនឹងភពព្រហស្បតិ៍ (Jupiter) របស់យើងតែម្តង។ ជុំវិញព័ត៌មាននេះ លោក Jason Wang តារាវិទូមកពីសាកលវិទ្យាល័យ Northwestern នៃសហរដ្ឋអាមេរិកបានថ្លែងថា ការបញ្ចេញវីដេអូថ្មីមួយនេះ គឺស្ថិតក្នុងគោលដៅឲ្យមហាជនយល់ដឹងកាន់តែច្បាស់ អំពីដំណើរគោចរដ៏វែងឆ្ងាយរបស់ពពួកភព exoplanet ធំៗបែបនោះ។

ប្រព័ន្ធផ្កាយ HR8799 (រូបភាពពី ESA)

លោក Wang បានគូសបញ្ជាក់បន្ថែមបែបនេះ៖ «វីដេអូមួយនេះបង្ហាញអំពីភពទាំងនេះ ចល័តនៅក្នុងពេលវេលាមួយ នៃជីវិតមនុស្ស។ ខ្ញុំសង្ឃឹមថា វីដេអូនេះនឹងផ្តល់ឲ្យគ្រប់គ្នានូវភាពសប្បាយរីករាយ ចំពោះអ្វីមួយដែលអស្ចារ្យ។ នៅក្នុងធាតុពិតជាក់ស្តែង ភពនៅកៀកផ្កាយ HR8799 ជាងគេប្រើប្រាស់ពេល ៤៥ឆ្នាំ (នៃពេលវេលាលើផែនដី) ដើម្បីគោចរជុំវិញផ្កាមេវាមួយជុំ ហើយភពឆ្ងាយជាងគេវិញប្រើប្រាស់ពេលរហូតដល់ទៅ ៥០០ឆ្នាំឯណោះ ដើម្បីគោចរជុំវិញផ្កាយមេវាមួយជុំដែរ»

ភព៤រេរាំជុំវិញផ្កាយ១ដួង ត្រូវបានអង្កេត១២ឆ្នាំ ហើយបង្កើតចេញជាវីដេអូ timelapse
(រូបភាពពីបរទេស)

HR8799 មានម៉ាសធំជាងព្រះអាទិត្យយើង ១.៥ដង និងស្ថិតនៅចម្ងាយ ១៣៣ឆ្នាំពន្លឺពីយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយយើងអាចរកឃើញវានៅក្នុងតារានិករ Pegasus លើផ្ទៃមេឃភពផែនដី (ជាការប្រៀបធៀប ប្រព័ន្ធផ្កាយ Alpha Centauri ដែលស្ថិតនៅក្បែរប្រព័ន្ធព្រះអាទិត្យយើង ជាងគេបំផុតនោះ គឺមានចម្ងាយតែ ៤.៤ឆ្នាំពន្លឺពីយើងប៉ុណ្ណោះ)។ ទោះបីជាមានម៉ាសធំជាងព្រះអាទិត្យ ១.៥ដង តែពន្លឺរបស់ MR8799 ភ្លឺខ្លាំងជាងព្រះអាទិត្យយើងរហូតដល់ទៅ ៥ដងឯណោះ។

មន្ទីរអង្កេតតារា Keck Observatory នៅហាវ៉ៃ (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ផ្កាយ HR8799 មានអាយុត្រឹមតែ ៣០លានឆ្នាំប៉ុណ្ណោះ ដែលនេះជាកម្រិតអាយុក្មេងណាស់ បើធៀបនឹងព្រះអាទិត្យដែលមានអាយុ ៤.៥ពាន់លានឆ្នាំនោះ។ បើគិតពីវដ្តនៃអាយុផ្កាយក្នុងកាឡាក់ស៊ីនេះ ព្រះអាទិត្យយើងត្រូវបានចាត់បញ្ចូលក្នុងវ័យពាក់កណ្តាលជីវិត ខណៈ HR8799 កំពុងស្ថិតក្នុងវ័យក្មេង ឬកុមារភាព។ បន្ថែមពីនេះ HR8799 គឺជាប្រព័ន្ធផ្កាយដំបូងបំផុត ដែលភពនានារបស់វាត្រូវបានផ្តិតយក រូបភាព-វីដេអូ ពិតៗជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៨ ដោយតេឡេស្កូបនៃមន្ទីរអង្កេតតារា Keck Observatory ស្ថិតលើភ្នំ Maunakea នៃរដ្ឋហាវ៉ៃ (Hawaii) សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/Northwestern University (ថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣)

480×240 Banner