តេឡេស្កូបឆ្លុះចក្រវាល (Dark Universe) នឹងត្រូវដាក់ពង្រាយលើផ្នែកមួយនៃព្រះចន្ទ!
(បរទេស)៖ ពីរទៅបីឆ្នាំខាងមុខទៀតនេះ តេឡេស្កូបចាប់រលកសញ្ញាវិទ្យុតូចមួយ នឹងត្រូវដាក់ពង្រាយនៅផ្នែក Far Side នៃព្រះចន្ទ (ផ្នែកដែលមិនបែរមករកផែនដី) ដែលនឹងអាចជួយក្រុមអ្នកវិទ្យាសាស្ត្រឱ្យពិនិត្យមើល យុគខ្មៅងងឹត (Dark Age) របស់ចក្រវាលមួយនេះ។
ឧបករណ៍ពង្រាយលើផ្ទៃព្រះចន្ទដែលហៅថា Lunar Surface Electromagnetics Experiment-Night (LuSEE-Night) គឺជាតេឡេស្កូបស្វែងរកទិសដៅ ដែលត្រូវបានបង្កើតឡើង ក្រោមកិច្ចសហការរវាងមន្ទីរពិសោធន៍ជាតិ Brookhaven និង Lawrence Berkeley នៃក្រសួងថាមពលសហរដ្ឋអាមេរិក រួមនិងមន្ទីរពិសោធន៍ផ្នែកវិទ្យាសាស្ត្រអវកាស នៅសាកលវិទ្យាល័យ Berkeley រដ្ឋ California និងអង្គការ NASA។
គេគ្រោងដាក់ពង្រាយ លូស៊ី-ណៃត៍ (LuSEE-Night) ឱ្យដំណើរការនៅលើផ្ទៃព្រះចន្ទ តាមរយៈការបញ្ជូនទៅដោយគ្រឿងយន្តជាជើងទម្រចុះចត (lander) មួយគ្រឿងនៅចុងឆ្នាំ ២០២៥។ បន្ទាប់ពីវាត្រូវបានដាក់ពង្រាយលើផ្នែក Far Side របស់ព្រះចន្ទ បេសកកម្មខាងលើនេះនឹងព្យាយាមការវាស់វែងជាលើកដំបូង ទៅលើយុគងងឹតនានា (Dark Ages) របស់ចក្រវាល ដែលនឹងមានប្រយោជន៍ដល់ការសិក្សាអំពីការកកើតនៃចក្រវាលទាំងមូល។
យុគ Dark Ages របស់ចក្រវាល គឺចង់សំដៅទៅលើខណៈពេលដំបូងៗនៃចក្រវាល (ចន្លោះពី ៤០០,០០០ឆ្នាំ – ៤០០លានឆ្នាំ បន្ទាប់ពីព្រឹត្តិការណ៍បន្ទុះ Big Bang) ដែលជាពេលផ្កាយ និងកាឡាក់ស៊ីនានាទើបចាប់ផ្តើមកកើតរូបរាងពេញលេញ។ នៅផ្នែក Far Side របស់ព្រះចន្ទ តែងតែត្រូវបានចាត់ទុកជាទីតាំងប្រពៃបំផុត ក្នុងការស្រាវជ្រាវចក្រវាល ហើយ LuSEE-Night នឹងប្រើប្រាស់អង់តែន និងឧបករណ៍ចាប់រលកសញ្ញាវិទ្យុរបស់វា ដើម្បីចាប់យកតំរុយដ៏ស្រាលនៃ Dark Ages ដែលក្រុមអ្នកវិទ្យាសាស្ត្រហៅថា សញ្ញានៃយុគងងឹត (Dark Ages Signal)។
គួរបញ្ជាក់ថា ផ្នែក Far Side របស់ព្រះចន្ទ គឺជាផ្នែកដែលមិនបែររកផែនដីនោះទេ ហើយក៏តែងជួបភាពងងឹត ១៤ថ្ងៃ និងភ្លឺ ១៤ថ្ងៃ (នៃពេលវេលាផែនដី) ដូចផ្នែក Near Side ដែលបែរមករកផែនដីដែរ។ ហេតុដូច្នេះការផលិតតេឡេស្កូប ឬឧបករណ៍វិទ្យាសាស្ត្រផ្សេងៗ ឲ្យដំណើរការនៅផ្នែកនោះ ព្រមទាំងធ្វើការបញ្ជា និងបញ្ជូនទិន្នន័យរវាងភពផែនដី គឺនឹងត្រូវការបច្ចេកវិទ្យាសាស្ត្រដ៏ស្មុគស្មាញ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣)