NASA ទើបរកឃើញអាចម៍ផ្កាយតូច១ (មានឱកាសបុកផែនដី ១/៦២៥) ចំថ្ងៃ Valentine’s day ឆ្នាំ២០៤៦ (មានវីដេអូ)

1,339

(បរទេស)៖ អង្គការ NASA ទើបបានរកឃើញអាចម៍ផ្កាយខ្នាតតូចមួយដុំ ដែលមានមុខកាត់ប្រមាណ ៥០ម៉ែត្រ នៅក្នុងខែមីនា ឆ្នាំ២០២៣នេះ ហើយវាត្រូវបានគេគណនាថា នឹងហោះមកកៀកភពផែនដីជាទីបំផុត នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០៤៦ និងអាចមានឱកាសបុកភពផែនដីក្នុងភាគរយ ១/៦២៥ ផងដែរ (ឬ ៩៩.៨២% មិនបុក)។ ប៉ុន្តែទោះបីនេះជាភាគរយដ៏តិចតួចស្តួចស្តើងបំផុតក្តី ក៏គន្លងគោចរនៃអាចម៍ផ្កាយនេះ មិនគួរត្រូវបានមើលរំលងជាដាច់ខាត។

យោងតាមការិយាល័យសម្របសម្រួលផ្នែកការពារភពរបស់អង្គការ NASA បានឲ្យដឹងថា អាចម៍ផ្កាយថ្មីឈ្មោះ 2023 DW មួយដុំនេះ បានទទួលការអង្កេត និងគណនាយ៉ាងដិតដល់ជាប្រចាំថ្ងៃ ទើបក្រុមការងារនេះអាចសន្មត់អំពីឥរិយាបថនៃគន្លងធ្វើដំណើរ និងពេលវេលាជាក់ដែលវានឹងគោចរមកកៀកផែនដី នៅរយៈពេលជាង ២០ឆ្នាំទៀត ខណៈបច្ចុប្បន្នវាកំពុងស្ថិតនៅចម្ងាយ ១៨លានគីឡូម៉ែត្រពីផែនដី។។

(រូបភាពពីបរទេស)

យ៉ាងណាក៏ដោយ ក្រុមជំនាញ NASA បានសង្កត់ធ្ងន់ថា វានឹងមិនមែនជាឱកាសដ៏គួរឲ្យរន្ធត់ដូចកាលពីជំនាន់ដាយណូស័រ ៦៦លានឆ្នាំមុននោះឡើយ ខណៈកាលណោះអាចម៍មានមុខកាត់រហូតដល់ទៅ ១២គីឡូម៉ែត្រឯណោះ បានបុកចំភពផែនដី និងបង្កឲ្យជីវិតលើផែនដីជាង ៧០% ត្រូវវិនាស។ សម្រាប់អាចម៍ផ្កាយ 2023 DW ដែលមានមុខកាត់ ៥០ម៉ែត្រនោះ គឺប៉ុននឹងអាងហែលទឹកខ្នាតធំមួយប៉ុណ្ណោះ។

NASA ទើបរកឃើញអាចម៍ផ្កាយតូច១ (មានឱកាសបុកផែនដី ១/៦២៥) ចំថ្ងៃ Valentine’s day ឆ្នាំ២០៤៦!
រូបតំណាងឲ្យអាចម៍ផ្កាយ 2023 DW (រូបភាពពីបរទេស)

ទោះជាបែបនេះក្តី យើងក៏មិនត្រូវមើលងាយវាពេកនោះដែរ ព្រោះប្រសិនបើ 2023 DW ធ្លាក់ចំទីប្រជុំជនណាមួយដែលមានមនុស្សរស់នៅកកុញនោះ រឿងរ៉ាវប្រាកដជា…។ បទពិសោធន៍ក្តៅៗជាក់ស្តែង គឺអាចម៍ផ្កាយ Chelyabinsk ដែលបានវាយប្រហារប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០១៣ និងបង្កឲ្យមនុស្ស ១,៥០០នាក់រងរបួស និងអគារជាច្រើនរងភាពខ្ទេចខ្ទាំនោះ មានមុខកាត់ស្មើនឹងតែជិតពាក់កណ្តាលរបស់ អាចម៍ផ្កាយ 2023 DW នេះប៉ុណ្ណោះ។ អង្គការ NASA នៅសល់ពេលយូរអង្វែងទៀត ដើម្បីបន្តអង្កេតលទ្ធភាពអាចបង្កគ្រោះថ្នាក់ ដោយអាចម៍ផ្កាយមួយនេះ៕ ទស្សនាវីដេអូព្យាករណ៍ខាងក្រោម៖

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣

480×240 Banner